មជ្ឈ​មណ្ឌល​ជាតិ ជំងឺ​មហារីក​ទំនើប​កម្រិត​ពិភព​លោក នឹង​បើក​ដំណើរ​ការ​​នៅ​ឆ្នាំ២០១៦

មជ្ឈមណ្ឌលជាតិ​ជំងឺ​មហារីក​កម្ពុជា មានទីតាំង​ស្ថិតនៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដែល​មាន​លក្ខណៈ​ស្តង់ដា​អន្តរ​ជាតិ នឹង​ បើក សម្ភោធ​ដាក់ឲ្យ​ដំនើរ​ការនៅ​ចុងឆ្នាំ​​២០១៦ ខាងមុខ​នេះ​ប្រសិន​ជាគ្មាន​អ្វីប្រែ​ប្រួល​ទេនោះ។

1លោកសាស្រ្តាចារ្យ អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត បានថ្លែង​ឲ្យដឹង​តាមទូរ​ស័ព្ទ​កាលពី​ពេលថ្មីៗ​នេះថា មជ្ឈ​មណ្ឌល​ជាតិ​ជំងឺ​ម​ហារីក​ថ្មីនេះ យកគំរូ​តាម​មជ្ឈ​មណ្ឌល​ជំងឺ​មហារីក​នៃប្រទេស​សឹង្ហ​បុរី និង​​មាន​លក្ខណៈ​ទំនើប​ដូច​មជ្ឈ​មណ្ឌល​ពិនិត្យ និង​ព្យាបាល​ជំងឺ​មហា​រីក​នៅ​តា​ម​​បណ្តា​ប្រទេស​ជឿន​លឿន​នានា​នៅ​លើ​ពិភព​លោក ។ លោក​បន្ត​ថា មជ្ឈ​មណ្ឌល​នេះ​បាន​បញ្ចុះ​បឋម​សិលា​សាង​សង់​កាល​ពីខែ មករា ដើម​ឆ្នាំនេះ និងគ្រោង​ដាក់ឲ្យ​ដំនើរ​​ការនៅ​ចុងឆ្នាំ​២០១៦​ខាងមុខ។

លោកបន្តថា​ “មជ្ឈ​មណ្ឌល​ថ្មីនេះ​គ្រោង​ចំណាយ​ទុនពី​៤០ ទៅ​៥០លាន​ដុល្លារ​​អាមេរិក ជាការ​ចំណាយ​ទុនយ៉ាង​ច្រើន​បំផុត​ ព្រោះ​មជ្ឈ​មណ្ឌល​នេះ ធ្វើទ្បើង​ស្រប​​តាមស្តង់ដា​អន្តរជាតិ​”។ លោកបន្ត​ថា  “អាគារ​កំពស់​៨ជាន់​របស់​មជ្ឈ​មណ្ឌល​នេះ​មាន​ភាព​ទំនើប ព្រោះនៅ​បន្ទប់​ព្យាបាល​ដោយប្រើ​កាំរស្មី​ និង​វេជ្ជ​សាស្រ្ត​នុយ​ក្លេអ៊ែរ ការចាក់​ជញ្ជាំង គឺត្រូវ​ចាក់​បេតុង​សុទ្ឋ​មាន​កម្រាស់​រហូត​ដល់​១.៧០​ម៉ែត្រ”។

មជ្ឈមណ្ឌល​ជាតិ​នេះ នឹងប្រើប្រាស់​វិធី​សាស្រ្ត​ព្យាបាល​ទំនើបៗ​សំខាន់​ចំ​​នួន​បី ដែលបាន​ នឹង​កំពុង​អនុវត្តន៍​នៅ​លើ​ពិភព​ លោក​ ដូចជា​ទី១ ការព្យា​បាល​ដោយ​​កាំ​​រស្មី​​វេជ្ជសាស្រ្ត​នុយ​ក្លេអ៊ែរ ទី២ ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំគីមី និង​ថ្នាំឆ្លាតៗ ​(target​ treatment) និងទី៣ ព្យាបាល​ជំងឺ​មហារីក​ និងជំងឺ​ឈាម​ដោយការ​បន្សាំ​ខួរឆ្អឹង។

លោកសាស្រ្តាចារ្យ អ៊ាវ សុខា បានបន្ត​ថា មជ្ឈ​មណ្ឌល​នេះនឹង​ប្រើ​ប្រាស់​ពីរ​ផ្នែក ទី១ សម្រាប់​ជា​មជ្ឈ​មណ្ឌល​សម្ភព​ជាតិ​ និង​ទី២ ជា​មជ្ឈ​មណ្ឌល​ជាតិ​ជំងឺ​​មហា​រីក ដែល​ជាជំងឺ​កំពុង​មាន​ការកើន​ទ្បើង​នៅ​លើ​ពិភព​លោក ក៏ដូច​ជាប្រទេស​​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative