រដ្ឋមន្ត្រី​​ការងារ​ មាន​​សុទិដ្ឋិ​និយម​​ថា ​ការប្រជុំ​​រឿង​ប្រាក់​​ឈ្នួល​​កម្មករ​​ឆ្នាំនេះ ​មិន​តាន​តឹង​​ដូច​​ឆ្នាំមុន​

លោក ​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ បាន​​សំដែង​​នូវ​​សុទិដ្ឋិ​និយម​ថា ​ការ​ប្រជុំ​​ពិភាក្សា​​លើ​បញ្ហា​​តំឡើង​​ប្រាក់​​អប្ប​បរមា​ របស់​​កម្មក​រ​ មិនមាន​​ភាព​តាន​តឹង​ដូច​​ឆ្នាំមុន​​ទៀត​ទេ។

3លោក ​អ៊ិត ​សំហេង ​បាន​មាន​ប្រសាសន៍​ប្រាប់​​​អ្នក​​សារពត៌​មាន ​កាលពី​​ថ្ងៃទី១១ សីហា ​ថា «ខ្ញុំ​មាន​​ជំនឿ​​ជឿជាក់​ថា ​កិច្ច​ប្រជុំ​រឿង​​តំឡើង​​ប្រាក់​ឈ្នួល​​ដល់​កម្មករ​​នៅ​ឆ្នាំ​នេះ ​មិនមាន​​ភាព​តាន​តឹង​ដូច​​ឆ្នាំមុន​​នោះទេ ​ដោយ​សារ​​តែ​​យើង​​​មានបទ​ពិសោធន៍​​ជាច្រើន ​កាល​ពី​​ឆ្នាំមុន​ហើយ ​ម្យ៉ាងទៀត​​ភាគីនីមួយ​ៗ មាន​ភាព​ជា​ចាស់ទុំ​ និង​មាន​ការ​យក​យល់​គ្នា​ ទៅវិញទៅមក​​ជាង​មុន​​ក្នុង​ការ​ច​ចារ​»។  លោក​ អ៊ិត ​សំហេង​ បាន​បញ្ជាក់​ថា​ សំរាប់​កិច្ច​ពិភាក្សា​លើ​​ប្រាក់​ឈ្នួល​​អប្បបរមា​​ដល់ក​ម្មក​រ​ នៅ​ឆ្នាំនេះ​​គឺជា​លើក​​ទី១០ហើយ។ ដូចនេះ​​យើង​មានបទ​ពិសោធន៍​​ច្រើន​ក្នុង​ការ​ចចារ​រឿង​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​​ឈ្នួល​អប្ប​បរមា​​នេះ ​លោក​រដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​​បន្តថា ​យើង​បាន​បង្កើត​​នូវ​រូបមន្ត​​ប្រកប​ដោយ​លក្ខណៈ​​វិទ្យាសាស្ត្រ​ ដែល​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​​ពេញ​ចិត្ត នឹង​ទទួលយក​​ហើយ​លក្ខណៈ​វិ​និច្ឆ័យ ​សម្រាប់​​ធ្វើការ​កែ​សម្រួល​​ប្រាក់​ឈ្នួល​​អប្ប​បរមា​​នេះ ត្រូវបាន​សម្រេច​​ប្រើ ប្រាស់​ទិន្ន​ន័យ​​របស់​​វិទ្យាស្ថាន​​ជាតិ​ស្ថិតិ ដោយ​កំណត់​​យក​លក្ខណៈ​វិនិច្ឆ័យ​​បែប​សេដ្ឋកិច្ច​​រួមមាន៖ ផលិត​ភាព ភាព​ប្រកួត​ប្រជែង ស្ថានភាព​​ទីផ្សារ​ការងា​រ និង​កម្រិត​​ចំណេញ​​របស់​​វិស័យ និង​​លក្ខណៈ​ វិនិច្ឆ័យ​​បែប​សង្គម​​រួមមាន៖ ស្ថានភាព​​គ្រួសារ អត្រា​​អតិផរណា និង​ការចំណាយ​​ក្នុងការ​រស់​នៅ សម្រាប់​​ជា​មូលដ្ឋាន​គ្រឹះ​​យក មក​គណនា​​ប្រាក់​ឈ្នួល​​អប្បបរមា។

លោក​រដ្ឋមន្ត្រី​​បាន​បន្ថែម​ទៀតថា ​ជាមួយនេះ​​យើង​បាន​កំណត់​​កាលវិភាគ ​សម្រាប់​​ជា​កាល​បរិច្ឆេទ​​នៃ​ការ​ចាប់ផ្តើម​​ពិភាក្សា​​ប្រាក់​ឈ្នួល​​អប្ប​បរមា​ផ្នែក​​វាយនភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែក​ជើង ដូចខាង​ក្រោម៖ ១-កំណត់​​យក​ខែ​កក្កដា ឆ្នាំ​២០១៥ ជាការ​ចាប់ផ្តើម​​ពិភាក្សា​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ផ្នែក​វាយ​ន​ភ័ណ្ឌ កាត់​ដេរ​​​សម្លៀក​​បំពាក់ និង​ផលិត​​ស្បែកជើង ជា​លក្ខណៈ​​ផ្ទៃក្នុង​របស់​​ភាគី​នីមួយ ២-កំណត់​យក ​ខែ​សីហា ឆ្នាំ​២០១៥ ជាការ​ចាប់​ផ្តើម​ពិភាក្សា​​ប្រាក់​ឈ្នួល​​អប្ប​បរមា​ផ្នែក​​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​​ស្បែក​ជើង ជា​​លក្ខណៈ​​​ទ្វេភាគី ៣-កំណត់​​យក​ខែ​កញ្ញា ឆ្នាំ​២០១៥ ជាការ​​ចាប់ផ្តើម​ពិភាក្សា​​ប្រាក់​ឈ្នួល​​អប្ប​បរមា​​ផ្នែក​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែកជើង ជា​លក្ខណៈ​​ត្រីភាគី​​ និង​ទី៤-កំណត់​​យក​ដើម​ខែ​តុលា ឆ្នាំ២០១៥ បើក​កិច្ច​ប្រជុំ​គណៈ​កម្មការ​​ប្រឹក្សា​​ការងារ ដើម្បី​​សម្រេច​ប្រាក់​​ឈ្នួល​អប្ប​បរមា ផ្នែក​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែកជើង សម្រាប់​​ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ​ ប្រាក់​ឈ្នួល​អប្បបរមា​រ​បស់​បង​ប្អូន​​កម្មករ​ មាន​ចំនួន​១២៨ដុល្លា​​អាមេរិក​ ហើយ​​សំរាប់​ឆ្នាំ​នេះ​គេ​មិន​ទាន់​ដឹង​ថា​តើ​នឹងត្រូវ​​តំឡើង​ប្រាក់​ឈ្នួល​​ដល់​កម្មករ​​ប៉ុន្មាន​​នោះទេ។

ប៉ុន្តែ កាលពីពេលថ្មីៗនេះ​​តំណាង​​សហជីព​​មួយចំនួន បានកំណត់​​ក្នុងការ​​ចា​​តម្លើង​​ប្រាក់ខែ​​គោល​ដល់​​កម្មករ​​ឲ្យ​បាន​​ចំនួន​១៧៧​ដុល្លារ។ ការលើក​ឡើង​របស់​​ស​ហ​ជីព​​ទាំងនេះ​ក៏​មាន​ការគាំ​ទ្រ​ពី​មេគណបក្ស​​សង្គ្រោះ​ជាតិ​​ដែរ។

លោក អ៊ិត សំហេង បាន​ហៅ​​ការឃោសនា​​តម្លើង​ប្រាក់​​ឈ្នួល​សហជីព និងបក្ស​ប្រឆាំង ឲ្យ​ដល់ ១៧៧ ដុល្លា រ​ប​ស់​កម្មករ-​និយោជិត ថា​ជា​​រឿង​ធម្មតា ប៉ុន្តែ​បាន​​ព្រមាន​ថា តែ​កុំ​ធ្វើ​អ្វី​​ហួសហេតុ​​ពេក ​ដែល​នាំ​ឲ្យ​​ប៉ះពាល់​ដល់​​ដំណើរ​ការ​ចចារ ប្រាក់​​ឈ្នួល​​ដែល​ក្រសួង និង តំណាង​​សហជីព ព្រមទាំង​​ភាគី​និយោជក​​កំពុង​​ជជែក​គ្នា។

លោក​រដ្ឋមន្ត្រី​បាន​​បន្ថែមថា ​«រឿង​ដំឡើង​​ប្រាក់​ឈ្នួល​ ជា​រឿង​​មួយ​ហានិភ័យ​ ព្រោះថា​កាល​ណា​ដំឡើង​​ខ្ពស់​ពេក ​ក៏មាន​​ហានិភ័យ​ បើ​អ្នកវិនិយោគ​​មិនអាច​មាន​លទ្ធភាព​​តំឡើង​​បាន ​រោងចក្រ​​ក៏​ដួលរលំ​​ហើយ ​កម្មករ​ក៏​​បាត់បង់​​ការងារ​​ដែរ ​តែបើ​​ទាប​​ពេក​ក៏​មិន​​បាក​ដែរ។  ដូចនេះ​ប្រាក់​​ឈ្នួល​ត្រូវ​​តំឡើង​​ឲ្យ​សម​ស្រប​តាម​ទិដ្ឋភាព​​ជាក់ស្តែង។  យើង​បាន​កំណត់​​រួចហើយ​​នូវ​គោល​ការណ៍​៥ចំណុច ​ក្នុង​ការកំណត់​​ប្រាក់​ឈ្នួល​​នេះ។  អញ្ចឹង​មាន​តែ​អនុវត្ត​​ទៅតាម​នេះ​​ទេ​ ទើប​អាច​​ដោះស្រាយ​​បញ្ហា​នេះ​​បាន។  ការពិត​ទៅ​នរណា​​ក៏​ចង់បាន​ឲ្យ​​កម្មករ​​តំឡើង​ច្រើន​​ដែរ​ តែ​មិនអាច​​ធ្វើ​ទៅដល់​​កំពូល​​តែម្តង​នោះ​ទេ​គឺ​ធ្វើ​ម្តង​​មួយ​ជំហានៗ​ហើយ​អាច​មាន​សុខ​ដុមរមនា»។

ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​​សហ​ជីព​​មួយចំនួន​ ដែល​ទាមទារ​​តំឡើង​ប្រាក់​​ឈ្នួល​កម្មករ​​ដល់ទី​១៧៧​​ដុល្លា​​​នោះ ​លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានធ្វើ​ការ​ចោទ​​សួរថា «តើ​សហជីព​​ដែល​បានលើក​ឡើង​នោះ​ យក​រូបមន្ត​​អ្វី​មក​គិត​​ហើយ​បើ​មាន​រូប​មន្ត​សូម​យក​មក​ពិភាក្សា​ តែបើ​មិន​មាន​ទេ​សូម​​ទៅ​រៀន​គុណ​​លេខ​ម្តងទៀត​​កុំ​ចេះ តែ​ថា​​នោះ​គឺ​មិន​អាច​ទទួល​​បា​ទេ»។  លោក​បាន​បន្ថែម​ថា «ការតំឡើង​​ប្រាក់​ឈ្នួល​​កម្មករ​ ត្រូវធ្វើ​​ទៅតាម​​រូបមន្ត​ដែល​​បានដាក់​ចេញ​​ពោលគឺ​​ត្រូវ​គិត​​ឲ្យ​បាន​គ្រប់​​គ្រុង​ជ្រោយ​ មិនមែន​​ចេះតែ​នឹកឃើញ​​ហើយ​យក​មក​និយាយ​​នោះទេ»។  ការលើក​ឡើង​​របស់​លោក​រដ្ឋ​មន្ត្រី​ ក៏មាន​ការ​គាំទ្រ​ពី​អ្នក​វិនិយោគ​​ជប៉ុន​ ដែល​កំពុង​​ធ្វើ​អាជីវកម្ម​​នៅ​ប្រទេស​​កម្ពុជា។

លោក យូ ស៊ី​ដាក់ (Yu sidak) អគ្គនាយក​រ​ង ​នៃ​ក្រុមហ៊ុន Minebea Cambodia ដែល​បាន​មក​​បណ្តាក់​ទុន​​រក​​ស៊ី​នៅ​កម្ពុជា​​លើ​ផ្នែក​​បង្គុំ​​បច្ចេក​វិទ្យា​​អេ​ឡិច​​ត្រូ​និ​ច (ម៉ូនីទ័រ​​បានលើក​ឡើង​កាល​ពីពេលថ្មីៗ​នេះថា ​ដើម្បីឱ្យ​​ផលិតផល​​ដែល​ផលិ​ត​​នៅក្នុង​​ប្រទេស​​កម្ពុជា (Made in​ Cambodia) មាន​លក្ខណៈ​​ប្រកួត​ប្រជែង យើង​ត្រូវ​ការ​ធនធាន​មនុស្ស​ ក្នុងការ​​បង្កើន​​ផលិត​ភាព​​ការ ងារ ជាក់ស្តែង​​ការផលិត​​របស់​​យើង​មាន​​កម្រិត​នៅ​ឡើយ មានន័យថា​​កើន​បន្តិច​ម្តង។ ដូចនេះ ដើម្បី​​ធ្វើឱ្យ​ការ​ផលិត​​របស់​​យើង​​ស្មើនឹង​​ប្រទេសជិត​ខាង ដូចជា ចិន ថៃ វៀតណាម​​ជាដើម​នោះ ចាំបាច់​​ត្រូវការ​​ពេលវេលា​​យ៉ាងតិច​ណាស់​ក៏​​ពី១០ ទៅ​២០ឆ្នាំ​​ដែរ។

លោក​បាន​បន្ថែមថា​ «សម្រាប់​​តម្លៃ ឈ្នួល​​អប្បបរ​មា​​កម្មក​រ និ​យោ​ជិ​ក​​វិ​ញ បើ​ឡើង​គំហុក​​ពេក​ វា​ធ្វើឱ្យ​​ដំណើរ​ការ​របស់​​ក្រុម​ហ៊ុន​គឺ​​មិនអាច​ទៅ​រួច​បានទេ  ដូច្នេះ​ខ្ញុំ​​សុំឱ្យ​​តម្លៃ​ឈ្នួល​​អប្បបរ​មា​កើន​ឡើង​ទៅតាម​ផលិត​ភាព​ការងារ​​ដើម្បី​ប្រកួត​ប្រជែង​​ជា​មួយ​ប្រទេស​​នានា»។

តែ​យ៉ាងណាក៏ដោយ​លោក​​រដ្ឋមន្ត្រី​ នៅតែមាន​​សុទិដ្ឋិនិយម​​ថា ​កិច្ចប្រជុំ​រឿង​​តំឡើង​ប្រាក់​​ឈ្នួល​ដល់​​កម្មករ​នៅ​​ឆ្នាំនេះ ​មិនមាន​​ភាព​តានតឹង​ដូច​​ឆ្នាំមុន​នោះ​ទេ ​ដោយសារតែ​​យើង​មានបទ​ពិសោធន៍​ជាច្រើន ​កាលពី​ឆ្នាំមុន​​ហើយ​ម្យ៉ាង​ទៀត​ភាគី​នី​មួយៗ​មាន​ភាពជា​​ចាស់ទុំ ​និង​មាន​​ការយក​យល់​​គ្នា​ទៅវិញ​ទៅ​មក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative