រយៈពេល​២ថ្ងៃ មន្ទីរ​ពេទ្យ​រុស្សី ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក ដល់​ប្រជាពល​រដ្ឋ​ជាង​៤០០​នា​ក់ ដោយ​ឥត​គិត​ថ្លៃ

ប្រធានមន្ទីរពេទ្យ ​មិត្តភាព​​ខ្មែរ-​សូវៀត បានឲ្យ​ដឹងថា​ នៅក្នុង​រយៈ​ពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ ទី​៣ និង​​ថ្ងៃ​ទី​​៤ខែ សីហា​ឆ្នាំ​២០១៥ មន្ទីរ​ពេទ្យ ​មិត្តភាព​​ខ្មែរ-​សូវៀត បាន​ផ្ដល់​​ការ​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​ភ្នែក ​ដោយ​​ឥត​បង់​​ថ្លៃ ចំនួន​ជាង​៤០០នាក់។

3លោកសាស្ត្រាចារ្យ  ងីម៉េង នាយក​មន្ទីរ​ពេទ្យ ​មិត្តភាព​​ខ្មែរ-​សូវៀត បានប្រាប់​កាលពី​រសៀល​ថ្ងៃទី ០៤ សីហា ថា​ក្នុង​រយៈ​ពេលពីរ​ថ្ងៃនេះ​មន្ទីរ​ពេទ្យ ទទួល​បាន​ប្រជាពល​រដ្ឋ​ មានបញ្ហា​ភ្នែក មក​ពិនិត្យ និង​ព្យាបាល​ភ្នែក ប្រមាណ​ជាង​៤០០​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ដែល​ត្រូវ​វះកាត់​ប្រមាណ​៥០​នាក់។ ព្រោះ​ថាគ្រាន់​តែនៅ​ថ្ងៃ​ទី៣ សីហា​ ជាថ្ងៃ​បើការ​ព្យាបាល​ដំបូង មាន​ប្រជាពល​រដ្ឋ មក​ទទួល​សេវា​ប្រមាណ​២០០​នាក់ ក្នុងនោះ​មានអ្នក​ជំងឺ​ដែលត្រូវ​ធ្វើការ​វះកាត់​ភ្នែក ប្រមាណ​ជាង​២០នាក់។

លោកសាស្ត្រាចារ្យ បាន​បន្តថា​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥតគិត​ថ្លៃ​នេះ​គឺដើម្បីឲ្យ​បងប្អូន​ប្រជាពល​រដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ ដែលមាន​បញ្ហា​ភ្នែក​បាន​មក​ទទួល​ព្យាបាល​ភ្នែក និង​ចង់​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​តែងតែ​គិតគូរ​ពីសុខភាព​របស់ ប្រជាពល​រដ្ឋ ពិសេស​ប្រជាពល​រដ្ឋ​ដែល​មិនមាន​លទ្ធភាព ក៏​ទទួល​បាន​ការ​ព្យាបាល​ដែរ។ លោកសាស្ត្រា​ចារ្យ​បានបន្តែម​ថាជារៀង​រាល់​២​ទៅ​៣ខែ​ម្តង មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ​សូវៀត តែងតែ​រៀបចំ​កម្ម​វិធី​ការ​ពិនិត្យ​ព្យាបាល​ដោ​យ​ឥតគិត​ថ្លៃដល់​ប្រជាពល​រដ្ឋ​យើង​ពិសេស។

លោក​វេជ្ជ​បណ្ឌិត សាលី ធារិទ្ធ គ្រូពេទ្យ​នៅមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ​សូវៀត​បាន មាន​​ប្រសាសន៍​​ថា ដោយ​ឡែក​​នៅ​ថ្ងៃ​​ទី​១៧​ ដល់​​​ថ្ងៃ​ទី​២១ ខែ​សីហា ដដែល​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត សហការ​​ជាមួយ​​វេជ្ជបណ្ឌិត​​ឯកទេស​​ជំងឺ​​បាត​ភ្នែក​ មក​ពី​​ប្រទេស​ ​អូស្ត្រាលី ក៏​នឹង​​ផ្ដល់​​សេវា​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​បាត​ភ្នែក​​ដែរ ជាពិសេស​​អ្នក​ជំងឺ​​ទឹក​​នោម​ផ្អែម។ លោក​​អំពាវ​នាវ​​ដល់​​អ្នក​​ជំងឺ​​ដែល​មាន​​បញ្ហា​ភ្នែក ឲ្យ​រួស​រាន់​មក​​ទទួល​​សេវា​នេះ។

លោកសាស្ត្រាចារ្យ ងី ម៉េង ដែលជា​ប្រធាន​កម្ម​វិធី​ជាតិ​សុខភាព​ភ្នែក បានឲ្យ​ដឹងដែរ​នោះថា តាម​ស្ថិតិ​ប្រចាំ​ឆ្នាំ នៅ​កម្ពុជា​មាន​អ្នក​ពិការ​ភ្នែក​ប្រមាណ​០,៣៨% ក្នុងនោះ​ភាគ​ច្រើន​បង្កឡើង​ដោយ​ជំងឺ​ឡើង​បាយ។ ក្នុង១​ឆ្នាំ​កម្ម​វិធី​ជាតិ បាន​ព្យាបាល​លើជំងឺ​ឡើង​បាយកែវ​ភ្នែក ប្រមាណ​២​ម៉ឺននាក់ ក្នុង​ចំណោម​១លាន​នាក់ ក្នុង​ដែល​ចំនួន​នេះនៅ​មិនទាន់​លុប​បំបាត់​បាន​នូវពិការ​ភ្នែក​ក្នុង​ទូទាំង​ប្រទេស​បានទេ។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative