ផ្សារទំនើប​អ៊ីអន​ម៉ល​ទី២ គ្រោង​នឹង​សាង​សង់ នៅចុង​ឆ្នាំ​២០១៦ នៅ​តំបន់​ពោង​ពាយ

បន្ទាប់ពីផ្សារ​ទំនើប​អ៊ីអន​ម៉ល ភ្នំពេញ​ទទួល​បាន​ជោគជ័យ ដោយមាន​ការគាំ​ទ្រ​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​មជ្ឈ​ដ្ឋាន​នោះ ក្រុមហ៊ុន​អ៊ីអន ខូអ៊ិល​ធីឌី គ្រោង​នឹង​បង្កើត​ផ្សារទំនើប​អ៊ីអន​ម៉ល​ទី២ មួយ​បន្ថែម​ទៀត​នៅក្នុង​បរិវេណ​តំបន់​គំ រោង​អភិ​វឌ្ឍន៍​ទីក្រុងថ្មី​ពោងពាយ របស់​ក្រុមហ៊ុន​លីយ៉ុងផាត់ ដែល​មានទី​តាំង​ស្ថិត​ប៉ែក​ខាងជើង​នៃរាជធានី​ភ្នំពេញ។

21ការបង្កើតផ្សារ​ទំនើប​អ៊ីអន​ម៉ល​ទី២​នេះ ត្រូវបាន​គេ​ធ្វើ​ការ​បង្ហាញ​នៅ​ក្នុង​សន្និ​សិទ​កា​សែត​​មួយ កាលពីថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ ២០១៥ នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ។

លោក ស៊ីណូ ប៊ុវ៉ាស៊ីហ្សាវ៉ា អគ្គ​​នាយក​​ក្រុមហ៊ុន អ៊ីអន ខូអ៊ិល​ធីឌី បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​សន្និ​សិទ​កាសែត​នោះថា «ការ​សំរេច​ចិត្តបើក​ផ្សារ​ទំនើប​អ៊ីអន​ម៉លទី២ ថ្មីមួយ​ទៀតនេះ​គឺដោយ​សារតែ​គំរោង​ទីមួយ​របស់​យើងដែល​មាន​ឈ្មោះ​​ថា​ផ្សារទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ ត្រូវបាន​ប្រជាពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ គាំទ្រ​យ៉ាងខ្លាំង និង​ទទួល​ស្គាល់​ថា​គឺជាផ្សារ​ទំនើប​មួយ​ដែល​មាន​បរិយាកាស​ថ្មី​សំរាប់​ជាវ​ទំនិញ។ ម្យ៉ាងទៀត​ដោយ​សារ​មើលឃើញ​ពីភាព​រីកចំរើន និងការ​អភិវឌ្ឍន៍ របស់​រាជធានី​ភ្នំពេញ យើងមាន​បំណង​ផ្តល់ជួន​នូវ​សេវា​កម្ម​ និង​ទំនិញ​ផ្សេង​ៗ​​​ជាច្រើន​ទៀត ដើម្បី​ឆ្លើយ​តប​នឹងតំរូវ​ការ​របស់​អតិថិជន ដែលរស់​នៅតំបន់​ភាគខាង​ជើង​រាជ​ធានី​ភ្នំពេញ ឲ្យ​បាន​កាន់តែ​ទូលាយ​ថែមទៀត»។ លោកបាន​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន​នេះទីតាំង​របស់​គំរោង​ផ្សារ​ទំនើបទី២ កំពុង​មានការ​អភិ​វឌ្ឍន៍​លំនៅដ្ឋាន​ថ្មីៗ​ជាច្រើន ដូចជា​បុរីពិភពថ្មី​ជា​ដើម ដែលត្រូវ​បានគេរំពឹង​ថានឹងមាន​ការអភិ​វឌ្ឍន៍​បន្ថែម​ទៀត​នៅពេល​អនា​គត​។ ម្យ៉ាងវិញទៀត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចរា​ចរណ៍ ធ្វើដំណើរ​នៅបោះប៉ែក​ខាងលិច​របស់​គំរោង​នេះ មានមហា​វិថី​ហាណូយ​ដែល​អាចជួយ​សំរួល​ដល់ការធ្វើ​ចរាចរណ៍​របស់​ប្រជាពល​រដ្ឋ​កំពុង​រស់នៅក្នុង​តំបន់​ និង​ជុំវិញ។ ចំណែក​ប្រជាពល​រដ្ឋ​នៅទី​ក្រុង​ក៏អាច​ធ្វើដំណើរ​ងាយ​ស្រួល​ផងដែរ។

លោកបានបញ្ជាក់ថា នៅជុំវិញ​គំរោង​សង់​ផ្សារ​៥​គីឡូ​ម៉ែត្រ មាន​ប្រជាជន​រស់​នៅប្រមាណ​៦០​ម៉ឺន​នាក់ ហើយ​ពួកគេ​ភាគ​ច្រើន​មាន​ជីវភាព​កំរិត​ខ្ពស់ មិនចាញ់​នៅតំបន់​បឹងកេង​កង​ឡើយ។ ដូចនេះ​វាជា​អំណោយ​ផលមួយ​ដែលយើង​បង្កើត​ផ្សារទំនើប​ទី២ នោះ​ក្នុងតំបន់​នោះ។

លោកបានបន្តថា តាមពិត​ការបើក​ផ្សារទំនើប​ទី២នេះ យើងមាន​គំរោង​យូរណាស់​មកហើយ ពោល​គឺចាប់​តាំងពី​បើកផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ កាលពីខែ​មិថុនា ឆ្នាំ​២០១៤ មកម្លេះ ប៉ុន្តែ​កាលណោះ​យើងនៅ​មិនទាន់​អាចរក​ទីតាំង​បាន​សមរម្យ។

លោក ម៉ាកុតុ យ៉ាជីម៉ា អគ្គ​នាយក​ក្រុមហ៊ុន អ៊ីអន ខូអ៊ិលធីឌី បានមាន​ប្រសាសន៍​ឲ្យដឹងដែរ​ថា គំរោង​បង្កើត​ផ្សារអ៊ី​អន​ម៉ល ទី២​ នេះ គ្រោង​នឹងចាប់​ផ្តើមសាង​សង់នៅ​ចុងឆ្នាំ​២០១៦ ហើយៗ​គ្រោង​នឹង បញ្ខប់​ការសាង​សង់​ក្នុង​រយៈ​ពេល​២០ខែ និង​បើកដាក់​ឲ្យដំណើរ​ការ​នៅពាក់​កណ្តាល​ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ផ្សារនេះ​សាងសង់​នៅលើផ្ទៃ​ដីប្រហែល​១០០​ពាន់ម៉ែត្រ​ក្រឡា ដែល​មាន​ទំហំ​អគារ​សរុប​ប្រមាណ​១៥១​ពាន់​ម៉ែត្រ​ក្រឡា រួមទាំង​ចំណត​ធំជាង​ផ្សារទី១ ជាង២​ម៉ឺន​ម៉ែត្រ​ក្រឡា ទំហំ​ហាង​សរុប​ប្រហែល​៧០៥០០​ម៉ែត្រ​ក្រឡា ធំជាង​ផ្សារ​ទី១ ជា១ម៉ឺន​មែត្រ​ក្រឡា និងអាច​ចតយាន​យន្ត​បាន ប្រហែល​២៥០០​គ្រឿង និងម៉ូតូ​ប្រហែល​២០០០​គ្រឿង ហើយគ្រោង​នឹងប្រើប្រាស់​បុគ្គលិក​ប្រមាណ​ពី២៥០០​នាក់ ឬលើស​ជាងនេះ។ គំរោង​ផ្សារនេះ​លោក​នៅ​មិនទាន់​ដឹងច្បាស់​ថា នឹងគ្រោង​ចំណាយ​លើសាង​សង់ការ​សាងសង់​ប៉ុន្មាន​នោះទេ។

លោកបានបន្ថែមថា ផ្សារទំនើប​ទី២​នេះ មានការ​រចនា​ម៉ូដថ្មី​គួរឲ្យទាក់​ទាញ សំរាប់​យុវវ័យ និង​មនុស្ស​ជំនាន់​ក្រោយ។ រីឯ​សម្ភារៈ​ដែល​ដាក់លក់​នៅផ្សារ រិតតែ​ទាក់ទាញ​ទៅទៀត ព្រោះយើង​នឹងនាំមក​ជួននូវ​ទំនិញថ្មីៗ​សំបូរ​បែប និង​ប្លែក ដែលមិន​ធ្លាប់មាន​ពីមុនមក​នៅប្រទេស​កម្ពុជា។ ក្រៅពីនេះ​យើង​នឹងពង្រីក​ការ​កំសាន្ត និងបង្កើត​បរិយាកាស​ថ្មីៗ ដើម្បី​ទាក់ទាញ​អតិថិ​ជន​ជាលក្ខណៈ​គ្រួសារ និង​មនុស្សំ​ជំនាន់​ថ្មី។

បច្ចុប្បន្ននេះ នៅរាជធានី​ភ្នំពេញ មានផ្សា​រទំនើប​ជាច្រើន បានបង្កើត​ឡើងស្រប​ទៅតាមការ​រីក​ចំរើន របស់​សេដ្ឋកិច្ច និងជីវ​ ភាព របស់​ប្រជាពល​រដ្ឋ ដែលនិយម​ចូលចិត្ត​ដើរ​កំសាន្ត នៅតាម​ផ្សារ​ទំនើប ជាក់ស្តែង​ផ្សារ​ផាកសុន របស់​ម៉ាឡេស៊ី បាន​នឹង​កំពុង​សាងសង់​នៅម្តុំ ព្រលាន​យន្ត​ហោះ ភ្នំពេញ​អន្តរ​ជាតិ ដែលជា​ដៃគូ​ការប្រគួត​ប្រជែង​មួយ សំរាប់​ផ្សារទំនើប​អ៊ីអន​ម៉ល។

លោក ម៉ាកុតុ យ៉ាជីម៉ា បានបញ្ជាក់​ថា បញ្ហានេះ​យើងបាន​ត្រៀមខ្លួន​រួចជា​ស្រេច​ហើយ ក្នុងការ​ប្រគួត​ប្រជែង​ជាមួយ​ផ្សារ​ ផាកសុន និងផ្សារ​ទំនើប​ផ្សេងៗ​ទៀត។ លោកបាន​បន្តថា វាជា​ការ​ល្អប្រសើរ​សំរាប់​ប្រជាជន​កម្ពុជា ដែលមាន​ផ្សារ​ទំនើប​ច្រើន​ដោយពួក​គាត់អាច​ជ្រើសរើស​បាននូវ​ទំ​និញ​ដែលចង់​បាន​ពិសេស​ទំនិញ​ដែលមាន​គុណភាព​ល្អៗ។

តែយ៉ាងណា​ក៏ដោយ លោកមិន​មានការ​ព្រួយបារម្ភ​នោះទេ ព្រោះថា​ផ្សារទំនើប​អ៊ីអន​ទាំងទី១ និងទី២ សុទ្ធតែ​ដាក់លក់​នូវ​ទំ​និញ​ថ្មីប្លែក ដែលផ្សារ​ដ៏ទៃទៀត​មិនមាន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative