ប្រជាពលរដ្ឋ​កម្ពុជា​៣លាន​នាក់ ប្រឈម​មុខនឹង​ជំងឺ​​ទឹក​នោម​ផ្អែម

លោកសាស្ត្រាចារ្យ ណាម ហាន់ចូ (Nam Han Cho) ប្រធាន​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរ​​ជាតិនៅ​​​តំបន់​ប៉ាស៊ីន​ហ្វីក​ ខាង​​លិច និង​ជា​ប្រធាន​អង្គការ Jeremiah’s​ hope​ korea បាន​មាន​​ប្រ​សាសន៍​​ថា នៅ​ប្រទេស​កម្ពុជា មាន​ប្រជាពល​រដ្ឋ​ ប្រមាណ ៣លាន​នាក់​ប្រឈម​នឹងជំងឺ​ទឹកនោម​ផ្អែម ហើយ​ចំនួន​នេះ​នឹ​ង​កើន​ដ​ល់​៥លាន​នាក់ នៅក្នុង​រយៈ ពេល​៥ឆ្នាំ ខាង មុខ​។

11លោកសាស្ត្រាចារ្យ បានមាន​ប្រសាសន៍​បែប​នេះ កាល​ពីថ្ងៃ​ទី៣០ ខែ​កក្តដា ឆ្នាំ​២០១៥​ ពិធី​សម្ពោធ​អគារ​មជ្ឈ​មណ្ឌល​ពិគ្រោះ និង​ព្យា​បាល​​​ជំងឺ​ទឹកនោម​ផ្អែម កម្ពុជា‑​កូរ៉េ​ មាន​កំពស់​៣ជាន់​ដែលមាន​តំលៃ ៧​សែន​ដុល្លា​អាមេរិក ស្ថិត​នៅក្នុង​ បរិវេណ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ដែល​ជាជំនួយ​របស់​សមាគម​ជំងឺទឹក​​នោម​ផ្អែម​ប្រទេស​កូរ៉េ អង្គការ ​Jeremiah’s ​hope​ korea​,LG Welrare ​Foundation។

លោកសាស្ត្រា​ចារ្យ ណាម ហាន់ចូ បានមាន​ប្រសាសន៍​បន្តថា នៅ​តំបន់​ប៉ាស៊ីហ្វីក​ ខាង​លិច​ មាន​ប្រជាពល​រដ្ឋ ប្រមាណ​៨៧​លាន​នាក់ មាន​ជំងឺ​ទឹកនោម​ផ្អែម​ ហើយ​ជំងឺ​នឹង​បន្ត​កើនឡើង ជាបន្តទៀត​ប្រសិន បើយើង​មិនមាន​វិធានការ​ការពារ ប្រកប​ដោយ​ប្រសិទ្ធ​ភាពទេ នោះ​ព្រោះ​ថា​ជំងឺ​ទឹកនោម​ផ្អែម ​គឺជា​ជំងឺ​មួយមាន​ការប៉ះ​ពាល់ ដល់​សុខភាព​ជាចំបង​ដល់ ប្រជាពល​រដ្ឋ ជាង​១៧០​លាននាក់ នៅ​ទូទាំង​ពិភព​លោក​ ហើយ​រំពឹង​​ថាជំងឺ​នេះ នឹងមាន​ការកើន​ឡើង យ៉ាង​ខ្លាំង​ក្នុងបណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី រយៈ​ពេល២០​ឆ្នាំខាង​មុខនេះ។ ក្នុង​នោះ​មានការ​ព្យា​ករណ៍​ថា​ចំនូន អ្នកកើត​ជំងឺទឹក​នោម​ផ្អែម​នឹងកើន​ឡើងទ្វេ​ដង​នៅ​ប្រទេស​ឥណ្ឌា និង​ចិន។

លោក គីម វ៉ុនជីន ឯកអគ្គ​រដ្ឋទួតកូរ៉េ ប្រចាំ​កម្ពុជា បានមាន​ប្រសាសន៍ ថាជំងឺ​ទឹកនោម​ផ្អែម គឺជា​ឃាតករ​លាក់មុខ ដែលទាម​ ទារឲ្យ​មានការយក​ចិត្តទុកដាក់​ព្យាបាល និងវិនិ​យោគ​លើវា​ពោល គឺត្រូវធ្វើ​ការផ្សព្វ​ផ្សាយ ដល់​សាធារណៈ ជន​បានយល់​ដឹង ពីជំងឺ​ទឹកនោម​ផ្អែម និងការ​គ្រប់គ្រង និងការ​ផ្តល់​សេវាជំងឺ​ប្រកប​ដោយត្រឹម​ត្រូវ និងច្បាស់​លាស់។ លោក​បាន លើកឡើង​ របាយ​ការណ៍​បញ្ជាក់​ថា មាន​ប្រជាពល​រដ្ឋ​កម្ពុជា ជាង​៥៥០០​នាក់ បានស្លាប់​ដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ចំនួន​នេះ​ កើន​ឡើង​១២ដង​បើ​ប្រៀប​​ធៀប​នឹង​ជំងឺ​គ្រុនចាញ់ និង​២៦០០​ដងចំពោះ​ជំងឺ​អេដស៍។

នៅប្រទេស​កម្ពុជា មន្ទីរពេទ្យ​ព្រះ​កុសុមៈ ជាមន្ទីរ​ពេទ្យតែ​មួយគត់ ដែលមាន​មជ្ឈ​មណ្ឌល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទឹកនោម​ ផ្អែម​។

លោកវេជ្ជបណ្ឌិត សេក សុខឃឿន នាយក​មន្ទីរ​ពេទ្យ ព្រះ​កុសុមៈ បានមាន​ប្រសាសន៍​ថា ចាប់​ពី​​ឆ្នាំ​២០០៥ មក​រហូត​មក​ដល់​ បច្ចុប្បន្ន​នេះ មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ បាន​ក្លាយ​ទៅជា​មន្ទីរ​ពេទ្យ មួយ​សំខាន់​ដោយ ទទួល​បានការ​ពិនិត្យ ព្យាបាល​ជំងឺ​​ទឹក​​នោម​​ផ្អែម​​ធំ​ជាង​​គេនៅ​​ក្នុង​ប្រទេស​កម្ពុជា។

លោកបាន​បញ្ជាក់ថា «ដូចនេះ​អគារជំងឺ​ទឹកនោម​ផ្អែម នេះវាមិន​ត្រឹមតែឆ្លុះ​បញ្ចាំង ពីចំណង​មិត្តភាពកិច្ច​សហប្រតិ​បត្តិការ​ រវាង​ប្រទេស​ទាំងពីរ​កម្ពូជា‑​កូរ៉េ​ប៉ុណ្ណោះ​ទេ វាក៏រួម​ចំណែក​ក្នុងការព្យា​បាលជំងឺ​ទឹក​​នោម​​ផ្អែម នៅក្នុង​ប្រទេសក​ម្ពុជា ឲ្យកាន់​ តែប្រសើរ​ឡើងផង​ដែរ»។

លោកនាយក​មន្ទីរ​ពេទ្យ បានបន្ថែម​ថា​ ការងារ​ផ្តល់​សេវា​ពិនិត្យ ព្យាបាល និង​ព្យាបាល​បន្ត​ជំងឺ​ទឹកនោម​ផ្អែម ក្រោម​កិច្ចសហ​ ប្រតិ​បត្តិ​ការ ទ្វេភាគី​រវាង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ និងប្រទេស​កូរ៉េ នាពេល​នេះមាន​សារៈ​សំខាន់ណាស់​ដើម្បី កាត់​បន្ថយ​នូវ​ ផល​វិបាក​ផ្សេងៗ ក៏ដូច​ជាអត្រា​ស្លាប់ និងរួម​ចំណែក​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​របស់​​ប្រជាជន​​កម្ពុជា ដែល​​បង្ក​ឡើង​ដោយ​​ជំងឺ​​ទឹក​​នោម​​ផ្អែម​​នេះ។

គួរបញ្ជាក់ថា អគារ​មជ្ឈ​មណ្ឌល​ពិគ្រោះ និងព្យាបាល​ទឹកនោម​ផ្អែម មានផ្ទៃ​ក្រឡា​សរុប ២០៥៦​ម៉ែត្រ​ការ៉េ ដែលមាន​កំពស់​ ៣​ជាន់ ដោយជាន់​ទី១ ប្រើប្រាស់​សំរាប់​ព្យាបាល និងបន្ទប់​ប្រធាន​អគារ១​បន្ទប់ បន្ទប់​ធម្មតា​ចំនួន៣ បន្ទប់​ប្រជុំ សំរាប់​ដាក់​ អ្នក​ជំងឺ​១បន្ទប វីអាយភី​៤បន្ទប់ គិលានុប្ប​ដ្ឋាក១ និងបន្ទប់​ទឹក២។ ជានទី២ មានបន្ទប់​បណ្ណាល៏យ​១បន្ទប់ ប្រជុំធំ​១ មាន​ចំណុះ​ ១០០​​នាក់ បន្ទប់​ប្រជុំតូច២ ​បន្ទប់​សំរាប់​ជំនួយ​ការ​បរទេស​១ និង​បន្ទប់ទឹក១​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative