៦ខែឆ្នាំនេះ មាន​អ្នក​រងគ្រោះ​​ដោយ​សារ​​គ្រាប់មីន ៦៤​នាក់​ថយចុះ៣៧​ភាគរយ

នៅក្នុងរយៈពេល​៦ខែ ឆ្នាំ​២០១៥ នេះ មានអ្នក​រង​របួស និង​​ស្លាប់​​​ដោយ​សារ​​តែ​​គ្រាប់​មីន មាន​​ចំនួន​៦៤នាក់។ ចំនួន​​នេះ​បើ​​ប្រៀប​ធៀប​​ទៅនឹង​​រយៈ​ពេល​​ដូចគ្នា កាលពី​​ឆ្នាំមុន ថយចុះ​​ប្រហែល ៣៧ ភាគរយ ដែលមាន​​អ្នក​របួស ​និង​​ស្លាប់​ចំនួន​ ១០១​នាក់​។

2លោក ឡេង ជ្រាង ប្រធាន​នាយក​ដ្ឋាន​អប់រំ ផ្សព្វ​ផ្សាយ​ជួយជន​រងគ្រោះ ដោយ​សារមីន និង​អភិវឌ្ឍន៍ ក្រោយ​ការសំអាត​មីននៃ​មជ្ឈ​មណ្ឌល ​សកម្មភាព​​កម្ចាត់​មីន​​កម្ពុជា បានប្រាប់​កាល ពីថ្ងៃ​ទី៥សីហា ឲ្យដឹងថា​ក្នុងរយៈ​ពេល៦​ខែនេះ ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រាប់មិន​ទាន់ផ្ទុះ ចំនួន​៥៥​ករណី ក្នុងនោះ​មានគ្រោះ​ថ្នាក់ដោយ​គ្រាប់មីន​ ចំនួន​១៩​ករណី និង​គ្រាប់មិន​ទាន់ផ្ទុះ ចំនួន​៣៦​ករណី បណ្តាល​ឲ្យស្លាប់ និងរបួស​ចំនួន​៦៤នាក់ ក្នុង​នោះដោយ​សារ​គ្រាប់មីន​១៧នាក់ និង​គ្រាប់មិន​ទាន់ផ្ទុះ​៤៧នាក់។ ក្នុងចំ​ណោម​នោះ​ មាន​​មនុស្ស​១១នាក់​ បាន​ស្លាប់​​ពិការ​១១នាក់ និង​របួស​៤២នាក់។

លោកបានបន្តថា ចំនួន​បើប្រៀប​ធៀប​នឹងរយៈ​ពេលដូចគ្នា​ឆ្នាំ២០១៤ ឃើញថា​មានការ​ថយ​ចុះ ៣៧​ភាគរយ ​ដែល​នៅក្នុង​៦ ខែឆ្នាំ​មុន មាន​ករណី​រងគ្រោះ​ដោយសារ​គ្រាប់​មីន និងគ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៦៥ករណី ក្នុងនោះ​គ្រាប់មីន​៣៥​ក​រណី និង​គ្រាប់​មិនទាន់​ផ្ទុះ ៣០ករណី បណ្តាល​ឲ្យមនុស្ស​ស្លាប់ និង​របួស​១០១​នាក់ ដោយសារ​គ្រាប់មីន​ចំនួន​៤២នាក់ និង​គ្រាប់​មិន​ទាន​ផ្ទុះ ចំនួន​៥៩នាក់។ ក្នុង​ចំណោម​អ្នករង​គ្រោះ ១០១​នាក់នោះ មានអ្នក​ស្លាប់​ចំនួន​១៤នាក់​ពិការ​២៥នាក់ និង​រង​របួស​ចំនួន​ ៦២នាក់។ ក្នុង​ចំ​ណោម​​អ្នករង​របួស​​ទាំងនោះ គឺ​ភាគ​ច្រើន​៩១​ភាគរយ​​ជា​បុរស។

លោក ឡេង ជ្រាង បានបន្ថែម​ឲ្យដឹង​ទៀតថា តាមផែន​ការនៅ​​ឆ្នាំ​២០១៥​​នេះ មជ្ឈ​មណ្ឌល​​សកម្មភាព​​កម្ចាត់​មីន​​កម្ពុជា ហៅ​​កាត់ ស៊ីម៉ាក់ គ្រោងនឹង​បង្កើន​​ទំហំ​ផ្ទៃ​ដី ​ក្នុងការ​​បោសសម្អាត​​មីន និង​គ្រាប់​​យុទ្ធ​ភ័​ណ្ធ​​មិនទាន់​​ផ្ទុះ ដល់​ទៅ​​ជាង២០០​​គីឡូម៉ែត្រ​ ​ក្រឡា ដោយ​ត្រូវ​​ចំណាយ​​ប្រាក់​ប្រមាណ ១៤​លាន​​ដុល្លា​ អាមេរិក​ ដែលកាល​ពីឆ្នាំ​​២០១៤ ផ្ទៃដី​​ដែល​មជ្ឈ​មណ្ឌល​​ត្រូវ​​រំដោះ​ និង ​បោសសម្អាត​​គ្រាប់មីន និង​គ្រាប់​​មិនទាន់​​ផ្ទុះ មាន​ទំហំ​​ត្រឹម​ជាង ៨០​​គីឡូ​ម៉ែត​​ក្រឡា​​ប៉ុណ្ណោះ​។

ប្រទេស​កម្ពុជា​​គឺជា​ប្រទេស​មួយ ដែល​រង​ផល​ប៉ះពាល់​​ដោយសារ​​គ្រាប់មីន​​ច្រើនជាងគេ​ នៅលើ​​ពិភព​លោក ដែល​តាម​​ការប៉ាន់​ស្មាន​​មាន​ចំនួន​​គ្រាប់មីន និង​​យុទ្ធភណ្ឌ​​មិនទាន់​​ផ្ទុះ ប្រមាណ​​ជា៤ ទៅ​៦លាន​​គ្រាប់ ​កប់​ក្រោ​ម​ដី នៅសល់​​ពី​​សង្គ្រាម និង​​ជម្លោះ​ផ្ទៃក្នុង៣ ទសវត្ស​​កន្លង​មកនេះ។

កាលពី​ខែមេសា ​កន្លង​មក អង្គការ​ក្រៅ​រដ្ឋាភិបាល​​របស់​​ប្រទេស​​ប៊ែ​ល​ហ្ស៊ិ​ក បាន​​សហការ​​ជាមួយ​​មជ្ឈ​មណ្ឌល​​កំចាត់​​មីន​​កម្ពុជា ដោយបាន​​នាំ​សត្វ​​កណ្ដុរ​​ដោះមីន​​ពី​អាហ្វ្រិក ​ចំនួន​១៥​ក្បាល​​មក​​កម្ពុជា ដើម្បី​​ជួយ​ដោះ​មីន​​ក្នុង​ប្រទេស​​កម្ពុជា។

គួរ​បញ្ជាក់ថា រហូត​មកដល់​ពេលនេះ ​ផ្ទៃដី​​ដែល​​រំដោះ​​ពេញ​លេញ​​បាន​ចំនួន​​ជាង ៦០០​គីឡូម៉ែត្រ​​ក្រឡា និង​ផ្ទៃដី​​សង្ស័យ​​បាន​រំ​ដោះ​​ជូន​​ប្រ​ជា​ពល​រដ្ឋ បាន​ប្រមាណ​​ជិត ២​ពាន់​​គីឡូ​ម៉ែត្រក្រឡា​។ ​ស៊ីម៉ាក់​ បានធ្វើ​ការ​ស្រាវ​ជ្រាវ​​លើ​ផ្ទៃដី ដែល​​នៅ​​សេស​ សល់​​គ្រាប់​មីន និង​គ្រាប់​​មិនទាន់​​ផ្ទុះ មាន​ចំនួន​​ប្រមាណ​​ជាង ២​ពាន់​​គីឡូ​ម៉ែត្រ​ក្រឡា នៅក្នុង​​ប្រទេស​​កម្ពុជា ហើយ​​តាម​​ពង្រៀង​ ផែនការ​​របស់​​អង្គភាព​​ស៊ីម៉ាក់ នឹងធ្វើ​​ការ​ដោះ​​បោស​សំអាត​​មីន​លើ​​ផ្ទៃដី​​ប្រមាណ​​ជាង ១​ពាន់​​គីឡូ​ម៉ែត្រ ក្រឡា​​ទៀត​ ក្នុង​រយៈ​ពេល ៥​ឆ្នាំ​​ខាងមុខ​នេះ មានន័យ​ថា គឺ​​ប្រមាណ ៥០​​ភាគរយ នៃ​ផែន​ការ​លើ​​ផ្ទៃដី​​មាន​មីន​​ប្រមាណ ២​ពាន់​​គីឡូ​ម៉ែត្រ​ក្រឡា​។​ ក្រៅពី​នេ​ស៊ីម៉ាក់​​បានធ្វើ​​សកម្មភាព​​បោស​សំអាត​​មីន​គ្រាប់​​មិនទាន់​​ផ្ទុះ និង​​កំទេច​ចោល បាន​​ប្រមាណ​​ជាង ២​លាន ៧​សែន​​គ្រាប់​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative