រដ្ឋមន្រ្តី​ក្រសួង​ការងារ ប្រគល់​រង្វាន់ និង​ប័ណ្ណ​សរសើរ ដល់​បេក្ខ​ជន​ជ័យ​លាភី​លេខ១​ ក្នុងការ​ប្រកួត​ជំនាញ​ចិន ឆ្នាំ​២០១៥​

លោកអ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៣០​ ខែ​កក្កដា បាន​ផ្តល់​ប័ណ្ណ សរសើរ​ និង​ប្រាក់​រង្វាន់​លើកទឹក​ចិត្ត ដល់​ប្រធាន​ក្រុមដឹក​នាំ​គ្រូ និង​សិស្ស ដែលបាន​ឈ្នះពាន​រង្វាន់​លេខ១ ក្នុង​កម្មវិធី​ប្រកួត​ប្រ​ជែង ជំនាញ​ចិន ឆ្នាំ២០១៥ ((Industrial​ Automation​) នៃChina’s ​Skill ​Competition ២០១៥) នៅទី​ក្រុង Tianjin​ ប្រទេស​ចិន ។

4លោក ទាង សាក់ ប្រធាន​នាយក​ដ្ឋាន​ស្តង់ដា ​និង​កម្មវិធី​សិក្សា​ បាន​លើក​ឡើង​ថា​ក្រោយ​ពី​ទទួល​បាន ការ​អនុញ្ញាត​ពី លោក រដ្ឋមន្រ្តី ​បានចាត់​តាំង​ថ្នាក់​ដឹកនាំ​នាយក​ដ្ឋាន​ស្តង់ដា​ ​និង​កម្មវិធី​សិក្សា សហការ​ជាមួយ មជ្ឈ​មណ្ឌល​​ក្រមង៉ុយ បាន​បញ្ជូន សិស្ស​ចំនួន​២រូប​ ទៅ​ប្រកួត​ប្រជែង​ជំនាញ China’s​ Skill Competition ២០១៥ រយៈ​ពេ​ល៣​ថ្ងៃ គឺពីថ្ងៃ​ទី២ ដល់ទី៤​ ខែ​កក្កដា កន្លង​ទៅនេះ ក្នុងនោះ​យើងបាន​ប្រកួត​ប្រជែង ចំនួន​​​៣ជំនាញ​ គឺ​តម្លើង​ប្រព័ន្ធ​មេកានិច តម្លើង​បណ្តាញ​អគ្គិសនី និង​ប្រព័ន្ធ​ខ្យល់ ហើយ និង​​សរសេរ​កម្មវិធី​ ដើម្បី​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ។

លោកបានបន្តថា លទ្ធផល​​នៃការចូល​រួមប្រកួត​ប្រជែង​ជំនាញ របស់​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន មកពី​ក្នុង​តំបន់​  និង​ពិភព​លោក ដែលបានធ្វើ​ឡើងនៅ​ទីក្រុង Tianjin​ ប្រទេស​ចិន ដែលមាន​ឈ្មោះថា​​(Industrial​ Automation)​នៃ China’s​ Skill Competition ២០១៥ ក្នុងចំណោម​បេក្ខជន​១៤រូប ​មកពី​​៦ប្រទេស គឺ​កម្ពុជា និងថៃ​ទទួល​បានជ័យ​លាភី​លេខ​១​ ម៉ាឡេ​ស៊ី និងស៊ីមប៉ាវ៉េ ជ័យលាភី​​លេខ៣ ចំណែក អាល្លឺម៉ង និង​អេស្បាញ និងថៃ​មួយក្រុម​ទៀត មិន​ទទួល បាន​ចំណាត់ថ្នាក់។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​មាន​ប្រសាសន៍​​ថា «នេះពិត​​ជា​​មោទន​ភាព​​មួយ​ទៀត ដែល​ យុវជន​កម្ពុជា​ចំនួន​២រូប បានបង្ហាញ​ពីភាពខ្លាំង​​របស់ខ្លួន​​នៅលើ​ឆាកអន្តរ​ជាតិ តាមរយៈ​ការប្រកួត​ប្រជែង​សមត្ថភាព និង​ ជំ​នាញ ដែលកំពុង​​តែមាន​ការពេញ​និយម​នៅបណ្តារ​ប្រទេស​អភិឌ្ឍន៍ និងកំពុង​តែមាន​ហាងឆេង​នៅលើទី​ផ្សារជាតិ ក្នុង​តំបន់​ និងនៅ​លើពិភព​លោក ។ មកដល់​ពេលនេះ​កម្រឹតស្តង់​ដាជំនាញ​វិជ្ជាជីវៈ របស់​ប្រទេស​កម្ពុជា មិនទាប​ជាង​គេ​នោះទេ​ បើ​ប្រៀប​ធៀប​នឹងប្រទេស​នានា​នៅលើ​សកល​​លោក»។

លោករដ្ឋមន្ត្រី​បានបន្ត​ថា ជំនាញ​កម្រឹត​ស្តង់ដា​វិជ្ជា​ជីវៈ កម្ពុជា​អាច​ប្រគួត​ប្រជែង និង​អាចធ្វើ​​ស​​មា​​ហ​​រណកម្ម​មិនត្រឹម​​កម្រឹត​ អាស៊ាន​នោះទេ ពោលគឺ​ក្នុងកម្រឹត​សកល​លោកផង​ដែ​រ។ ហើ​យ​ការទទួល​បានជ័យ​​លាភី​លេខ១ ដែល​និស្សិត​កម្ពុជា ទទួល​ បាននេះ​ជាសញ្ញា​មួយដ៏​ល្អ ដែល​ទាម​​ទា​ឲ្យ​យើងទាំង​​អស់​គ្នា​ត្រូវតែ​ខិតខំ​បន្ថែម​ទៀតដើម្បី​ពង្រឹង​មុខ​ជំនាញ បណ្តុះ​បណ្តាល វិជ្ជា​​ជីវៈ​រប​ស់​​យើង ឲ្យកាន់​​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

តាមរយៈការ​ទទួលបាន​ជ័យលាភី ដ៏ត្រចះ​ត្រចង់ និងមាន​ការលើក​ទឹកចិត្ត​ពីប្រមុខ​រាជរដ្ឋា​ភិ​បាល​នេះ ​លោក​រដ្ឋ​មន្រ្តី បាន​ អំ​ពាវ​នាវឱ្យយុជន សិស្ស និស្សិត ទាំងអស់​ត្រូវតែខិត​ខំប្រឹង រៀន​សូត្រ លើកមុខ​ជំនាញ​របស់ខ្លួន​ឱ្យបានល្អ ដើម្បី​មាន​ ឱកាស​ទៅចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្ម​​វិធី​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​ពិ​ភព​លោក ដែលរាជ​រដ្ឋាភិបាល​បាន​ និង​កំពុង​យក​ចិត្ត​ទុក​​ដាក់​បំផុត ក្នុងការ​អប់រំ ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស និងការ​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​​ប្រជែង សមត្ថភាព លើគ្រប់​ កម្មវិធី​ជាតិ និង​អន្តរ​ជាតិ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative