ក្រសួង​អប់រំ ហាម​ឃោសនា​ធ្វើសកម្ម​ភាព​នយោ​បាយ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា

ក្រសួងអប់រំ​យុវជន និង​កីឡា បានធ្វើ​ការណែ​នាំ​ហាម​មិន​ឲ្យមាន​សកម្ម​ភាព​ឃោសនា​នយោ​បាយ នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឡើយ ដោយក្រសួង​ចាត់ទុក​ថា​សកម្មភាព​នេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់គ្រឹះ​ស្ថាន​សិក្សា ដែល​ផ្ទុយ​នឹង​គោល​ ការណ៍​អព្យា​កិ្រត្យ​ភាព​ពិសេស ផ្ទុយ​នឹងច្បាប់​ស្តីពីការ​អប់រំ។

11យោងតាមសេចក្តី​ណែនាំ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែលចុះ​ហត្ថលេខា​ដោយ​ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា ចុះថ្ងៃ​ទី១១ សីហា បាន​ឲ្យ​ដឹង​ថា ការហាម​ប្រាមមិន​ឲ្យមាន​សកម្ម​ភាព ការ​ឃោសនា​នយោបាយ នៅតាម​គ្រឹះ​ស្ថាន​សិក្សា​នេះ ដោយសារ​តែកន្លង​មកនៅតាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯ​កជន មាន​សមាគម​អង្គការ​បុគ្គលិក​អប់រំ និងគ្រូ​បង្រៀន ជាប់​កិច្ច​សន្យា បានធ្វើ​សកម្មភាព​មិន​ប្រក្រតី ដោយ​បានបោះ​ឆ្នោត​ជ្រើស​រើសថ្នាក់​ដឹកនាំ​របស់​សមាគម និង​អង្គការ​ទាំងនោះ និង​បាន​ឃោស​នា បំផុស​គំនិត​ឲ្យបុគ្គ​លិក​អប់រំ ចូលរួម​សកម្មភាព​ជាមួយ។

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ នៅក្នុង​សេចក្តី​ណែនាំ​នោះថា មាន​សមាគម និង​អង្គការ​ខ្លះ បាន​បង្កើត​ឲ្យមាន​សាខា​នៅ​តាមគ្រឹះ​ស្ថាន​សាធារណៈ និង​ឯកជន ព្រមទាំង​ធ្វើ​សកម្មភាព​ជ្រៀត​ជ្រែក ការងារ​គ្រប់​គ្រង​អប់រំ​ទៀតផង ដែល​សកម្ម​ភាព​នេះ​ធ្វើឲ្យប៉ះ​ពាល់ដល់​សណ្តាប់​ធ្នាប់គ្រឹះ​ស្ថាន​សិក្សា ដែលផ្ទុយ​នឹងគោល​ការណ៍​អព្យាកិ្រត្យ​ភាព ពិសេស​ផ្ទុយនឹង​ច្បាប់ស្តី​ពីការ​អប់រំ។

ដើម្បីទប់ស្កាត់​សកម្មភាព​រាល់មិន​ប្រក្រតី និង​សកម្មភាព​ការ​ឃោសនា​នយោ​បាយ នៅតាម​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន​ឲ្យមាន​ប្រសិទ្ធិ​ភាព និងស្របតាម​ច្បាប់ស្តីពីការ​អប់រំ ក្រសួងអប់រំ​យុវជន និង​កីឡា បានធ្វើ​ការណែ​នាំដូច​ខាងក្រោម​ ទី១ មិនអនុញ្ញាតិ​ឲ្យសមាគម ភ្ងាក់ងារ ឬអង្គការ​ណាមួយ ធ្វើសកម្ម​ភាព​នៅតាមគ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដោយ​គ្មាន​ការ​អនុញ្ញតិ​ពីក្រសួង​អប់រំ​ឡើយ។ ទី២ មិនអនុញ្ញាតិ​ឲ្យមាន​សកម្មភាព​នយោបាយ និង​ឃោសនា​នយោបាយ ឲ្យ​គណបក្ស​ណាមួយ នៅក្នុង​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងស្ថាប័ន​អប់រំ ស្របតាម​មាត្រា​ទី៣៤ នៃច្បាប់​ស្តីពីការ​អប់រំ។ ទី៣ ត្រូវមាន​ការអនុញ្ញាតិ​ពីអាជ្ញា​ធរ​មាន​សមត្ថ​កិច្ច ឬក្រសួង​អប់រំ ស្របតាម​មាត្រា​ទី៤២នៃច្បាប់​ស្តីពីការ​អប់រំ ក្នុងការ​ស្នើសុំគ្រឹះ​ស្ថាន​អប់រំធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពត៌មាន គ្រប់រូបភាព​ណាមួយក៏​ដោយនៅ​បរិវេន​គ្រឹះស្ថាន​អប់រំ​សាធារណៈ។

សេចក្តីណែនាំខាងលើ ក៏បានលើក​ឡើងពី​ការដាក់​ទោសទណ្ឌ ស្របតាម​មាត្រាទី៥២​នៃច្បាប់ ស្តីការ​អប់រំ ចំពោះ​បុគ្គលិក​អប់រំ ធ្វើសកម្មភាព​ដែលធ្វើឲ្យមាន​ការប៉ះ​ពាល់ ដល់អព្យា​ក្រិតភាព​របស់​ស្ថាប័ន​អប់រំ និងគ្រឹះ​ស្ថាន​សិក្សា ក្នុងនោះ​ត្រូវទទួល​ពិន័យជា​ប្រាក់ ចំនួន​១០លាន រៀលទៅ​៥លានរៀល។ ក្នុងករណី​មិនរាង​ចាលត្រូវ​ពិន័យជា​ប្រាក់អន្តរ​កាល​ទ្វេដង​នៃប្រាក់​ពិន័យអន្តរ​កាល​ខាងលើ។

ក្នុងករណី​នីតិ​បុគ្គល ស្ថិតក្នុង​ស្ថាប័នអប់រំ ឬគ្រឹស្ថាន​អប់រំ ហើយមិន​រាងចាលនោះ ត្រូវព្យួរ​បណ្តោះ​អាស្ន ឬដកហូត​អាជ្ញា​ប័ណ្ណ​អប់រំ និងគ្រឹះ​ស្ថាន​សិក្សានោះ។

ចុងក្រោយលោក​រដ្ឋមន្ត្រី​អប់រំ បានណែនាំ​ដល់ប្រធាន​មន្ទីរ​អប់រំ ប្រធាន​ការិយា​ល័យ នាយក​សាលា សាធារណៈ និង​ឯកជន ត្រូវធ្វើ​ការផ្សព្វផ្សាយ​សេចក្តីជួន​ដំណឹង​នេះ ឲ្យបានទូ​លំទូលាយ​ដល់បុគ្គលិក​អប់រំ គ្រប់​ឋានានុក្រម​ដើម្បី​អនុវត្ត​សេចក្តី​ណែ​នាំ​នេះឲ្យមាន​ប្រសិទ្ធភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative