ក្រសួង​ឧស្សាហ​កម្ម​ចុះ​បណ្តុះ​បណ្តាល​ SME ​ដើម្បី​បង្កើន​ផលិត​ភាព

ក្នុងគោលដៅ​ពង្រីក​ផលិត​ភាព និងភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​សហគ្រាស​​ខ្នាត​តូច និង​មធ្យម (SME) ក្រសួង​ឧស្សាហ​កម្ម និង​សិប្ប​កម្ម បាន​នឹង​កំពុង​បន្ត​ចុះធ្វើ​​ការ​បណ្តុះ​បណ្តាល ម្ចាស់​សហគ្រាស​ទាំងនោះ​នៅតាម​បណ្តា​ខេត្ត ដើម្បី​ពួក​គេ​ទទួ​ល​បាន​ចំណេះ​ដឹងថ្មីៗ​ពាក់ព័ន្ឋ​នឹង​វិស័យ​នេះ។

2ឯកឧត្តម ហេង សុខគង់ រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម បាន​​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ដើម​សប្តាហ៍​នេះថា មន្រ្តី​ជំនាញ​ក្រសួង​បាន និង​កំពុង​​ចុះ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ដល់​សហគ្រាស​ក្នុង​ស្រុក នៅតាម​ខេត្តមួយ​ចំនួន​ដូចជា ខេត្តតាកែវ កំពត កំពង់​ចាម សៀមរាប​ជាដើម ដើម្បីពួក​គេ​អាច​បង្កើន​ផលិត​ភាព និង​កាត់បន្ថយ​ថ្លៃដើម​លើ​ផលិត​ផល​របស់​ពួកគេ រួមទាំង​ការកាត់​បន្ថយ​ការ​បំពុល​​បរិស្ថាន​ផង​ដែរ​។

ឯកឧត្តមបន្តថា នាពេល​កន្លង​មក​នេះ ក្រសួង​បានរៀប​ចំកម្ម​វិធី​ប្រកួត​ពាន​​រង្វាន់​ស៥ ពាន​រង្វាន់​សហគ្រាស​ឆ្នើម​វ័យក្មេង និង​ពាន​រង្វាន់​មួយចំនួន​ទៀត​ក្នុង​​គោ​ល​​ដៅ​លើក​ទឹកចិត្ត​ដល់​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ស្រុកឲ្យ​ពង្រឹង​​គុណ​ភាព បង្កើន​ផលិត​ភាព​លើ​ផលិត​ផល​របស់​ពួកគេ ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​​ជាមួយ​​ប្រ​ទេ​ស​ក្នុង​តំបន់ នៅពេល​កម្ពុជា​ធ្វើ​សមា​ហរណកម្ម​​សេដ្ឋកិច្ច​​ជាមួយ​បណ្តា​ប្រទេស​​ក្នុងតំបន់​នាពេល​ខាងមុខ​នេះ។

ពានរង្វាន់ស៥ សំដៅ​ដល់​ផលិត​កម្ម​ដែល​គោរព​បាននូវ​ភាពស្អាត សុវត្ថិភាព សណ្តាប់​ធ្នាប់ សន្សំ​សំចៃ និង​សង្វាក់​ផលិត​កម្ម​ស្អាត។

ឯកឧត្តម ហេង សុខគង់ បានបន្ត​ថា កម្មវិធី​បណ្តុះ​បណ្តាល​នេះ បានរៀប​ចំ​​ដោយ​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម សហ​ការ​ជាមួយ​អង្គការ​ផលិត​ភាព​​អាស៊ា​ន​ (IPO)  និង​ទីភ្នាក់​ងារ​ស​ហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន​ហៅកាត់​ JICA។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ឋ​សមាគម​សហគ្រាស​ខ្នាតតូច និង​មធ្យ​ម​កម្ពុជា បានថ្លែង​ថា ក្រសួង ពិតជា​បានចុះ​ធ្វើ​ការងារ​​ដុត​ដៃ​ដុតជើង ជាមួយ​ម្ចាស់​​សហគ្រាស​នានា​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ដែលការ​បណ្តុះ​បណ្តាល​​បែប​នេះ គឺជួយ​ឲ្យ​ផលិត​ភាព​របស់​សហគ្រាស​ទាំង​​នោះ ​កាន់តែ​មានភាព​ប្រសើរ​ ទ្បើង និង​អាច​កាត់​បន្ថការ​ខាតបង់ ពី២​០​ទៅ​ ៣០​ភាគ​រយ​។ លើសពីនេះ​ក្រសួ​ង​​បា​ន​ចុះ​ប្រឹក្សា​ជាមួយ​ម្ចាស់​សហគ្រាស​ខ្នាត​​តូច និង​មធ្យម​ពាក់ព័ន្ឋ​បញ្ហា​ផ្លូវច្បាប់ និង​​បាន ជួយ​សម្រប​សម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ឋ​ផងដែរ។

លោកបន្តថា “ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ ក្រសួង​បានបង្ហាញ​ឆន្ទៈ​យ៉ាងពិត​​ប្រាកដ ក្នុងការ​រៀបចំ​គោល​នយោបាយ​នានា ដើម្បី​លើក​កំពស់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅកម្ពុជា​យ៉ាង​សកម្ម”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative