ការបង្ក​បង្កើនផល​នៅដើម​រដូវ​វស្សា​នេះ មាន​​លក្ខណៈ​​យឺត​ជាង​​ឆ្នាំមុន​

យោងតាម​របាយការណ៍​​ប្រចាំ​​សប្ដាហ៍ ​ស្តី​ពី​​ល្បឿន​​ការងារ​​បង្កបង្កើន​ផល​​កសិកម្ម​​រដូវ​វស្សា ​ឆ្នាំ​​២០១៥​ និង​ ការងារ​​ប្រមូល​​ផល​​ស្រូវ​ស្រាល ​ដើមរដូវ​​វស្សា ​របស់​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ​បាន​ឲ្យ​ដឹង​ថា ការងារ​​បង្ក​បង្កើន​ផល ​កសិកម្ម ​រដូវ​វស្សា ​ឆ្នាំ​២០១៥ នេះហាក់​ដូចជា​មានភាព​យឺត​យ៉ាវ ជាងឆ្នាំ​មុន ដោយសា​រ​តែ​​បរិមាណ​ទឹក​ភ្លៀង ដែលទទួល​បានមាន កំរិតទាប និងភាព​រាំង​ស្ងួត។

11បរិមាណ​ទឹកភ្លៀង ​ដែល​ទទួល​​បាន​ក្នុង​​សប្តាហ៍​​នេះ ​មាន​​កម្រិត​​ទាប​បំផុត​គឺ ២១,៣០ ម​.ម​ នៅក្នុង​​ខេត្ត ក្រចេះ និង​​កណ្តាល។ ​រីឯ​កម្រិត​​ខ្ពស់​​បំផុត ១៦២ ម​.​ម នៅក្នុង​​ខេត្ត ត្បូងឃ្មុំ និង​​កំពង់ធំ​។

របាយការណ៍​​បាន​បញ្ជាក់​ថា ការងារ​​បង្ក​បង្កើន​ផល​​កសិកម្ម​​រដូវ​វ​ស្សា ​ឆ្នាំ​​២០១៥​ ឃើញ​ថា ប្រជា​កសិករ​​យើង​ ធ្វើការ​​ភ្ជូ​រ​រាស់​​ដក​ស្ទូង​ និង​​សាប​ព្រោះ​ ស្រូវ​ស្រាល​ ដើម​រដូវ កណ្តាល ធ្ងន់ និង ព្រោះស្រូវ​​ឡើង​ទឹក ​នៅ​តាម​​បណ្តា​​តំបន់​​ជុំវិញ​​បឹង​ទន្លេ​សាប ​​បាន​ចំនួន​​ ១.៧២៧.៨៧៤ ហិកតា ​ស្មើ​នឹង ៦៧,៣១%  នៃ​ផែនការ ២.៥៦៧.១៣០ ហិកតា យឺត​ជាង​​ឆ្នាំមុន ​ចំនួន ១១៥ .៥៥៧ ហិកតា​។ ​ ក្នុងនោះ​​មាន​ខេត្ត បន្ទាយមា​នជ័យ បាត់ដំបង កំពង់ចាម ពោធិ៍សាត់ សៀមរាប ព្រៃវែង និង កំពង់ធំ អនុវត្ត​បាន​ច្រើន​ជាងគេ​។  ដោយ​ក្នុង​​សប្តាហ៍​នេះ​​ការងារ ដាំ​ដុះ​​ដំណាំ ស្រូវ កើន​​បាន ចំនួន​​១៨០.៤១៤​​ហិកតា ឬ ស្មើ នឹង ១១.៦៥​​ភាគរយ ធៀប​នឹង​​សប្តាហ៍​​មុន។​

របាយការណ៍ដដែល បានឲ្យដឹង​ទៀតថា ទោះបី​​សប្តាហ៍​​កន្លងទៅ​នេះ មាន​ភ្លៀង​​ធ្លាក់​បង្គួរ​​ក៍​ពិត​មែន ប៉ុន្តែ គ្រោះ​​រាំ​ស្ងួត​​បាន​​យា​យី​លើ​​សំណាប ចំនួន ២. ៣១៦ ហិកតា ហើយ​ខូច​ខាត ៧២ ហិកតា សន្ទូង និង​​ពង្រោះ​​ចំនួន ​១៧៩.៨៩៨ ហិក​តា​ខូច​ខាត​ ៩.២៥៩​ហិកតា​ និង​​ប៉ះ​ពាល់​​លើ​ដំណាំ​​ផ្សេងៗ ​ដោយ​​រាំង​ស្ងួត ចំនួន ៤៨.៨០៦ ហិកតា ដោយ​​សត្វល្អិត​​ចំនួន​​៩០ ហិកតា​​។​ដោយឡែក​​ចំពោះ​​ដំណាំ​រួម​ផ្សំ​វិញ ​គឺ​អនុវត្ត​បាន ៦៨៩.១៤៩​ ហិកតា លឿន​ជាង​​ឆ្នាំមុន ចំនួន​​៥៦.០១៧ ​ហិកតា​។  ដោយ​ខេត្ត​បាត់ដំបង​ ប៉ះពាល់​​ដោយ​រាំង​ស្ងួត ​និង​សត្វ​ល្អិត លើ​ដំណាំ​​រួមផ្សំ ​និង​ដំណាំ​​ឧស្សាហកម្ម​ ចំនួន ៤៨.៨៩៦ ហិកតា ក្នុង​នោះ​​ខូច ខាត​ចំនួន​​២២.៥០៧ ហិកតា។​

លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា​ អនុប្រធាន​​ទី១​គណៈ​កម្មាធិការ​​ជាតិ ​គ្រប់គ្រង​​គ្រោះ​មហន្ត​រាយ បាន​មាន​ប្រសាសន៍​ដោយ​ទទួល​ស្គាល់ថា ​នៅដើម​ឆ្នាំ​២០១៥នេះ ​គេ​មើល​ឃើញថា ការងារ​​បង្កបង្កើន​ផល​ មានការ​​យឺតយ៉ាវ​ រហូត​​ដល់​ជិត​១ខែ បើ​ធៀប​​ទៅនឹង​ឆ្នាំមុនៗ អាចនិយាយ​បាន​ថា​ចង់​​ផុត​រដូវ​​ធ្វើស្រែ។  ការយឺតយ៉ាវ​​នេះ​ដោយ​សារ​បញ្ហា​​មួយ ចំនួន​​ដូចជា​​មិនមាន ភ្លៀង​​ធ្លាក់ ឬ​ភ្លៀង​​ធ្លាក់​តិច​តួច ​ធ្វើឱ្យ​មាន​ការរាំង​ស្ងួត​នៅ​​ខេត្ត ជាច្រើន​​ដូចជា ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ​ តាកែវ​ជា​ដើម​​សំណាប​​ពង្រោះ​​ត្រូវ​ក្រៀម​​ស្វិត​ងាប់ ស្ទើរ​​ទាំងស្រុង។

លោក ទេសរដ្ឋមន្ត្រី​​បន្តថា ប្រឡាយ បឹង​ព្រែង អូរ ត្រពាំង និង​​ប្រភព​ទឹក​មួយ​ចំនួន​​គ្មាន​ទឹក​​ដោយ​ការ​រាំងស្ងួត រហូត​ដល់​ដើម ខែសីហា​ នេះ​ភ្លៀង​​បាន​ធ្លាក់​​មក ​តែ​មិន​គ្រប់​​ដណ្តប់​​នោះទេ កន្លែង​ខ្លះ​​មាន​ភ្លៀង​​ខ្លាំង​កន្លែង​​ខ្លះទៀត​​មាន​ភ្លៀង​​តិច​ទឹក​​ដែលមាន​​មិនអាច​​បម្រើ​ឱ្យ​ការ ធ្វើស្រែ​​បាន​នោះទេ រួមទាំង​​មានការ​ប្រែប្រួល​​អាកាស​ធាតុ ការឡើង​​កម្តៅ​​ជាដើម ធ្វើឱ្យ​​ពលរដ្ឋ​​រង​ការ​ ខូច​ខាត ​ផលដំណាំ​​ជាច្រើន​​ហិកតា​​នៅ​ទូទាំង​ប្រទេស។

យ៉ាងណា​លោក​​ទេសរដ្ឋ​មន្ត្រី​ បានបង្ហាញ​​ពី​ការ​​ព្រួយ​​បារ​ម្មណ៍​​របស់​​រាជរដ្ឋាភិ​បាល ​ដែល​​កសិករ​​មិនអាច​ធ្វើ​ស្រែ​​វស្សា​​បាន​ទាន់​​រដូវ​​ដោយសារ​​បញ្ហា​​រាំងស្ងួត​នេះ។

របាយការណ៍  ​ក៏​បាន​បញ្ជាក់​​ផងដែរ​ថា ចំពោះ​​ការងារ​ប្រមូល​​ផល​ស្រូវ​ស្រាល ​ដើមរដូវ​​វស្សា​ឆ្នាំ ២០១៥​ នេះ​វិញ ជា​​លទ្ធផល​​មក​ដល់ពេលនេះ ប្រជាកសិករ​​នៅ​តាម​បណ្តា​​ខេត្ត ដូចជា ខេត្ត​កំពង់ឆ្នាំង កណ្តាល កំពង់ធំ ក្រចេះ ព្រៃវែង ស្វាយរៀង តាកែវ កែប និង ត្បូងឃ្មុំ បាន​ប្រមូល​​ផល​​ស្រូវស្រាល​​ដើមរដូវ​​វស្សា​​លើ​ផ្ទៃដី ៤៩.៤៦៧ ​ហិកតា ទទួល​​បាន​ទិន្នផល​​មធ្យម ៣.៣៦ ​តោន​​ ក្នុង​មួយ​​ហិកតា ហើយ​ទទួល​​បាន​បរិមាណ​​ផល​​សរុប ១៩១.២២២ ​តោន​។  រីឯ​ដំណាំ​​ឧស្សាហកម្ម​​អនុវត្តន៍​​បាន​ ៩០.០៧៤​ ​ហិកតា យឺត​ជាង​​ឆ្នាំមុន ១៧.៩៤៨ ហិកតា​។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative