ជំងឺមហារីកក្រពះពោះវៀនធំ​ កំពុងកើនទ្បើងនៅកម្ពុជា

ការកើនទ្បើង​នូវអាយុ​ជាមធ្យម​របស់​ប្រជាជន​កម្ពុជា កាន់តែ​វែង និង​របប​អាហារ​មិនមាន​អនាម័យ ព្រម​ទាំង​ការ​ផ្លាស់​ប្តូរ​ របៀប​នៃការ​រស់នៅ បាន​ធ្វើ​ឲ្យ​ប្រជា​ជន​​កម្ពុ​ជា​កាន់​តែ ច្រើន​ប្រឈម​នឹងជំងឺ​មហារីក​ក្រពះ និង​ពោះវៀន​ធំ ជាក់​ស្តែង​​អ្នក​​ជំងឺ​នេះ​​បានកើន​ទ្បើង​កាន់​តែច្រើន​នៅ​តាម​មន្ទីរ​ពេទ្យ​នានា។

m_jpg0505f1លោកសាស្រ្តាចារ្យ អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត បានថ្លែង​ឲ្យដឹង​​កាលពី​ពេលថ្មីៗ​នេះថា មូល​ហេតុ​​ជំងឺ​មហារីក​ក្រពះ និងពោះ​វៀនធំ កើន​ទ្បើង​​​ស្រ​ប​​តាម​​​កត្តា​​​ជីវសាស្រ្ត និង​ប្រជា​សាស្រ្ត​នៅកម្ពុជា​ ដែល​​មាន​ប្រជាជន​អាយុ​ចាស់​កាន់​​តែ​ច្រើ ព្រោះអាយុ​កាន់តែច្រើន​ធ្វើឲ្យ​កោសិកា​ងាប់ ហើយ​បំលែង​ជាជំងឺ​មហា​រីក​។

លោកសាស្រ្តាចារ្យ អ៊ាវ សុខា បាន​បន្តថា ជំងឺ​មហា​រីក​ក្រពះ និង​ពោះវៀន​ធំ ​បណ្តាល​មក ពី​មូលហេតុ​ធំៗ​ចំនួន៤ ដូចជា ទី១ អនាម័យ​ម្ហូប​អាហារ​នៅកម្ពុជា​នៅមាន​កម្រិត និងការ​យល់​​ដឹង​របស់​​ប្រជាជននៅមាន​​កម្រិត បានធ្វើ​ឲ្យពួក​គាត់​ទទួល​​ទាន​អាហារ គ្មាន​អនា​ម័យ​ ដែល​​បណ្តាល​ឲ្យ​ឆ្លង​​មេរោគ​​ប្រភេទ HPHP ជា​មេរោគ​​បណ្តាល​​ឲ្យ​កើត​​មហា​រីក ទី២ ការ​និយម​​ទទួល​ទាន​ត្រីងៀត ត្រីឆ្អើ​រ ដែល​​បង្កប់​​សារ​ធាតុ នីក្រូហ្សាមីន ដែល​​បណ្តាល​​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​ពោះវៀន​ធំ និង​វិវត្តន៍​ទៅជា​ ជំងឺ​មហារីក ជាក់​ស្តែង​ភស្តុតាង វិទ្យា​សាស្រ្ត បាន​បង្ហាញ​ថា ជនជាតិ​ជប៉ុន​និយម​ទទួ​ល​ទានត្រី​ងៀត ត្រីឆ្អើរ​ច្រើន​ ហើយ​ជន​ជាតិ​ជប៉ុន ក៏ជនជាតិ ដែលកើត​ជំងឺ មហារីក​​ក្រពះ ពោះវៀនធំ ច្រើនជាង​គេលើ​ពិភព​លោក​ផងដែរ ទី៣ ការ​ផ្លាស់​ប្តូរ​របៀប​នៃកា​រ​រស់នៅ ដែល​យុវជន​វ័យក្មេង និយម​ទទួល​ទានសាច់​ក្រហម និង​ប្រភេទ​សាច់​នានា​​ច្រើនជាង​បន្លែ និងទី៤ កត្តា​តំណ​​ពូជ​ដែល​អ្នក​មាន​គ្រួសារ​កើត​ជំងឺ​នេះ អាចឆ្លង​​មក​ដៃ​​គូតាម​រយៈហ្សែន​ផងដែរ។

រោគសញ្ញា

បើតាមលោក​សាស្រ្តាចារ្យ អ៊ាវ សុខា បានឲ្យ​ដឹងថា ជំងឺ​មហារីក​ក្រពះ និង​​ពោះវៀន​ធំ មិនមាន​រោគ​សញ្ញា​នោះទេ នៅពេល​ ជំងឺ​នេះស្ថិតក្នុង​ដំណាក់​កាលតំ​បូងៗ ប៉ុន្តែ​ពេលជំងឺ​នេះបង្ហាញ​រោគ​សញ្ញា​ចេញមក មានន័យ​ថាអ្នក​ជំងឺនេះ​ឈានដល់​​ដំណាក់ ​កាលចុង​​ក្រោយរួច​ទៅហើយ។

វិធីសាស្រ្តការពារ

ជំងឺមហារីក​ក្រពះ និងពោះ​វៀនធំ មិនមាន​វិធី​សាស្រ្ត​ការពារ​នោះទេ គឺក្នុង​ចំ​ណោម​ជំងឺ​មហារីក​ទាំងអស់ មានតែ​ជំងឺ​មហារីក​ មាត់​ស្បូន និងជំងឺ​មហារីក​ថ្លើម​ ប៉ុណ្ណោះ​ដែលមាន​វ៉ាក់សាំង​ការពារ​បាន ប៉ុន្តែ​ទោះជា​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺ​​​មហារីក​ ក្រពះ និង​ពោះវៀន​ធំក្តី តែការ​តាមដាន ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​​គឺ​អាច​ធ្វើ​ឲ្យគ្រូពេទ្យ​រក ឃើញ​ជំងឺនេះ នៅ​ដំណាក់​ កាល​តំបូង ដែលងាយ​ស្រួល​ព្យាបាល​​​ហើយ​អ្នក​​ជំងឺ​​មាន​​ឳកាស​ជាសះ​ស្បើយ និង​ចំណាយ​ប្រាក់តិច។

អ្នកប្រឈមហានិភ័យជំងឺនេះ

បើតាម​លោកសាស្រ្តា​ចារ្យ អ៊ាវ សុខា បានឲ្យ​ដឹងថា អ្នកមាន​ជំងឺ​រលាក​ និង​​ដំបៅ​ក្រពះ​រុំារ៉ៃ ប្រឈម​នឹង​ជំងឺ​នេះ​ច្រើនជាង​គេ​ ដូច្នេះ​ប្រសិន​ជា​អ្នក​ណាមាន​ជំងឺ​​ទាំងនេះ គួរតាម​ដានឲ្យ​បានញឹក​ញាប់ និងរក​សេវា ពិនិត្យ​ព្យាបាល​​ឲ្យបាន​ត្រឹម​ត្រូវ​ និង​​ទាន់​ពេល​វេលា។

អ្នកកើត​ជំងឺនេះ ច្រើនមាន​អាយុចាប់​ពី៥១ឆ្នាំ​ទ្បើង និងកើត​លើមនុស្ស​ប្រុស​ និង​​មនុស្ស​ស្រី​ដូចគ្នា ប៉ុន្តែ​បើជំងឺ​នេះកើត លើ​ មនុស្ស​វ័យក្មេង​គឺងាយ​នឹងស្លាប់​ណាស់ ព្រោះ​មនុស្ស​វ័យក្មេង​មានការ​ប្រែប្រួល​ហ្សែន​លឿន តែផ្ទុយ​ទៅវិញ​មនុស្ស​ចាស់មិន​​ងាយនឹង​ស្លាប់នោះ​ទេ ដោយសារ​តែការ​វិវត្តន៍​ហ្សែន​យឺត ដែលធ្វើ​ឲ្យមាន​ឳកាស​​រស់បាន​យូរ និងមាន​ឳកាស អាចជា​សះ​ ស្បើយ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative