ជន​អន្តោប្រវេសន៍ ​ខុសច្បាប់ ជាង​៣​ពាន់​​នាក់ ​ហើយបាន​​​បណ្តេញ​​ចេញ​​ពីកម្ពុជា

នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍ បាន​មាន​ប្រសាសន៍​​ថា ចាប់តាំង​ពី​បង្កើត​​អគ្គនាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍ មករហូត​មកដល់​ពេល នេះមាន​ជនបរ​ទេស​ អន្តោ​ប្រវេសន៍​​ខុសច្បាប់​ចម្រុះ​​ជាតិ​​សាសន៍ ជាង ៣​ពាន់​​នាក់ ត្រូវបាន ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ជន​ជាតិ​​វៀតណាម។

1ប៉ុន្តែសម្រាប់​រយៈ​ពេល​៧​ខែ​​ដើមឆ្នាំ​​២០១៥​​នេះ បាន​រក​ឃើញ​​ជនអន្តោ​ប្រវេសន៍​​ខុសច្បាប់​​ចំនួន ១.៥២៨​​នាក់ ស្រី ៤២​នាក់ ហើយក៏​​បានធ្វើ​ការ​បណ្តេញ​​ចេញពី​​ប្រទេស​​កម្ពុជា​​ផងដែរ​។  នាយឧត្តម​សេនីយ៍ សុខ ផល បានលើក​ឡើងនៅ​ក្នុង​​ពិធី​ផ្ស​ព្វ​ផ្សាយ​​ការបន្ត​​អនុវត្ត​​ការងារ​​គ្រប់គ្រង​​ជនបរទេស​​អន្តោ​ប្រវេសន៍ ក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ និង​ការ​ចុះអនុវត្ត​​របស់​​ក្រុម​ការងារ​​ចម្រុះ​ គ្រប់គ្រង​​ជន​បរទេស​ អន្តោ​ប្រវេសន៍​ ក្នុង​​រាជ​ធានី​-​​ខេត្ត កាលពី​​​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​​២០១៥ នៅ​សាល​ប្រជុំ​​សាលា​​ខេត្ត​កណ្តាល​​ បន្តទៀត​ថា «ការបណ្តេញ​ចេញ​នេះ​ យើង​​អនុវត្ត​​តាមច្បាប់​​អន្តោ​ប្រវេសន៍​​របស់​​កម្ពុ​ជា​ ដោយ​​ប្រកាន់​​ភ្ជាប់​នូវ​​គោល​ការ​​សិទ្ធមនុស្ស និង​មនុស្ស​ធម៌​ហើយ គ្រប់ពេល​​បណ្តេញ​​ចេញទៅ​​ក្រៅប្រទេស គឺមាន​​ការសហការ​​ជា​មួយ​​បណ្តាល​​កុងស៊ុល​​គ្រប់​ស្ថាន​ទូត​​ទាំងអស់ ភាគច្រើន​​ជា​ជនជាតិ​​វៀតណាម​​»។

ដោយឡែក​ចំពោះ​បញ្ហា​​ពលករ​​បរទេស ​ដែល​ចូលមក​​បំពេញ​ការងារ​ក្នុងប្រទេស​​កម្ពុជា​ លោកនាយ​ឧត្តម​សេនីយ៍ សុខ ផលបាន​បញ្ជាក់​ថា « ត្រូវមាន​​លិខិត​ឆ្លងដែន ទិដ្ឋាការ និង​ប័ណ្ណ​​ការងារ​​ដែល​ចេញ​​ដោយ​​ក្រសួង​​ការងារ​។ បើ​គ្មាន​​ឯកសារ​​ទាំង​៣​នេះ​ទេ​​នឹងធ្វើ​ការ​ផាកពិន័យ​​ជា​ថវិកា​​ទៅតាម​​ច្បាប់​ អន្តោ​ប្រវេសន៍ បើ​ជន​​នោះ​នៅ​តែ​រឹងទទឹង​​គេចវេស​​ពី​ការផាក​ពិន័យ​​ប្រឈម​មុខ​នឹង​​ការបណ្តេញ​ចេញ ហើយ​អាច​​ឈានដល់​​ដាក់​ពន្ធនាគារ​​បណ្តោះ​អាសន្ន »។

លោកបានណៃនាំថា ក្នុង​គោល​ដៅ​គ្រប់​គ្រង​ជន​បរទេស ​អន្តោ​ប្រវេសន៍ ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដោយ​​ខុស​ច្បាប់ ​ឲ្យ​មាន​​ប្រសិទ្ធភាព​​ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​​សេនីយ៍ សុខ ផល អគ្គនា​យក នៃ​អគ្គនាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍ បាន​ស្នើ​ឲ្យ​កង​កម្លាំង​​នគរបាល នៅ​ស្នង​ការដ្ឋាន អធិការ​ដ្ឋាន និង​ប៉ុស្តិ៍​​រដ្ឋបាល សហការ​​ជាមួយ​​អាជ្ញាធរ រួមគ្នា​​អនុវត្ត​​ច្បាប់​​អន្តោ​ប្រវេសន៍​​កម្ពុជា ឲ្យ​បាន​​ម៉ឺងម៉ាត់ តែ​​ទន់​ភ្លន់ គោរព​​សិទ្ធ​មនុស្ស និង​មាន​​មនុស្ស​ធម៌​ទៅ​លើ​ជនបរ​ទេស​​អន្តោ​ប្រវេសន៍ និង​​ពលករ​​បរទេស ដែល​ចូល​មក​ស្នាក់​នៅ​ធ្វើការ​​ក្នុងប្រទេស​​កម្ពុជា​​ដោយ​ខុស​ច្បាប់​។​

យោងតាម​ របាយ​ការណ៍ ​របស់​លោក​ឧ​ត្ត​ម​​សេនីយ៍​​ត្រី អ៊ា​វ ចំរើន ស្នងការ​​នគរបាល​​ខេត្ត ​បាន​​បង្ហាញ​ថា ការ​ជំរឿន​​ជនបរ​ទេស​​អន្តោ​ប្រវេសន៍ ​នៅ​ខេត្ត​កណ្តាល ក្នុង​ឆ្នាំ​​២០១៤​ កន្លងទៅ​​មាន​ចំនួន​​ពីរ​សញ្ជាតិ មាន ៤.៣០១​​គ្រួសារ ស្មើ​នឹង ២២.៧៩០​​នាក់ ក្នុងនោះ​​ស្រី​ចំនួន ១១.២៤៥​​នាក់ ជនជាតិ​​ថៃ​ម្នាក់ ក្រៅពីនេះ​​សុទ្ធសឹង​​ជា​ជន​ជាតិ​វៀត​ណាម​។ ចំពោះ​​ការប្រើ​ប្រាស់​​ឯក​សារ​មិន​​ប្រក្រតី​ មាន​សៀវ​ភៅ​ស្នាក់ នៅ​ចំនួន ៣.៧៩៩​​គ្រួសារ សំបុត្រ​កំណើត ៣៨៣​សន្លឹក លិខិត​ឆ្លងដែន​​ខ្មែរ ១១​ក្បាល​ សៀវ​ភៅ​គ្រួសារ ៣៣​​ក្បាល អត្ត​សញ្ញាណ​​ប័ណ្ណ​ខ្មែរ ១.១២៤​​សន្លឹក ប័ណ្ណបោះ​ឆ្នោត ៥.២២៩​​សន្លឹក ប័ណ្ណ​​សមាគម ៥៥៨​​​សន្លឹក​​។ ដោយឡែក​​ការទប់​ស្កាត់​ចាប់​បញ្ជូន​​ជនបរ​ទេស​ ស្នាក់នៅ​​ខុសច្បាប់​​មាន​ចំនួន​​៤​ សញ្ជាតិ​​ស្មើ​៤០​​នាក់ ស្រី​៨​​នាក់ រួម​មាន​​ជនជាតិ​​វៀតណាម ស្គ​ត់ឡែ​ន ហ្វាំ​ង​ឡង់ និង​អ៊ីតាលី​។

ចំពោះ​ការងារ​ត្រួតពិនិត្យ​​ហត្ថ​ពលករ​​បរទេស​ បាន​ធ្វើ​​នៅតាម​​រោងចក្រ សហ​គ្រាស ៥១​​គោល​ដៅ រកឃើញ​​ពលករ​​បរទេស​​ចំនួន ៧០២​​នាក់ ស្រី ២៤៧​​នាក់ ចំនួន ១១​​សញ្ជាតិ និង​ធ្វើ​ការ​ផាក​ពិន័យ​​ចំនួន ៦៣​នាក់ ស្មើ​នឹង ៣១​​លាន​៥០​​ម៉ឺន​រៀល​ ហើយ​​ថវិកា​​ផាកពិន័យ​​នេះ​ប្រគល់​ជូន​ក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​។  ការអនុវត្ត​​ច្បាប់​​អន្តោ​ប្រវេសន៍​​ត្រួតពិនិត្យ​​ជន​បរទេស​​នៅក្នុង​​ខេត្ត​កណ្តាល ក៏​ជួប​​ការលំបាក​​មួយចំនួន​​ដូចជា ជនបរទេស​​បែប​​អន្តោ​ប្រវេសន៍​​ទាំងនោះ ​ផ្លាស់ប្តូរ​​ទីកន្លែង​​ស្នាក់​នៅ​ពី​ខេត្ត ​មួយ​​ទៅ​ខេត្ត​​មួយ​ញឹកញាប់​​ធ្វើ​ឲ្យ​សមត្ថកិច្ច​​មូលដ្ឋាន​​ពិបាក​​គ្រប់គ្រង​។  មួយផ្នែក​​ទៀត​ជន​បរទេស​​បែប​​អន្តោ​ប្រវេសន៍​​មួយ​ចំនួន​​មានការ​​លាក់បាំង​​អំពី​ ឯកសារ​​របស់ខ្លួន និង​ផ្តល់ព័ត៌​មាន​​មិន​ពិត ការងារ​​គ្រប់គ្រង​ជន​បរទេស ​តាម​មូល​ដ្ឋាន​​មាន​ភាព​​ធូរ​លង់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative