ពលករ​កម្ពុជា ធ្វើការ​នៅប្រទេស​ថៃ​ជិត៩​ម៉ឺន​នាក់ ហើយ​ទទួល​បាន​ប៉ាស្ព័រ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជា​ប្រធាន​គណៈ​កម្មការ ផ្តល់​ភាព​ស្រប​ច្បាប់ ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ និងធ្វើ​ការ​នៅប្រទេស​ថៃ បានឲ្យ​ដឹងថា រហូត​មកដល់​ពេល​នេះ មាន​ពលករ​កម្ពុជា​កំពុង​ធ្វើការ​ងារ​នៅ​ប្រទេស ថៃ ប្រមាណ​ជិត៩​ម៉ឺននាក់​ហើយ ទទួល​បាន​ប៉ាស្ព័រ តែក្នុង​ចំណោម​នោះ​មានតែ​ជាង៣​ពាន់​នាក់ទេ ដែល​បានបំពេញ​ភាពស្រប​ច្បាប់​វីហ្សា​ស្នាក់ និង​ទិដ្ឋការ​ការងារ ។

2លោក អ៊ិត សំហេង បានមាន​ប្រសាសន៍ នៅក្នុង​កិច្ច​សម្ភាស៍​មួយ កាលពី​ថ្ងៃទី​១១ សីហា​ ថា​គិតចាប់​ពីថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០១៤ ដល់​ថ្ងៃទី១១ខែ សីហា ឆ្នាំ ២០១៥ ក្រុម​ការងារ​អន្តរ​ក្រសួង​ទាំង១០​ក្រុម បាន​រៀបចំ​ចុះ​ឈ្មោះ​ពលករ​កម្ពុជា ដែល​ស្រប​ច្បាប់ បាន​ចំនួន​ជាង​២០ម៉ឺន​នាក់ ក្នុងនោះ​មានពលករ​ជិត៩​ម៉ឺននាក់ ទទួល​បាន​ប៉ាស្ព័រ។ លោក​រដ្ឋ​មន្ត្រី​ បាន​បន្តថា​ ក្នុង​ចំណោម​នោះ​មានពលករ​ជាង៣​ពាន់ ទទួល​បានវីហ្សា​ស្នាក់នៅ និង​ទិដ្ឋការ​ការងារ ដែលចេញ​ដោយប្រទេស​ថៃ។  ចំណែក​ឯពលករ ដែលនៅ​មិនទា​ន់​បានប័ណ្ណ​ការងារ ក្រសួង​បានស្នើដល់​ភាគីថៃ ជួយសំរួល​ឲ្យពលករ​ទាំងនោះ​អាចស្នាក់​នៅ និងធ្វើ​ការនៅ​ប្រទេស​ថៃ​ជាបណ្តោះ​អាសន្ន រហូត​ដល់ខែ​មិថុនា ឆ្នាំ​២០១៦ ខាងមុខ។

លោក អ៊ិត សំហេង បាន​បន្ថែម​ថា តាមគំរោង​ចាប់ពី​ពេលនេះ រហូត​ដល់​បំ​ណាច់​ខែ​កញ្ញា​នេះ ក្រុម​ការ​ងារ​​នឹងបង្កើន​ល្បឿន​ធ្វើ​ទិដ្ឋការ​ស្នាក់នៅ និងទិដ្ឋាការ​ការងារ ឲ្យបាន៥​ម៉ឺននាក់ ហើយដែល​តាមផែន​ការគ្រោង​នឹងបញ្ចប់​ឲ្យរួច​រាល់ នៅពាក់​កណ្តាល​ឆ្នាំ​២០១៦។។

លោករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្នុងការ​សំរួល​ដល់ពលករ​កម្ពុជា​ធ្វើការនៅ​ប្រទេស​ថៃនោះ ក្រសួង​ការងារ និង​ភាគី​ថៃ បាន​កំ​ពុង​រៀបចំ​ឲ្យមាន​កិច្ចព្រម​ព្រៀង​មួយ ដោះស្រាយ​បញ្ហា​ពលករ​នេះ ដែល​បច្ចុប្បន្ន​ក្រុមការ​ងារ​បច្ចេក​ទេស កំពុង​ត្រួត​ពិនិត្យ​ខ្លឹម​សារ​លំអិត ហើយ​សង្ឃឹម​ថា កិច្ចព្រម​ព្រៀង​មួយនឹង​ចុះហត្ថ​លេខា​នៅក្នុង​ឆ្នាំនេះ។

លោករដ្ឋ​មន្ត្រីឲ្យ​ដឹងថា «កិច្ចព្រម​ព្រៀងនេះ​ពិតជា​មាន​សារ​សំខាន់​ណាស់ ព្រោះវា​នឹងជួយ​ដល់ពលករ​យើង ធ្វើការ​នៅទី​ នោះ ច្រើន​ណាស់ ពោលគឺ​វាបាន​ជួយ​ការពារ នូវភាព​ស្របច្បាប់​ដល់ពលករ​ទាំងការ​បញ្ជួន និង​ត្រឡប់​មកវិញ ការធ្វើ​ការងារ​ ពិសេស​ពលករ​ជៀងផុត​ពីការកេង​ប្រវ័ញ្ច​ពលកម្ម»។

កាលពីថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ​២០១៥ លោក​អ៊ិត សំហេង បានដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា រួម​មាន លោក ព្រុំ សុខា រដ្ឋ​លេខា​ធិការ​នៃក្រសួង​មហា​ផ្ទៃ និងជា​អនុ​ប្រធាន​គណៈ​កម្មការ លោក​ស្រី អ៊ាត សោភា ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​រាជា​ណាចក្រ​ថៃឡង់ដ៏ និង​ជា​សមាជិក បានចុះ​សួរសុខ​ទុក្ខ​បងប្អូន ពលករ​កម្ពុជា ព្រមទាំ​ងចែក​លិខិត​ឆ្លងដែន និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស ជានិម្មិត​រូប​ចំនួន ១៨២​នាក់ នៅខេត្ត បាធុមថានី ព្រះរាជា​ណាចក្រ​ថៃឡង់ដ៏  ដើម្បី​ឲ្យបងប្អូន​មានសិទ្ធិ​ស្នាក់​នៅ​ និងធ្វើ​ការដោយ​ស្របច្បាប់ ។

តាមរបាយ​ការណ៍ របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យ​ដឹងថា​ នៅឆ្នាំ​២០១៤ មាន​ពលករ​ខ្មែរ ដែលធ្វើ​ការ​នៅក្រៅ​ប្រទេស មាន​ចំនួន ៧២១.៦១១ នាក់ ក្នុងនោះ ពលករ​ខ្មែរនៅ​ប្រទេស​ថៃ មាន​ចំនួន ៦៤ ម៉ឺន​នាក់ នៅ​ម៉ាឡេស៊ី មាន​ចំនួន ៤,៥ ម៉ឺននាក់ នៅប្រទេស​សិង្ហបូរី ២៩៩​នាក់ ជប៉ុន​ចំនួន ៦០១នាក់ និង​សាធារណរដ្ឋ​កូរ៉េ​ចំនួន ៣,៥​ម៉ឺន​នាក់។  ក្នុង​នោះ​​ ពលករ​មិនទាន់​ស្របច្បាប់ នៅប្រទេស​ថៃប្រមាណ​ ៥០ ម៉ឺននាក់ ។ ពលករ​៧២ម៉ឺន​នាក់ ដែលកំពុង​ធ្វើការ​នៅក្រៅ​ប្រទេស​បាន​រក​ចំណូល​ដែលពួក​គេបញ្ជូន មកក្នុង​ស្រុក ប្រហែល​ជា ១ពាន់​លានដុល្លារ ក្នុងមួយ​ឆ្នាំ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative