៦ខែ​ឆ្នាំនេះ​មាន កម្មករ ដួល​សន្លប់ ជិត​៦រយ​​នាក់ ថយ​ចុះជាង​ឆ្នាំមុន

នៅក្នុងរយៈពេល​៦ខែ ឆ្នាំ​២០១៥​នេះ មាន​កម្មករ​កម្មាការនី​ដួល​សន្លប់ ចំនួន​៥៥៧​នាក់​ នៅតាម​រោងចក្រ​ចំនួន​៩ នៅ​តាមរាជធានី​ខេត្ត​ចំនួន​៥ មានការ​ថយចុះ​ច្រើន បើធៀប​នឹងរយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

2បើតាមលោក ឈាវ ប៊ុនរិទ្ធ អនុ​ប្រធាន​ការិយា​ល័យ គោល​នយោបាយ​របស់​បេឡា​ជាតិ​ របប​សន្តិ​សុខ​សង្គម (ប.ស.ស) បានប្រាប់ កាលពី​រសៀល​ថ្ងៃទី១១ សីហា​នេះ ថា៦​ខែ​ឆ្នាំ​២០១៥​នេះ មានកម្មក​រដួល​សន្លប់ ចំនួន​៥៥៧នាក់ នៅតាម​រោចក្រ​ចំនួន ៩ នៅ​តាមរាជ​ធានី​ខេត្ត​ចំនួន៥ ក្នុងនោះ​នៅរាជ​ធានី​ភ្នំពេញ មាន​ចំនួន​៣រោង​ចក្រ ដោយមាន​កម្មករ​ដួល​​សន្លប់ ១០៩ នាក់ខេត្ត​កណ្តាល​ចំនួន៣​រោងចក្រ មានកម្មករ​២៥៥​នាក់ ខេត្ត​កំពង់​ឆ្នាំង​ ចំនួន១​រោងចក្រ មានកម្មករ​៤៤នាក់ ខេត្ត​ស្វាយរៀង​ចំនួន​១រោង​ច​ក្រ មាន​កម្មករ​១០៤​នាក់ និងខេត្ត​តាកែវ ១រោង​ចក្រ មានកម្មករ​សន្លប់​៤៥នាក់។  លោកថា​ចំនួន​នេះ​ មាន​ការថយចុះ​បើប្រៀប​ធៀបនឹង​រយៈ​ពេល​៦ខែ​ដូចគ្នា កាលពី​ឆ្នាំមុន។

លោក ឈាវ ប៊ុនរិទ្ធ បានបន្ត​ថា​ ចំណែក៦​ខែ ឆ្នាំ២០១៤​កន្លងទៅ មាន​កម្មករ​ដួល​សន្លប់ ចំនួន​៨៩៦​នាក់ កើតនៅ​តាមរោង​ចក្រចំនួន​១៦ ក្នុងរាជ​ធានីខេត្ត​ចំនួន៥ ក្នុងនោះ​នៅរាជធានី​ភ្នំពេញ ចំនួន​១១​រោង​​ចក្រ មានកម្មករ​សន្លប់​៦១៤នាក់ ខេត្ត​កណ្តាល ១រោង​ចក្រ មានកម្មករ​១២៤​នាក់ ខេត្ត​កំពង់ស្ពឺ ២រោង​ចក្រ មានកម្មករ​៤៦នាក់ ខេត្ត​កំពង់​ឆ្នាំង ចំនួន​១រោង​ចក្រ​ មាន​កម្មក​រ​៣៧​នាក់ និងខេត្ត​ស្វាយរៀង ១រោចក្រមា នកម្មករ​សន្លប់​ចំនួន​៧៥នាក់។

យោងតាម​របាយការណ៍​​ស្តីពី លទ្ធផល​​ការងារ​​សម្រេច​បាន​ ឆ្នាំ២០១៤ និង​ទិស​ដៅ​អនុវត្ត​​បន្ត របស់​​បេឡា​​ជាតិ​ របប​​សន្តិសុខ ​សង្គម (ប.ស.ស) បាន​ឲ្យ​ដឹង​ថា​​នៅ​ឆ្នាំ២០១៤ មាន កម្មករ​-កម្មការិនី ដួល​សន្លប់ ចំនួន ១.៨០៦​នាក់ កើនឡើង​ចំ​នួន ១០៩ ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ កន្លងទៅ។

របាយការណ៍​ខាងលើ​ បាន​ឲ្យ​ដឹង​​ទៀតថា ​ករណី​​កម្មករ​​ក​ម្មា​ការី​​ដួល​សន្លប់​​នេះ​ បាន​កើត​ឡើង​ក្នុង​​រោងចក្រ​​ចំនួន ៣៤ ក្នុង​នោះ ​នៅ​រាជ​ធានី​​ភ្នំពេញ ២១​រោងចក្រ ខេត្ត​កណ្តាល ២ ខេត្ត​កំពង់ស្ពឺ ៣ ខេត្ត​កោះ​កុង ១ ខេត្ត​កំពង់​ឆ្នាំង ២ ខេត្ត​ស្វាយរៀង ៣ ខេត្ត​​ព្រះសីហនុ ១ និង​​ខេត្តតាកែវ​​ចំនួន ១រោង​ចក្រ។  កាលពី​ឆ្នាំ​២០១៣ មាន​កម្មករ​-កម្មការិនី ដួល​សន្លប់​​ចំនួន ៨២៣​នាក់ ឆ្នាំ​២០១២ ចំនួន ១.៦៨៦​នាក់ និង​ក្នុង​​ឆ្នាំ២០១១ មាន​​កម្មករ​-កម្មការិនី មាន​អ្នក​​ដួលសន្លប់​​ច្រើន រហូត​ដល់ ១.៩៧៣​នាក់។

របាយ​ការណ៍​​ដដែល នោះ​បាន​បញ្ជាក់​ទៀតថា មូលហេតុ​​បណ្តាល​មកពី បញ្ហា​​គីមី  រូបសាស្ត្រ  ចិត្តសាស្ត្រ​​សង្គម  វិទ្យា​សាស្ត្រ​រៀបចំ​​ការងារ  មេកានិច ជីវសាស្ត្រ និង​ការធ្វើ​ការ​ថែម​ម៉ោង។

បញ្ហា​គីមី គឺមាន​ក្លិន​​បង្គន់​​សាយភាយ ចូល​ខ្សែ​ចង្វាក់​​ផលិតកម្ម បំពង់​ផ្សែង​ឡ​​ចំហាយ​​រោងចក្រ មាន​​កម្ពស់​​ទាប  ធុំក្លិន​​ស្អុយ​សាយភាយ ​ចេញពី​​អាគុយ​​សាក  ធុំក្លិន​ កាវ​បិទ​​ស្បែកជើង  សាយភាយ​​ក្លិន ថ្នាំ​បាញ់ (Spray U-90)  ក្លិន​ផ្សែង​​ដុត​កង់​ឡាន ហុយ​ចូល ក្លិន​​កំទេច​កំទី​​ក្រណាត់ និង​ធូលី  កាកសំណល់​​ថ្នាំ​លាយ​​ពណ៌ សម្រាប់​​បោះពុម្ព​អាវ កម្មករ​និយោជិត ​មួយ​ចំនួន​ មិន​បាន​ពាក់​​ម៉ាស់ និង​ស្រោមដៃ​​ការ​ពារ ជាដើម។

ចំពោះ​បញ្ហា​រូបសាស្ត្រ គឺ​ទំហំ​​អគារ​មាន​​ប្រហោង​​រន្ធ​ខ្យល់​​មិនបាន ១/៤ នៃ​ផ្ទៃ​​អាគារ រៀបចំ ប្រព័ន្ធ​​ខ្យល់​ត្រជាក់ មិនបាន​​ត្រឹមត្រូវ តាម​លក្ខណៈ​​បច្ចេកទេស  បំពាក់​កង្ហារ ​មិនបាន​​គ្រប់គ្រាន់ ក្នុង​អាគារ​​ផលិត​កម្ម និង​អាង​​ស្តុក​ទឹក​​ក្រោម​ដី​​ប៉ែក​ខាង​ត្បូង ក្នុង​​អគារ B រោងចក្រ បាក់ស្រុត។

បញ្ហា​ចិត្តសាស្ត្រ​​សង្គម គឺ​បណ្តាល​មកពី​ការ​តានតឹង​​អារម្មណ៍  មានកម្ម​​ការិនី​ខ្យល់ គរ​បណ្តាល​​ឲ្យ​ស្លាប់បាត់​​បង់ជីវិត ទើប​ធ្វើ​​ឲ្យ កម្មករ​ផ្សេងៗ​ទៀត​ភិតភ័យ ស្លន់​ស្លោ និង​សន្លប់​តៗគ្នា  វិវាទ​ការងារ (សហជីព ​និង​សហជីព) បណ្តាល​​ឲ្យ​មាន​​កូដកម្ម​ បាតុ​កម្ម ដែលជា​​ហេតុ​ធ្វើ​​ឲ្យ​កម្មករ ក្នុង​រោង​ចក្រ​​ចលាចល​​សន្លប់​តៗគ្នា។

រីឯ​បញ្ហា​វិទ្យាសាស្ត្រ​​រៀបចំ​​ការងារ គឺ​ការ​ទុក​ដាក់​សម្ភារ​​ក្រណាត់ គរ​បាំង​​លំហូរ​​ខ្យល់​ចេញ​ចូល។  បញ្ហា​មេកានិច គឺ​ការអាក់ ​ខាន​មិន​បាន​ជួសជុល​​កង្ហារ ដែល​មិន​​ដំណើរការ  ផ្ទុះ​សេ​ខ្សែ​ភ្លើង បណ្តាល​មកពី​របូត​​ខ្ចៅ​ម៉ូ​ទ័​រ ទើប​ធ្វើ​​ឲ្យ​ខ្សែ​​ពាន​វាត់ ត្រូវ​ខ្សែ​ភ្លើង ​រួច​ផ្ទុះ​​ឆ្លង​ចរន្ត​អគ្គិសនី។  បញ្ហា​ជីវ​សាស្ត្រ មកពី​សុខភាព​​កម្មករ និយោជិត​​មួ​យចំនួន មាន​សភាព​​ទន់ខ្សោយ (ខ្វះ​ជាតិ​​ស្ករ….)  ការផ្គត់​ផ្គង់​ចំណី អាហារ​​ថ្ងៃត្រង់​មិន​បាន​ល្អ (គ្មាន​​អនា​ម័​យ ​និង​គុណភាព)  ចុកពោះ​/រោគ ក្អួតចង្អោរ និង​​នាំគ្នា​​អត់​ហូប​​អាហារ​​ពេលព្រឹក (ខ្ជិល​ និង​គេង​​មិន​​គ្រប់គ្រាន់)។ បញ្ហា​ការ​​ថែម​ម៉ោង​​ធ្វើការ គឺ​ថែម​​ម៉ោង​ច្រើន​​លើសពី គោល​ការណ៍​​អនុញ្ញាត​​របស់​​ក្រសួង ថែម​ម៉ោង​ក្នុង​​​មួយ​ថ្ងៃ​ ២​​ម៉ោង​ ភាគ​ច្រើន​​ជាប្រចាំ និង​ថែម​​ម៉ោង ក្នុង​មួយថ្ងៃ​​លើសពី ២ម៉ោង គឺ​​អាស្រ័យ​​នឹង​ការ​បញ្ចេញ​​ទំនិញ​​ជាដើម។ កត្តា​ថែម​​ម៉ោង​នេះ មកពី​​កម្មករ និយោជិត បង្ខំចិត្ត​​ថែម​ម៉ោង ដោយ​សារ​ចង់​បាន​ប្រាក់​​ឈ្នួល​​បន្ថែម ហើយ​ម្តង​ម្កាល ធ្វើ​ឲ្យ​គាត់​​ទ្រោល​​ការងារ​​លែង​បាន បូករួម​​នឹង​ការ​សម្រាក មិនបាន​​គ្រប់គ្រាន់ ហូប​អាហារ​​មិន​ទៀង​ទាត់ និង​គ្មាន​​ជីវជាតិ ជាហេតុ​​បណ្តាល​ឲ្យ កម្មករ​និយោជិត​​សន្លប់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍​កាល ពីថ្ងៃ​ទី១១ សីហា ថា​បញ្ហា​កម្មករ​ដួល​សន្លប់​នេះ មានការ​ថយចុះ​ច្រើន បើធៀប​នឹងឆ្នាំមុន ដោយសារ​តែ​ក្រសួង មានការ​រិតបន្តឹង​ទៅលើ​ការ​បន្ថែម​ម៉ោង​របស់​កម្មករ​ការចុះ​អប់រំ ពីបញ្ហា​សុខភាព នៅតាម​រោងចក្រ និងប្រាក់​ឈ្នួល​កម្មករ បាន​ប្រសើរ​ជាងមុន ដែលធ្វើ​ឲ្យ​ជីវភាព​ របស់​​បងប្អូន​កម្មករ បាន​ប្រសើរ។  ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​បានទទួល​ស្គាល់ថា យើងត្រូវ​ការធ្វើការ​កែលំអ​បន្ថែម​ទៀត នៅតាម​រោងចក្រ​មួយចំនួន ដែលមិនទាន់​មាន​បរិយាកាស និង​នាម័យល្អ នៅឡើយ​ដើម្បី​ការពារ​កម្មករ​កុំឲ្យមាន​ការ ដួល​សន្លប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative