ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ យាង​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ តំលៃ​ជាង​២,៦លាន​ដុល្លា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​សម្តេច ព្រះ​ មហា​ក្សត្រី នរោត្តម​មុនិនាថ សីហនុ ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ កាលពី​ថ្ងៃទី​០៦​ ខែសីហា ឆ្នាំ​២០១៥​បាន​យាង សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «ព្រះ​សីហនុរាជ» ដែល​មានតម្លៃ​ជាង២,៦​លានដុល្លា​អាម៉េរិក ស្ថិត​នៅក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា-​សូវៀត ។

3ដង្ហែព្រះរាជ​ដំណើរ របស់​សម្តេច​ម៉ែ ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​នេះ រួមមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា  សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្តេច​ចៅហ្វា​វាំង វរវៀង ជ័យ អធិបតី ស្រឹង្គា គង់ សំអុល ឧបនាយក​រដ្ឋ​ម​ន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរម​រាជវាំង សម្តេច ក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ ព្រម​ទាំង​ថ្នាក់ ដឹកនាំ​កំពូលៗ​ក្នុងស្ថាប័ន​ជាតិ និង​ឯកអគ្គ​រាជទូត ឯក​អគ្គ​រដ្ឋទូត​បណ្តា​ប្រទេស ជាមិត្ត ប្រចាំ​កម្ពុជា​ផងដែរ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ថា អគារ​មណ្ឌល​ព្យាបាល មនុស្ស​ចាស់​ «ព្រះ​សីហនុ​រាជ» ជាអគារ​ដ៏ទំនើប​ឥតខ្ចោះ​មានកំពស់​៤ជាន់ រួម​បញ្ចូលទាំង​ជាន់ផ្ទាល់​ដី សាងសង់​លើផ្ទៃ​ដី ចំនួន​៥០៤៨​ម៉ែត្រ​ក្រឡា និង​មានចំណុះ​គ្រែ ចំនួន​៥១គ្រែ។  លោក​រដ្ឋមន្ត្រី​បានបន្ត​ថា មន្ទីរ​ពេទ្យ​មិត្តភាព កម្ពុជា-​សូវៀត ជា​សមិទ្ធ​ផល​ត្រូវបាន​កសាង​ឡើងនៅ ឆ្នាំ​១៩៦០ ក្នុងសម័យ​សង្គមរាស្ត្រ​និយម ដែលនៅ​ក្នុងរយៈ​ពេលជាង​៥០ឆ្នាំ កន្លង​មកមន្ទីរ​ពេទ្យនេះ​នៅ​តែមាន​តួនាទីដ៏​សំខាន់ ក្នុងការព្យា​បាល​ជូនប្រជារាស្ត្រ​កម្ពុជា។ មន្ទីរ​ពេទ្យ​នេះ​បានសម្ពោធ​នៅ ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ​១៩៦០ ដែល​កាល​ណោះ​ដាក់​ឈ្មោះ​ថា មន្ទីរ​ពេទ្យ​កម្ពុជា‑​សូវៀត។

សម្តេចព្រះមហាក្សត្រី ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ បានមាន​ព្រះរាជ​សវនីយ៍​ថា ការកសាង​នេះ ជាការ​រំឭក​នូវព្រះ​រាជ​គុណូប​ការៈដ៏​ធំធេង​របស់​ព្រះករុណា ព្រះ​បាទ​​សម្តេច​ព្រះ​នរោត្តម សីហនុ «ព្រះ​ករុណា ព្រះបរម​រតន​កោដ្ឋ» ជាទី​គោរព សក្ការៈ​ដ៏ខ្ពង់​ ខ្ពស់​បំផុត ដែលកាល​ព្រះអង្គ​នៅគង់​ព្រះជន្ម ព្រះអង្គ​បានកសាង សមិទ្ធផល​ផ្នែក​សុខា​ភិបាល ដើម្បី​ថែទាំ និង​ព្យាបាល​សុខ​ភាព​របស់​ប្រជារាស្ត្រ ជាកូន​ចៅ ចៅទួត​របស់​ព្រះអង្គ។

សម្តេចម៉ែ មាន​ព្រះរាជ​សវនីយ៍​ថា ថវិកា ដែល​បាន​ចំណាយ​លើការ​សាង​សង់​អគារ​ព្យាបាល​មនុស្ស​ចាស់នេះ បានមក​ពីព្រះ​ករុណា​ព្រះមហា​ក្សត្រ និង តង្វាយ​របស់​សប្បុរស​ជន​ជាតិ-​អន្តរ​ជាតិ ដែល​បានចូល​ជាវិភាគ​ទាន ក្នុង​ឱកាស ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ «ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ» ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ បំផុត នៅពេល​កន្លង​ទៅ និង​បន្ត​បន្ទាប់​ជា ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេ ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​​កម្ពុជា​បានជួយ​ឧបត្ថម្ភ​ថវិកា យ៉ាងច្រើន​អាចឱ្យ​ការសាង​សង់​អគារ​នេះ មានដំ​ណើរ​ការទាន់​ពេល​វេលា ។ សម្តេច​ម៉ែមាន​ព្រះ​សវនីយ៍​ថា ខ្ញុំព្រះ​ករុណា ខ្ញុំសូម​អរគុណ​ចំពោះ​ការ​ឧបត្ថម្ភ ថវិកា​ជាច្រើន សម្រាប់​កសាង​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «ព្រះ​សីហនុ រាជ» នៅមន្ទីរ​ពេទ្យមិត្ត​ភាព​កម្ពុជា-​សូវៀត​នេះ សម្រាប់​ជួយ​សម្រាល​សេចក្តី​ទុក្ខ ​លំបាក​របស់​ប្រជារាស្ត្រ​កម្ពុជា និងជា​ការ​អភិវឌ្ឍ​ផ្នែកវិស័យ​សុខាភិបាល​ផងដែរ ។

សម្តេចម៉ែមានព្រះ​សវនីយ៍​ថា នៅក្នុងថ្ងៃ​ដ៏នក្ខត្ត​ឫក្ស​នេះ ខ្ញុំព្រះ​ករុណា ខ្ញុំ​សូម​អប​អរ​សាទរ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «ព្រះ​សីហនុ រាជ» នៅមន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត​នេះ សូម​ប្រសិទ្ធពរ​ឱ្យ​អគារ​មណ្ឌល ខាងលើ​នេះមាន​ដំណើរ​ការ​ប្រកប​ដោយ​ជោគ​ជ័យ និង​ទទួល​បានការ​ឧបត្ថម្ភ គាំទ្រ​បន្ថែម​ទៀត ពីគ្រប់​មជ្ឈ​ដ្ឋាន​ជាតិ និង​អន្តរ​ជាតិ ដើម្បី​រួម​ចំណែក​ថែ​រក្សា ព្យាបាល​សុខភាព​មនុស្ស​ចាស់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative