៧ខែ​ឆ្នាំនេះ ​គ្រោះ​មហន្តរាយ​​សម្លាប់​​មនុ​ស្ស ៨២​នាក់ និង​​សត្វ​ពាហណៈ ៣៩ក្បាល

គណៈកម្មាធិការ​​ជាតិ ​គ្រប់គ្រង​​គ្រោះ​មហន្ត​រាយ បាន​​បង្ហាញ ថា​ក្នុង​​រយៈ​ពេល ៧ខែ​​ឆ្នាំ​២០១៥ គ្រោះ​មហន្ត​រាយ​ បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​​ខូចខាត ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង​​ប្រជាពល​រដ្ឋ និង​ធ្វើ​ឱ្យ​បាត់​បង់​អាយុ​ជីវិត​​មនុស្ស​ សត្វ ព្រម​ទាំង​ខូច​ខាត​​ផល​ដំណាំ​ជា​ច្រើន​​ហិកតា។

2ផលប៉ះពាល់​ និង​ការ​ខូច​ខាត​ ទាំងនោះ​​​រួមមាន​ គ្រោះ​មហន្តរាយ​ ដោយ​​អគ្គិ​ភ័យ​ បានកើត​​ឡើងលើ​៩២ស្រុក ក្រុង​​ខណ្ឌ មាន ២៥៩​លើក ​ខូចខាត​ និង​បាត់​បង់​ផ្ទះ ២៧៦​ខ្នង តូប​លក់​ដូរ៨៣ ឃ្លាំង៧ សិប្បកម្ម​៨  អគារ​​រដ្ឋ​បាល៤ ស្លាប់​​មនុស្ស​១៦នាក់​ និង​​របួស​២០នាក់។  រីឯ​ខ្យល់​​កន្ត្រាក់​ បាន​បង្ករ​​ឱ្យ​ខូច​ខាត ​និង​បាត់​បង់​ជា​ច្រើន​ ក្នុងនោះ​​មាន​១៣០​​ស្រុក​ ក្រុង ​ខណ្ឌ ​ទូទាំង​​ប្រទេស​​​ដែល​​បាន​​ជួបប្រទះ​ មាន១៧២​លើក ផ្ទះ​រលំ​​ចំនួន ១៥៤០​ខ្នង ផ្ទះ​ប៉ើង​៥៧៣០ ខ្នង សាលារៀន ៣៦​កន្លែង អគារ​ផ្សេងៗ ២៤ ស្លាប់​​មនុស្ស ១២នាក់ និង​​របួស​១២៥ នាក់ ក្រៅពី​នេះ​ក៏មាន​​ករណី​​រន្ទះ​បាញ់ ៧៩​លើក ​ស្លាប់​​មនុស្ស​ ៥៤​នាក់ របួស​៤៩នាក់​ និង​​សត្វ៣៩​ក្បាល។

លោក ទេសរដ្ឋ​មន្ត្រី ញឹម វណ្ណដា​ អនុប្រធាន​​ទី១គណៈ​កម្មាធិការ​​ជាតិ ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ថា ​នៅ​ ដើមឆ្នាំ​២០១៥​នេះ​ គេ​មើល​ឃើញថា ការងារ​បង្ក​បង្កើន​ផល​ មានការ​យឺត​យ៉ាវ​ រហូត​ដល់​​ជិត១ខែ បើ​ធៀប​​ទៅនឹងឆ្នាំ​មុនៗ អាចនិយាយ​បាន​ថា ​ចង់​ផុត​​រដូវ​ធ្វើ​ស្រែ។  ការយឺតយ៉ាវ​​នេះ​ ដោយសារ​​បញ្ហា​មួយ ចំនួន​​ដូចជា​មិន​មាន ភ្លៀង​​ធ្លាក់ ឬ​ភ្លៀង​ធ្លាក់​​តិច តួច​ ធ្វើឱ្យ​មាន​កា​ររាំងស្ងួត​​នៅ​ខេត្តជាច្រើន​​ដូចជា ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ តាកែវ​​ជាដើម​​សំណាប​​ ពង្រោះ​ ត្រូវ​ក្រៀម​​ស្វិត​ងាប់ ស្ទើរ​ទាំង​ស្រុង។

លោក ទេសរដ្ឋមន្ត្រី​​បន្តថា ប្រឡាយ បឹង​​ព្រែង អូរ ត្រពាំង និង​ប្រភព​ទឹក​​មួយចំនួន​​គ្មាន​ទឹក​ ដោយ​ការ​រាំងស្ងួត រហូតដល់​​ដើម ខែសីហា​​នេះ ​ភ្លៀង​បា​ន​​ធ្លាក់​មក​ តែ​មិន​​គ្រប់​ដណ្តប់​​នោះទេ កន្លែង​ខ្លះ​​មាន​ភ្លៀង​​ខ្លាំង​កន្លែង​​ខ្លះទៀត​ មាន​ភ្លៀង​​តិច​ ទឹក​ដែល​មាន​​មិនអាច​​បម្រើ​ឱ្យ​ការ ធ្វើស្រែ​​បាន​នោះ​ទេ រួមទាំង​មាន​ការ​ប្រែប្រួល​​អាកាស​ធាតុ ការឡើង​​កម្តៅ​​ជាដើម ធ្វើឱ្យ​​ពលរដ្ឋ​​រង​ការ ​ខូចខាត​​ផលដំណាំ​​ជាច្រើន​​ហិកតា​​នៅ​ទូទាំង​ប្រទេស។

យ៉ាងណា​លោក​ទេស​រដ្ឋមន្ត្រី​ បានបង្ហាញ​​ពី​ការ​ព្រួយ​​បារ​ម្មណ៍​​របស់​​រាជរដ្ឋា​ភិបាល ​ដែល​​កសិករ​​មិនអាច​​ធ្វើស្រែ​​វស្សា ​បាន​​ទាន់​​រដូវ​ ដោយសារ​​បញ្ហា​​រាំងស្ងួត​​នេះ។  បើទោះជា​បែប​នេះ​ក្តី​ ប្រមុខ​រាជរដ្ឋា​ភិបាល​ មានការ​​ត្រៀម​លក្ខណៈ​​សម្បត្តិ មធ្យោ បាយ ស្បៀង និង​​សម្ភារៈ ផ្សេងៗ ស្រូវពូជ គ្រាប់ពូជ ដើម្បី​​ឆ្លើយតប​​ទៅនឹង​​សេចក្តី​ត្រូវការ​​របស់​​ប្រជាពល​រដ្ឋ​​ចាំបាច់​ តាំងពី​​ថ្នាក់​ជាតិ​ រហូត​ដល់​ថ្នាក់​ក្រោម​​ជាតិ ​រួមទាំង​​កាកបាទ​ក្រហម​កម្ពុជា​​ផងដែរ។

លោក​ទេស​រដ្ឋមន្ត្រី​​បានឱ្យ ដឹង​ដែរ​ថា ​ចំពោះ​​បញ្ហា​​គ្រោះទឹក​ជំនន់​​ឆ្នាំនេះ​ អាច​មិន​សូវ​មាន​ជា បញ្ហា​​ចោទ​ប៉ុន្មាន​​ទេ ​ព្រោះ​​ខេត្ត​គោលដៅ​​មួយចំនួន ​បាន​បញ្ជាក់​ថា​មិន​ទាន់មាន​ទឹក​ឡើង ដល់​​កម្រិត​​ព្រួយ​​បារ​ម្មណ៍​​ណាមួយ​​នៅឡើយ​ទេ ប៉ុន្តែ​​អាជ្ញាធ​រ​​នៅតែ​​ត្រៀម​លក្ខណៈ​​បង្ការ ទុកជា​មុន មុនពេល​​មាន​គ្រោះ​មហន្ត​រាយ ទោះដោយ​​ធម្មជាតិ និង​ដោយ​​មនុស្ស​​ក៏ដោយ។​

លោក ញឹម វណ្ណដា បញ្ជាក់​ថា នៅ​ថ្ងៃទី​១៧ ខែសីហា ​ខាងមុខ​នេះ (គជ​គម) នឹង​ផ្សព្វ​ផ្សាយ​​ច្បាប់​ គ្រប់គ្រង​​គ្រោះ​មហន្ត​រាយ​ទៅ​គ្រប់​ស្ថាប័ន ​និង​ភាគី​​ពាក់ព័ន្ធ​ ដល់​​សាកល​វិទ្យាល័យ​​ទាំងអស់​ ដោយ​​អនុវត្ត​​ទៅតាម​​ចំណារ ​របស់​​សម្តេច នាយក​​រដ្ឋ​មន្ត្រី​ក្នុង​​បំណង​​ត្រៀម​​បង្ការ​​មុនពេល​​មាន​គ្រោះ​មហន្តរាយ​ ត្រៀម​ទាំង​​ធនធាន​មនុស្ស និង​ត្រៀម​​ស្តារ​​ឡើង វិញ​ដោយ​​ប្រើប្រាស់​​កម្លាំង​​សរុប និង​មធ្យោ​បាយ​​សរុប។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative