FASMEX សុំការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​ដើម្បី​បង្កើន​ការ​នាំ​ចេញ

ស្របពេលការ​ធ្វើសមា​ហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន នឹងចូល​មកដល់​នៅចុង​​ឆ្នាំនេះ សម្ព័ន្ឋ​សមាគម​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម (FASMEX) បានជំរុញ​​ឲ្យរដ្ឋា​​ភិបាល​ ជួយគាំ​ទ្រ​វិស័យ​នេះ ដើម្បី​បង្កើន​ការនាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​ក្រៅ​ប្រ​ទេស ។

1លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ឋ​សមាគម​សហគ្រាស​ខ្នាតតូច និង​មធ្យម​ បាន​ថ្លែងថា​ បច្ចុប្បន្ន​នេះ​មាន​សហគ្រាស​តិច តួច​ប៉ុណ្ណោះ ​បានធ្វើ​​ការនាំ​ចេញ​​ផលិ​ត​​ផល​របស់ខ្លួន​ទៅក្រៅ​ប្រទេស និងទោះ​ជាសហគ្រាស​ខ្នាតតូច និង​មធ្យម​ នៅ​កម្ពុ​ជា​មិន​បាន​នាំ​​ចេញ​ច្រើនក្តី ក៏ពួកគេ​បានផលិត​បានច្រើន​ដែលអាច​​ផ្គត់​ផ្គង់​ចូល​​ទីផ្សា​រ​ក្នុងស្រុក​ផង​ដែរ ជាក់ស្តែង​ផលិតផល​ថៃ នាំចូល​មក​កម្ពុជា​ បាន​ថយ​ចុះ៧ភាគ​រយ នោះគឺ​ដោយ​សារ​ផលិត​ផល​ក្នុងស្រុក​អាចចូល​ជំនួស​ទៅ​ក្នុង​ទីផ្សារ​បាន​ច្រើន។

​​លោ​ក​បន្ត​ថា “​ស​ហគ្រាស​ខ្នាតតូច ​និង​មធ្យម នៅកម្ពុជា​មិនទាន់​មានការ​លើក​ទឹក​ចិត្តពី​រដ្ឋាភិបាល​​នៅទ្បើយ ខុសពី​ប្រទេស​ថៃ និង​វៀតណាម ដែល​រដ្ឋាភិបាល​​គេស្ថិត​​នៅពីក្រោយ​​សហគ្រាស​ទាំងនោះ​ ដើម្បី​ជំរុញ​ការនាំ​ចញ ជាក់ស្តែង​​រដ្ឋាភិបា​ល​​ថៃ តែងជួយ​៥០ទៅ​៧០ភាគ​រយ ដល់សហ​គ្រាស​​ខ្នាត​តូច និង​មធ្យម​របស់​គេ នៅ​​សល់​ពីនោះ ក្រុមហ៊ុន​ធំៗ របស់ពួក​គេជា​អ្នកចេញ​ចំណា​យ​បង្រ្គប់ ដូច្នេះ​សហគ្រាស​​ខ្នាតតូច និង​មធ្យម ដែលមក​តាំង​ពិព៌ណ​នៅ​កម្ពុជា ឬប្រ​ទេស​ផ្សេង ពួកគេ​បានធ្វើ​ការ​តាំងពិព៌ណ​ដោយមិន​ចំណាយ​ប្រាក់ផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែង​ថា នៅចុង​ឆ្នាំនេះ សម្ព័ន្ឋ​សមាគម​សហគ្រា​ស​ខ្នាតតូច និង​មធ្យម នឹងធ្វើ​សន្និតបាត​មួយ​ ដើម្បី​រិះរក​វិធីជួយ​ដល់សហ​គ្រាស​ខ្នាត​តូច និង​មធ្យម អាចធ្វើ​ការនាំ​ចេញ ព្រោះបើ​សហគ្រាស​មួយធ្វើ​ការនាំចេញ​តែម្នាក់​​ឯង​ វានឹងជួប​ឧបសគ្គ​ទៅមុខ​មិនរួច​ទេ។ លោកបន្ត​ថា ទោះជាបី​ជាសម្ព័ន្ឋ​សមាគម​ មិនបាន​ជួយអ្វី​ច្រើន ក៏យើង​បានជួយ​ផ្សព្វ​ ផ្សាយ និងរៀប​ចំតាំង​ពិព៌ណ ដើម្បី​លើក​ទឹក​ចិត្តដល់​សហគ្រាស​ខ្នាតតូច និង​មធ្យ​ម​ផងដែរ។

លោកបន្តថា​ “ខ្ញុំអំពាវ​នាវឲ្យ​រដ្ឋាភិបាល ជួយដល់​សហគ្រាស​ខ្នាតតូច និង​មធ្យ​ម នៅកម្ពុជា​ឲ្យបាន​ច្រើន តាមរយៈ​គោល​នយោ​បាយ ក៏ដូច​ជាកាត់​បន្ថយ​ការិយា​ធិប​​តេយ្យ​ដែលមាន​ភាពស្មុគ​ស្មាញ​នាពេល​បច្ចុប្បន្ន​ផងដែរ”។

​អ្នកស្រី កែវ មុំ នាយិកា​ក្រុម​ហ៊ុន​លីលី ផលិត​នំស្រួយ ក៏បាន​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល គាំ​ទ្រ​ផលិត​ផល​ក្នុងស្រុក ដើម្បី​នាំចេញ​ ទៅ​ក្រៅ​ប្រទេស​ផងដែរ ពិសេស​​ជួយ​​សម្រួល​និតិវិធី​នាំចេញ ដែលមាន​ភាពស្មុគ្រ​ស្មាញ​ខ្លាំង និង​ចំណាយ​ប្រាក់​ច្រើន​​លើ​​​ការិយា​ធិប​តេយ្យ​របស់​រដ្ឋា​ភិបាល​ផងដែរ។ លោកបន្ត​ថា ការនាំ​ចេញ​ផលិត​ផល​​នំស្រួយ​លីលី មិន​បាន​ទទួល​ផល​ចំណេញ​នោះ​ទេ ដោយសារ​ការិយាធិប​តេយ្យ ប៉ុន្តែ​​អ្នកស្រី​នៅតែ​ជម្នះ​ធ្វើការ​នាំចេញ ដោយសារ​ចង់នាំ​ផលិត​ផល​ក្នុងស្រុក​ទៅក្រៅ ប្រ​ទេស និងឲ្យ​គេស្គាល់​ផលិត​ផលរបស់​ខ្មែរយើង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី0១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative