មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត ផ្តល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥត​គិតថ្លៃ

ប្រធានមន្ទីរពេទ្យ ​មិត្តភាព​​ខ្មែរ-សូវៀត បាន​ឲ្យដឹង​ថា មន្ទីរ​នឹង​ផ្ដល់​​ការ​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​ភ្នែក ​ដោយ​​ឥត​​បង់​​ថ្លៃ រយៈ​ពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ ទី​៣ និង​​ថ្ងៃ​ទី​​៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ។

4លោកសាស្ត្រា​ចារ្យ ងី ម៉េង នាយក​មន្ទីរ​ពេទ្យ ​មិត្តភាព​​ខ្មែរ-​សូវៀត បាន​ប្រាប់កាលពីរ​សៀលថ្ងៃ​ទី ០៣ សីហា ថាការ​ពិនិត្យ និង​ព្យាបាល ជំងឺភ្នែក ដោយ​ឥតគិត​ថ្លៃនេះ គឺដើម្បី​ឲ្យបងប្អូន​ប្រជាពល​រដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ ដែល​មាន​បញ្ហាភ្នែក បានមក​ទទួល​ព្យាបាល​ភ្នែក និងចង់​បញ្ជាក់​ថា រាជ​រដ្ឋាភិ​បាលតែងតែ​គិតគូរ ពីសុខភា​​ព​របស់​ប្រជាពល​រដ្ឋ ពិសេស​ប្រជាពល​រដ្ឋ ដែលមិន​មាន​លទ្ធភាព ក៏ទទួល​បានការ​ព្យាបាល​ដែរ។ លោក​សាស្ត្រា​ចារ្យ​បាន​បន្តថា​ ជារៀង​រាល់២ ទៅ៣​ខែម្តង មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ សូវៀត តែងតែ​រៀបចំ​កម្ម​វិធី​ការ​ពិនិត្យព្យាបាល ដោយឥត​គិតថ្លៃ ដល់​ប្រជាពល​រដ្ឋយើង​ពិសេស។លោកសង្ឍឹម​ថា ក្នុងរយៈ​ពេលពីរ​ថ្ងៃនេះ នឹងទទួល​បាន​ប្រជាពល​រដ្ឋ​មាន​បញ្ហា​ភ្នែក មក​ពិនិត្យ និងព្យាបាល​ភ្នែក ប្រមាណ​ជា៤០០​នាក់ ក្នុងនោះ​មានអ្នក​ជំងឺ​ដែលត្រូវ​វះ​កាត់​ប្រមាណ​៥០​នាក់​។ ព្រោះ​ថា​គ្រាន់តែ នៅថ្ងៃ​ទី៣ សីហា ជាថ្ងៃ​បើការ​ព្យាបាល​ដំបូង មាន​ប្រជាពល​រដ្ឋមក​ទទួល​​សេវា​​ប្រមាណ​​២០០​​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ដែលត្រូវ​ធ្វើការវះ​កាត់ភ្នែក ប្រមាណ​ជាង​២០នាក់។

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ គ្រូពេទ្យ​នៅមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ​សូវៀត បានមាន​​ប្រសាសន៍​​ថា ដោយឡែក​​នៅ​ថ្ងៃ​ទី​​១៧ ដល់​ថ្ងៃ​​ទី​២១ ខែ​សីហា ដដែល មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត សហការ​​ជាមួយ​​វេជ្ជបណ្ឌិត​​ឯកទេស ​ជំងឺ​​បាត​​ភ្នែក​ មក​ពី​​ប្រទេស​​អូស្ត្រាលី ក៏​នឹង​ផ្ដល់​​សេវា​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​បាត​ភ្នែក​​ដែរ ជាពិសេស​​អ្នក​ជំងឺ​​ទឹក​នោម​​ផ្អែម។ លោក​អំពាវ​នាវ​​ដល់​អ្នក​​ជំងឺ​​ដែល​មាន​​បញ្ហា​ភ្នែក ឲ្យ​រួស​រាន់​មក​​ទទួល​​សេវា​នេះ។

ជំងឺឡើងបាយ​កែវភ្នែក គឺជាមូលហេតុ​ដ៏ចំបង​ដែលនាំ​ឲ្យប្រជាពល​រដ្ឋ​ក​ម្ពុជា​មួយ​ចំនួន​មាន​ពិការភាព។

លោកសាស្ត្រាចារ្យ ងី ម៉េង ដែលជា​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក បានឲ្យ​ដឹងដែរ​នោះថា តាម​ស្ថិតិ​ប្រចាំ​ឆ្នាំ នៅ​កម្ពុជា មាន​អ្នក​ពិការ​ភ្នែក​ប្រមាណ​០,៣៨% ក្នុងនោះ​ភាគច្រើន​បង្កឡើង​ដោយជំងឺ​ឡើងបាយ។ ក្នុង១​ឆ្នាំ កម្មវិធី​ជាតិ បាន​ព្យាបាល​លើជំងឺ​ឡើង​បាយកែវ​ភ្នែក ប្រមាណ​២ម៉ឺន​នាក់ ក្នុង​ចំណោម​១លាន​នាក់ ក្នុងដែល​ចំនួន​នេះនៅ​មិនទាន់​លុប​បំបាត់​បាន នូវ​ពិការ​ភ្នែកក្នុង​ទូទាំ​ងប្រទេស​បានទេ។

លោកប្រធានកម្មវិធី​ជាតិ រូបនោះ​បាន​បន្តថា ភ្នែក​ជាសរីរាង្គ​មួយ​ប្រណិត​ដែលអាច​ឲ្យ​មនុស្ស​លោក បាន​ស្គាល់​ឃើញ​នូវ​របស់​របរ​នៅជុំវិញ​ខ្លួន​យើង តែបើ​យើងពិការ​ភ្នែក​ហើយនោះ យើ​ង​នឹង​ឃ្លាត​ចេញពី​សង្គម​ទាំង​មូល គួឲ្យ​សោក​ស្តាយ។ ដូច្នេះ​មាន​តែ​ការ​ការពារ​ថែរក្សា​ភ្នែក​យើង​ឲ្យបាន​ល្អដែល​អាចឲ្យ​យើង​មាន​សុខភាព​ល្អទាំង​ការរស់​នៅក៏ដូច​ជាការ​ទំនាក់​ទំនង​នៅក្នុង​សង្គម​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative