និស្សិតពេទ្យ​​ជាង​៣០០​នាក់ ស្ម័គ្រ​ចិត្ត​​ចូលរួម​​បរិច្ចាគ​​ឈាម

សាកល​វិទ្យាល័យ​​វិទ្យា​​សាស្ត្រ សុខា​​ភិបាល សហការ​​ជាមួយ​​មជ្ឈ​​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៨​ ខែ​​កក្តដា​ ឆ្នាំ ២០១៥​ បានរៀប​​ចំពិធី​​បរិច្ចាគ​​ឈាម​​ក្រោម ប្រធាន​​បទ​ «សូម​ថ្លែង​​អំណរ​​គុណ ដែលបាន​​ជួយជីវិត​​ខ្ញុំ​ តាម​​រយៈ​ការ​ផ្តល់​ឈាម»។

3កម្មវិធីផ្តល់​ឈាមនេះ បាន​ប្រព្រឹត្តិ​ទៅក្រោម​អធិបតី​ភាពលោក​សាស្ត្រា​ចារ្យ សាផុន​ វឌ្ឍនៈ សាកល​វិទ្យា​ធិការ សាកល​វិទ្យា​ល័យ វិទ្យា​សាស្ត្រ សុខា​ភិបាល តំណាង​ឲ្យរដ្ឋ​មន្ត្រី ក្រសួង​សុខា​ភិបាល ដោយមាន​ការចូល​រួម​បរិច្ចាគ​ឈាម ពី​និស្សិត​ប្រមាណជាង​៣០០​នាក់ និងមាន​ការជួយ​ឧបត្ថម្ភ​ពី ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ និង​ក្រុមហ៊ុន​ភេស្ជ​ជៈ កូកា​កូឡា។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ ផ្តល់​ឈាម បាន​មានប្រ​សាសន៍​ថា ការរៀប​ចំពិធី​បរិច្ចាគ​ឈាមនោះ​ឡើង ក្នុងគោល​បំណង​ដើម្បី​ជួយ​​សង្គ្រោះ​ជីវិត​ជនរង​គ្រោះ ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ នៅតាម​មន្ទីរ​ពេទ្យ​ហើយ​អ្នក​ជំងឺ​ដែលត្រូវ​ការឈាម មានដូច​ជាអ្នក​ជំងឺ​បាត់បង់​ឈាមខ្លាំង ដោយសារ​មានជំងឺ​ប្រដាប់​រំលាយ​អាហារ។ ការហូរ​ឈាម​ មុន​ និង​ក្រោយ​ពេលសំរាល​កូន ករណី​ជំងឺ​ឈាមធ្ងន់​ធ្ងរ និងរ៉ាំរ៉ៃ​ករណី​ជំងឺ​មហារីក និងការ​ព្យាបាល ករណី​ជំងឺ​ខ្សោយ​ តំរង់​នោម​រ៉ាំរ៉ៃ និងការ​លាងឈាម និង​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍ និងការ​វះកាត់​ផ្សេងៗ។

លោកវេជ្ជបណ្ឌិត បានបន្ត​ថាដោយសារ​តែមូលហេតុ​នេះហើយ ដែលធ្វើ​ឲ្យមជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម កាន់តែមាន​ការ​ទទួល​ខុសត្រូវ​ដ៏ធំ​ធេង និង​អំពាវ​នាវឲ្យ​មានកិច្ច​សហការ ពីគ្រប់​អង្គភាព​ស្ថាប័ន សាធារណៈ និងឯកជន​សាកល វិទ្យាល័យ​វិទ្យា​ស្ថាន​សហភាព​សព័ន្ធ​យុវជ​ន​កម្ពុជា និង​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​ចាំបាច់ ក្នុងការ​ព្យាបាល និងថែទាំ​អ្នក​ជំ​ងឺ និង​ស្របតាម​យុទ្ធ​សាស្ត្រ​សុខាភិបាល ក្នុងការ​លើកកំពស់​ដល់សុខមាល​ភាពរបស់​ប្រជាជន។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានមាន​ប្រសាសន៍​ថា ការរិច្ចាគ​ឈាមដោយ​ស្ម្រ័គ​ចិត្ត និងមិន​គិតកំរ៉ៃ​នេះ គឺមាន​អត្ថន័យ​បំផុត ក្នុងគោល​បំណង​៣យ៉ាង គឺទី១ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កម្ពុជា ជាពិសេស​អ្នកជំងឺ នៅក្នុង​រាជធានី​ភ្នំពេញ ដែលប្រើប្រាស់​ឈាម រហូត​ដល់៦០​ភាគរយ នៃតំរូវ​ការឈាម​ទូទាំង​ប្រទេស។ ទី២ ដើម្បី​ផ្តល់ឈាម​ប្រកប​ដោយ​សុវត្តិ​ភាព​ទាំងសប្បុរស​ជនបរិច្ចាគ​ឈាម និងទាំង​អ្នកជំងឺ​ទទួល​ឈាមផង​ដែរ និងទី៣ ដើម្បី​កាត់បន្ថយ​អំពើ​អសកម្ម​នានា ក្នុងចរា​ចរ​ឈាម​ក្នុង​ករណី​មានឈាម​គ្រប់គ្រាន់​ចំនួន​ឆ្លើយតប​១០០​ភាគរយ តំរូវ​ការឈាម​នៅទូទាំង​ប្រទេស​តាមរយៈការ​បរិច្ចាគ​ឈាម​ដោយស្ម័គ្រ​ចិត្ត និងមិន​គិតកំរ៉ៃ។

លោកសាស្ត្រាចារ្យបាន​បន្តថា​ «ការបណ្តុះ​គំនិត​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃ​នេះ គឺជា​ការងារ​បណ្តុះ​វប្បធម៌​ចែក​​រំលែក ដែលប្រជន​កម្ពុជា​យើងមានតាំងពី​យូរលង់​ណាស់មក​ហើយ និងស្រប​ទៅតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន កាលពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១១ នៅសាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ ដែល​ជំរុញ​ឲ្យ​ចលនា​បរិច្ចាគ​ឈាម ឲ្យកាន់តែសកម្ម​ក្លាយ​ជាវប្បធម៌​ចែក​រំលែក នៃការជួយ​សង្គ្រោះ​ជីវិត​ជនរង​គ្រោះ​កម្ពុជា ជាទូទៅ​ប្រ​កប​ដោយសម​ធម៌ និងមិន​រើសមុខ»។

លោកបានលើកឡើងរបាយ​ការណ៍មក​បញ្ជាក់ថា តាមតួលេខ​របស់​អង្គការ​សុខភាព​ពិភព​លោក នៅឆ្នាំ​២០១៤ បាន​បង្ហាញ​ថាអត្រា​នៃការ​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃនៅ​កម្ពុជា ក្នុងរង្វង់តែ​៣៣​ភាគរយ នៃតំរូវ​ការ​ឈាមតែ​ប៉ុណ្ណោះ។ហេតុ​នេះការ​ចូលរួម​របស់​យើងទាំង​អស់គ្នា ជា​ពិសេស​ការចូល​រួមរបស់​យុវជន​កម្ពុជា​យើង ពិតជា​នឹងចូល​រួមចំណែក​ដើម្បី​ឲ្យយើង​ទទួល​បានការ​កើនឡើង​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃ​១០០​ភាគរយ​នៅឆ្នាំ​២០២០​ខាងមុខ​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative