ថៃពិនិត្យ​លទ្ធភាព​ពង្រីក​ការនាំ​ចូលទំនិញ​​​កសិកម្ម​ពីកម្ពុជា

ប្រទេសថៃ កំពុង​ពិនិត្យ​លទ្ធភាព​ពង្រីក​ការ​​នាំចូល​ទំនិញ​​ពីកម្ពុជា ជាពិសេស​ផលិត​ផល​​កសិកម្ម​ ដើម្បី​​ធ្វើ​យ៉ាង​​ណា​​​កុំ​ឲ្យ​​​ជញ្ជីង​​ពាណិជ្ជ​​​កម្ម​​រវាង​​ប្រទេស​ទាំងពីរ មាន​គម្លាត​ឆ្ងាយពី​គ្នាពេក។ នេះ​បើ​តាមការ​ថ្លែង​​របស់​​ប្រធាន​សភា​​ពាណិជ្ជ​​កម្ម​​ថៃ ​លោក អ៊ីហ្សារ៉ា វង្ស​គុល​សូគីត ក្នុង​ពិធី​បើក​ពិពណ៌​ថៃ​អូថប នៅផ្សារ​​ទំនើប ​ផារ៉ា​ហ្ក​ន កាលពី​ល្ងាចថ្ងៃ​ទី២៩ ខែ​​កក្កដា​ ឆ្នាំ​២០១៥។

1លោក អ៊ីហ្សារ៉ា វង្សគុលសូគីត បានឲ្យ​ដឹងថា បច្ចុប្បន្ន​​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-​ថៃ​ គឺ​មាន​រហូត​​ដល់ទៅ​​ជា​ង​៣២% ឬស្មើ​នឹង ១ភាគ​៣នៃ​ទំហំ​ពាណិជ្ជ​កម្ម​​សរុប ដែល​​កម្ពុជា​មាន​​ជា​មួយ​បណ្ដា​​ប្រទេស​​នានា​​ក្នុង​​ពិភព​​លោក​។ លោក​បាន កត់​សម្គាល់​ ថា​គ្រាន់​តែឆ្នាំ​២០១៤​កន្លងទៅ ទំហំ​ពាណិជ្ជ​កម្ម​​កម្ពុជា-​ថៃ មានទឹក​ប្រាក់​​​រហូត​​ដល់​ជាង​​៥ពាន់​លាន​ដុល្លា។​ ទោះ​ជាយ៉ាង នេះក្ដី​ការនាំ​ចូល​ពី​កម្ពុជា​ទៅថៃ គឺមាន​​កម្រិត​ទាប​​នៅ​ឡើយ​ដោយ​មាន​ត្រឹម​តែ​​ប្រមាណ​៦០០​លាន​ដុល្លា ប៉ុណ្ណោះ​ចំណែក​​ថៃ បាននាំ​ចេញ​​មកកាន់​កម្ពុជា​វិញ​ក្នុង​​ទំហំ​​ទឹក​​ប្រាក់​រហូត​ដល់​​ជាង​៤៤០០​លាន​ដុល្លា ស្មើនឹង​៨៨% នៃទំហំ​ពាណិជ្ជ​កម្ម សរុប។

ប្រធានសភាពាណិជ្ជកម្ម​ថៃ​រូបនេះ​បន្ដថា ថ្វីត្បិត​គម្លាត​ជញ្ជីង​ពាណិជ្ជ​កម្មរ​វាង កម្ពុជា-​ថៃ មានភាព​ខុស​​ឆ្ងាយ​​ពី​គ្នាក្ដី​ក៏ប៉ុន្ដែ​ មិន​មែន​មាន​ន័យថា ប្រទេស​ថៃ បានកេង​ចំណេញ​ពីលើ​ក​ម្ពុជា​ឡើយ។ ទាំងរាជ​រដ្ឋាភិបាល និង​វិស័យ​​ឯក​ជន ​របស់​ថៃ​ បាន​នឹង​​កំពុង​​ពិនិត្យ​លទ្ធភាព ធ្វើយ៉ាង​ណា​​ជម្រុញ​​ការនាំ​ចូល​ទំ​និញ ​ពីកម្ពុជា​បន្ថែម​ជាពិសេស​​លើ​ផ្នែក​កសិកម្ម។ លោក​បាន បង្ហាញ ​សុទិដ្ឋិ​និយម​ថា បន្ទាប់​​ពី​អាស៊ាន​​​ធ្វើ​​សមា​ហរណ​កម្ម​​​សេដ្ឋ​កិច្ច ប្រទេស​កម្ពុជា នឹងកាន់​តែមាន​ភាព​ងាយស្រួល​ ក្នុង​ការ​នាំ​ចេញ​កសិផល​ទៅកាន់​ប្រទេស​ថៃ។ តាមរយៈ​នេះ​​កម្ពុជា​នឹងអាច​បង្កើន ប្រាក់​ចំណូល ពីលើ​ការនាំ​ចេញ កសិផល​បាន​ពី​២០០​​លាន​ទៅ​៣០០​លាន​បន្ថែម​​ទៀត។

ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក​រង នៃ​អគ្គ​នាយក​ដ្ឋាន កសិ​កម្ម បាន​មាន​ប្រសាសន៍ ថា​កម្ពុជា-​ថៃ​ គឺ​ជា​ប្រទេស​ភូមិ ផង​ របង​ជាមួយ​គ្នាដូច្នេះ​ជៀសមិន​ផុតពីការ​នាំចេញ​-នាំចូល​ទំនិញ​ពីគ្នា​ឡើយ។ ឯកឧត្តម​​បន្ដ​ថា​ វានឹង​មាន​បញ្ហា​​ជាក់ជា​មិន​ខាន​​ប្រសិន​បើមាន​តែប្រទេស​មួយនាំ​ចេញ​ ហើយ​​ប្រទេស​មួយ​​ទៀត​មិន​មានទំ​និ​ញ​​​សម្រាប់​នាំចេញ​​ទៅវិញ​នោះ។ ឯកឧត្តម​ បាន​ បញ្ជាក់ថា​ប្រសិន​បើកម្ពុជា​អាច​នាំ​ចេញ​ ទំនិញ​​កសិកម្ម​ ទៅ​​ប្រទេស​​ថៃបាន​កាន់តែច្រើន​នោះ​កម្ពុជា នឹង​ទទួល​បានរូបិ​យ ប័ណ្ណ​ មកវិញ​ហើយវានឹង​មានដំណើរ​ការល្អ​​ដល់​​សេដ្ឋកិច្ច​ជាតិ។

2អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច លោក​ចាន់​សុផល​បាន លើក​ឡើងថា ជាធម្មតា​កសិករ​​តែងតែ​ចង់​បាន​​ទីផ្សារ​​ផ្នែក​កសិកម្ម​​របស់​ខ្លួន។ប្រសិនបើ​មានអ្នក​ទិញ​កាន់​តែ​ច្រើន​ នោះ​កសិករ​នឹង​​​មាន​ជម្រើស​​កាន់​តែ​ច្រើន​​​ដូចគ្នា​ដូច្នេះនេះ​គឺជា​រឿង​ល្អមួយ​​ដែលប្រទេស​​ថៃ​បើក​​ទូលាយ​ទិញ​ទំនិញ​កសិកម្ម​ពីកម្ពុជា។ លោក​បន្ដ​​ថា តាមន័យ​​សេដ្ឋកិច្ចគឺ​វាមិនចាំ​បាច់​ដែល​ទាមទារ​​ឲ្យ​មាន​បរិមាណ​​ស្មើគ្នា ក្នុងការ​នាំចេញ​​-នាំ​ចូល​រវាង​​ប្រទេស​ទាំងពីរ​ នោះ​ទេ​សំខាន់​បំផុត​​គឺ​ប្រទេស​នីមួយៗ មានជម្រើស​ល្អ សម្រាប់​ទិញ ទំនិញ​ចូល​និង​សម្រាប់​នាំទំនិញ​​ចេញ។

គួរបញ្ជាក់​ថា ទំនិញ​​កសិកម្ម​​ដែល​​ប្រទេស​ថៃ បានទិញ​​ពីកម្ពុជា​រួមមាន​​ស្រូវ ពោត ​សណ្ដែក ដំឡូង​មី ​ស្វាយចន្ទី និង​ត្រីបឹង​ ទន្លេសាប​ ជាដើម។ ទោះជា​បែបនេះ​ក្ដី កាលពី​​ពេល​កន្លង​​មក​ប្រជា​កសិករ​​ថៃ បាន​បង្ហាញ​​ការខឹង​សម្បារ​​ម្ដងរួច​មកហើយ​ ពាក់ព័ន្ធ​ជាមួយ​នឹងឈ្មួញ​កណ្ដាល​​ថៃ​ ដែល​នាំ​ចូល​ទំនិញ​កសិកម្ម​ពីកម្ពុជា។ ការខឹង​សម្បារ​នេះគឺដោយ​សារតែ​ទំនិញ​​កសិកម្ម​ កម្ពុជា​មានតម្លៃ​ទាបជាង​​ទំនិញ​កសិកម្ម​ថៃ ដែលជា​ហេតុធ្វើ​​​ឲ្យកសិករ​​ថៃបាត់​បង់ផល​ប្រយោជន៍​របស់​ខ្លួន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative