ក្រុមម៉ូតូធំ M Sport បន្ត​​បេសក​​កម្ម ​ចុះ​ចែក​អំ​ណោយ​ និង​​សម្ភារៈ​​សិក្សា​ ដល់​​​ទុរ​គត​ជន​​នៅ​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង​​

យុវជនក្រុមម៉ូតូធំ M Sport Family ប្រមាណ​ជាង​​៥០នាក់ បានធ្វើ​ដំណើរ​​ទៅ​កាន់​ ខេត្ត​កំពង់​ឆ្នាំង ដើម្បី​​ធ្វើការ​​ចែក​អំ ណោយ​​ដល់​​ក្រុម​គ្រួសារ​ក្រីក្រ និង​​ចែក​សម្ភារៈ​សិក្សា​ ដល់​​សិស្ស​​ចំនួន​១០៥​នាក់ និង​ចែក​សម្ភារៈ​សិក្សា ដល់​សិស្សានុ​សិស្ស​​ក្នុង​​សាលា​បឋម​សិក្សា ​តាក​កោះ។

2 អំណោយ​ដែលផ្តល់​ជូន​សិស្សា​នុសិស្ស ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​​កំពង់​រាំង ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​​ឆ្នាំង ដោយ​​ក្នុង​សិស្ស​ម្នាក់​ៗ​​ទទួល​​បាន​កា​បូប​​ស្ពាយ១ សៀវ​ភៅ​សរ​សេរ​៣​ក្បាល​ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និង​​ថវិកា​​ចំនួន​​​២០០០ រៀល។

​លោក​ខៀវ បញ្ញា​រិទ្ធ ប្រធាន​ក្រុមម៉ូតូ​ធំ M Sport បាន​ជួប​​សំណេះ​​សំណា​ល ​និង​សួរ​​សុខ​ទុក្ខ​ និង​​ពន្យល់​​ដល់​ប្អូនៗ​​អំពី​សារៈ​សំខាន់​​នៃការ​​សិក្សា និង​​ឲ្យប្អូនៗ​​ទាំង​អស់​ខិតខំ​ប្រឹង​ប្រែង​​រៀន​សូត្រ​ ដើម្បី​ក្លាយ​ទៅជា​សសរ​ទ្រូង​សម្រាប់​​អភិវឌ្ឍន៍​​ប្រទេ​ស​​ជាតិ។ លោក​បាន​បញ្ជាក់​ថា “​ការចែក​សម្ភារៈ​​សិក្សា​ទាំងនេះ គឺធ្វើ​ឡើង​​ដើម្បី​​​សម្រួ​ល​ការ​លំបាក​របស់​ក្មួយៗ និងជា​ផ្នែក​មួយនៃ​ការ​ចូល​រួម​កាត់​​បន្ថយ​​ភាព​ក្រីក្រ​​របស់​​ប្រជា​ពល​រដ្ឋ និង​​ជាការ​​ជួយ​ឲ្យ​​កុមារ​តូចៗ​ឲ្យមាន​ឱកាស​​បន្ត​ការ​​សិក្សា​​ទៅមុខ​ទៀត​ ព្រោះការ​​សិក្សា​​ពិត​ជា​​មាន​សារៈ​​សំខាន់​​ខ្លាំង​​ណាស់ សម្រាប់​អនាគត​​ក្រុម​គ្រួសារ និង​អនាគត​ប្រទេស​​ជាតិ”​។

​នៅក្នុងឱកាស​​ថ្ងៃដដែល​នោះ​​ដែរ ក្រុម​យុវជន​មូលនិធិ​សប្បុ​រស​ធម៌ M Sport ក៏បាន​បន្ត​ដំណើរ​​នាំ​យក​​អំ​ណោយ​ទៅ​ជូន​ដល់​កុមារី​ម្នាក់ ដែល​ជា​ក្មេងកំព្រា​ឪពុក និងមាន​ម្តាយ​កំពុង​​តែ​រង​នូវជំងឺ​​មហា​ពោះវៀន​ធំ ដំណាក់​ធ្ងន់ធ្ងរ​ខ្វះ​​លទ្ធភាព​​ព្យា​បាល និង​​ជួប​ផល​​លំបាក​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដោយក្នុង​នោះមូល​និធិ​ក្រុម​M Sport បាន​​នាំយក​អំណោយ​កង់១​គ្រឿង អង្ករ គ្រឿងឧបភោគ បរិភោគ​សម្ភារៈ​​សិក្សា​មួ​យ​​ចំនួ​ន​​ធំ​ និង​ថវិកា​ចំនួន​២៧០​ដុល្លារ​អាមេរិក និង​ប្រាក់​រៀល​៩០៨០០រៀល ដើម្បី​​ជាកា​រ​​​ជួយ​​សម្រាល​ជីវភាព​​លំបាក​​របស់​​ក្រុម​គ្រួសារ​ប្អូនស្រី​បានមួយ​គ្រា។

 លោក ខៀវ បញ្ញារិទ្ធ បាន​បញ្ជាក់​​ឲ្យ​ដឹង​​ទៀត​ថា រាល់​សម្ភារៈ​សិក្សា និង​​ថវិកា​​ទាំងអស់​នេះ គឺ​បាន​​មកពី​ការ​ជួយ​ឧបត្ថម្ភ​​ពី​ក្រុមហ៊ុន​ប្រេង​រំអិល Top ១ កម្ពុជា ក្រុមហ៊ុន​ទេស​ចរណ៍ ភីធីអឹម ភោជនី​ដ្ឋាន The corner ១៣៦ រួមទាំង​​សប្បុរស​ជន​ទាំង​​អស់​ ដែល​​មាន​ទឹកចិត្ត​​អាណិត​អាសូរ​​ដល់​កុមារ​ក្រីក្រ ដែល​ខ្វះ​​លទ្ធភាព​​ទិញ​សម្ភារៈ​សិក្សា​ និង​ជន​ទីទាល់​ក្រដែល​​កំពុង​​តែជួប​ការ​​លំបាក​​ក្នុង​ជីវភាព។ លោកក៏​បានធ្វើ​ការថ្លែង​អំណរ​គុណ​ដល់ម្ចាស់​ក្រុមហ៊ុន និង​​បណ្តា​​សប្បុរស​ជន​ទាំង​​អស់ ដែល​​តែង​​តែ​ឧបត្ថម្ភ​គាំទ្រ​​កម្ម​វិធី​​សប្បុរស​ធម៌​នេះ​ ដើម្បី​ជាការ​​រួមចំណែក​​កាត់​​បន្ថយ​​ភាពក្រី​ក្រ​​របស់​​ប្រជា​ពល​រដ្ឋ​ ដែលជា​ផ្នែក​មួយ​​​​នៃការ​អភិវឌ្ឍន៍​​សង្គម​ជាតិ​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative