រយៈពេលមួយ​ឆ្នាំ ផ្សារទំនើប​អ៊ីអន​ម៉លភ្នំពេញ ទទួល​បាន​អតិថិជន​ប្រមាណ​១៥​លាន​នាក់

នៅក្នុងរយៈ​ពេលមួយ​ឆ្នាំ ផ្សារទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ បានទទួល​អតិថិជន​រហូត​ដល់ទៅ​១៥​លាន​នាក់ ដែល​ជាចំនួន​មួយ​ដ៏ច្រើន​លើសពី​ការ​រំពឹ​ងទុក។

22ថ្លែងនៅក្នុង​សន្និសិទ​កាសែត​មួយ ស្តីពី​គំរោង​បង្កើត​ផ្សារ​ទំនើប អ៊ីអន​ម៉លទី២ មួយបន្ថែម​ទៀត នៅតំបន់​ពោងពាយ ជាយ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែ​សីហា លោក បេជិ អូណូ អគ្គ​នាយក ក្រុមហ៊ុន អ៊ីអន ខូអ៊ិលធីឌី បានមាន​ប្រសាសន៍​ថា​ គ្រាន់តែ​ក្នុងរយៈ​ពេល​១ឆ្នាំ ផ្សារទំនើប​អ៊ីអន​ម៉ល ភ្នំពេញ បាន​ទទួល​អតិថិជន​ ប្រមាណ​១៥​លាន​នាក់ បានចូល​ទស្សនា និង ទិញ​ទំនិញ។ ក្នុងនោះ​មាន​អតិថិជន​ប្រមាណ​៤,២​លាន​នាក់ បានទិញ​ទំនិញ​ពីផ្សារ ហើយ​អតិថិ​ជន​ដែលចូល​ច្រើន​ជាងគេគឺ​នៅពេល​ល្លាច ដែលធ្វើ​ឲ្យមានការ​ខ្វះខាត​ចំណត​រថយន្ត ដែលតំរូវ​ឲ្យយើង​ត្រូវសាង​សង់ចំណត​រថយន្ត​ថ្មីបន្ថែម​ទៀតប្រមាណ​៨៨០​គ្រឿង ដែល​បានដាក់​ឲ្យប្រើ​ប្រាស់​កាលពី​ខែកក្តដា កន្លង​ទៅ។​ ផ្សារទំនើប​​អ៊ីអន​​ម៉ល​ភ្នំពេញ​​នេះ បានដាក់​​ឲ្យដំណើរ​ការ​នៅ ខែ​មិថុនា ឆ្នាំ​២០១៤ ដោយប្រើ​ប្រាស់​បុគ្គលិក​ប្រមាន ២៥០០ នាក់ ។

បន្ទាប់ពីផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ ទទួល​បានជោគ​ជ័យ ដោយមាន​ការគាំ​ទ្រ ពី​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​មជ្ឈ​ដ្ឋាន​នោះ ក្រុមហ៊ុន អ៊ីអន ខូអ៊ិលធីឌី គ្រោងនឹង​បង្កើត​ផ្សារទំនើប​អ៊ីអន​ម៉លទី២ មួយ​បន្ថែម​ទៀត នៅក្នុង​បរិវេណ​តំបន់ គំរោង​អភិវឌ្ឍន៍ ទីក្រុងថ្មី​ពោងពាយ របស់​ក្រុមហ៊ុន លីយ៉ុងផាត់ ដែលមាន​ទីតាំង​ស្ថិត​ប៉ែក​ខាងជើង នៃរាជ​ធានី​ភ្នំពេញ។

លោក ស៊ីណូ ប៊ុវ៉ាស៊ីហ្សាវ៉ា អគ្គ​នាយក​ក្រុមហ៊ុន អ៊ីអន ខូអ៊ិលធីឌី បានមាន​ប្រសាសន៍ នៅក្នុងសន្និ​សិទ​​កាសែត​នោះថា​ «ការ​សំរេច​ចិត្ត បើកផ្សារទំនើប​អ៊ីអនម៉ល​ទី២ថ្មី​មួយទៀត​នេះ គឺដោយសារ​តែគំរោង​ទីមួយ របស់យើង​ដែលមាន​ឈ្មោះថា​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ ត្រូវបាន​ប្រជាពល​រដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ គាំទ្រ​យ៉ាងខ្លាំង និង​ទទួល​ស្គាល់ថា គឺជាផ្សារ​ទំនើប​មួយ​ដែលមាន​បរិយា​កាសថ្មី សំរាប់​ជាវទំនិញ។ ម្យ៉ាងទៀត​ដោយសារ​មើលឃើញ​ពីភាពរីក​ចំរើន និងការ​អភិវឌ្ឍន៍ របស់​រាជធានី​ភ្នំពេញ យើង​មានបំណង​ផ្តល់ជួន​នូវសេវា​កម្ម និងទំនិញ​ផ្សេងៗ​ជាច្រើន ទៀតដើម្បី​ឆ្លើយតប​នឹងតំរូវ​ការ របស់​អតិថិជន​ដែល​រស់នៅ​តំបន់​ភាគខាង​ជើង​រាជធានី​ភ្នំពេញ ឲ្យបាន​កា​ន់តែទូលាយ​ថែមទៀត»

លោក ម៉ាកុតុ យ៉ាជីម៉ា អគ្គនាយក ក្រុមហ៊ុន អ៊ីអន ខូអ៊ិលធីឌី បានមាន​ប្រសាសន៍​ឲ្យដឹង​ដែរ ថាគំរោង​បង្កើត​ផ្សារ អ៊ីអន​ម៉ល ទី​២​នេះ គ្រោង​នឹងចាប់​ផ្តើមសាង​សង់នៅ​ចុងឆ្នាំ​២០១៦ ហើយៗ​គ្រោង​នឹង បញ្ខប់​ការ​សាងសង់​ក្នុង​រយៈ​ពេល​២០ខែ និងបើក​ដាក់​ឲ្យដំណើរ​ការនៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ផ្សារនេះ​សាងសង់​នៅលើផ្ទៃ​ដីប្រហែល ១០០​ពាន់ម៉ែត្រ​ក្រឡាដែលមាន​ទំហំ​អគារ​សរុប​ប្រមាណ​១៥១​ពាន់ម៉ែត្រ​ក្រឡា រួមទាំង​ចំណត​ធំជាង​ផ្សារទី១ ជាង២​ម៉ឺនម៉ែត្រ​ក្រឡា ទំហំ​ហាង​សរុប​ប្រហែល ៧០៥០០ម៉ែត្រក្រឡា ធំជាងផ្សារទី១ ជា១ម៉ឺនមែត្រក្រឡា និងអាចចតយានយន្តបានប្រហែល ២៥០០គ្រឿង និងម៉ូតូ​ប្រហែល ២០០០​គ្រឿង ហើយគ្រោង​នឹងប្រើប្រាស់​បុគ្គលិក ប្រមាណ​ពី២៥០០​នាក់ឬលើស​ជាងនេះ។ គំរោង​ផ្សារនេះ​លោក​ នៅមិនទាន់​ដឹងច្បាស់ថា​នឹងគ្រោង​ចំណាយ​លើសាង​សង់ការ​សាងសង់​ប៉ុន្មាន​នោះទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative