កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​​គោល​នយោ​បាយ​ជាតិ​​ស្តីពី​​មុខរបរ និង​​ការងារ

នៅ​ទីស្តីការ​ក្រសួង ​កាលពី​​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ មាន​បើក​​កិច្ចប្រជុំ​​អន្តរ​ក្រសួង ​ស្តីពី​​គោល​នយោបាយ​​ជាតិ​ ស្តីពី​​មុខ​របរ និង​​ការងារ ក្រោម​​អធិបតី​ភាព​​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ កិច្ច​ប្រជុំ​​នេះ​​ធ្វើឡើង​​ដើម្បី​​ពិនិត្យ​​លើ​សេចក្តី​ព្រាង​​គោល​នយោបាយ​​ជាតិ ​ស្តីពី​​មុខរបរ និង​​ការងារ ២០១៥​-២០២៥ ដែលជា​​ការ​ប្រឹងប្រែង​​រួម​នៃ​​ភាគី​​ពាក់ព័ន្ធ​​ទាំងអស់ ដើម្បី​​ធានា​​ឱកាស​​ការងារ​​សម​រម្យ​​សម្រាប់ ពលរដ្ឋ​​កម្ពុជា​​គ្រប់រូបតាម​រយះ​ការ​បង្កើន​​សមត្ថ​ភាព​​ផលិត​ទិន្ន​ផល​ជាតិ និង​​រក្សា​បាន​នូវ​​ការប្រកួត​ប្រជែង​​ប្រក​បដោយ ជវ័ន​​ក្នុង​​បរិការណ៍​​តំបន់ ដើម្បី​ចូល​រួម​ចំ​ណែក​​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ក្នុងការ​​សម្រេច​បាន​កំណើន​​ប្រកប​ដោយ​​ចីរភាព គឺ​សំដៅ​​ឱ្យបាន​​ថា ពលរដ្ឋ​​ទទួល​បាន​​ការងារ​​សម​រម្យ​​ធ្វើ​ទទួល បាន​ការ​អប់រំ​​ជំនាញ និង​​បទ​ពិ​សា​ធន៍​​តាម​​ប្រាថ្នា ទទួល​បាន​​ប្រព្រឹត្តិកម្ម​​ស្នើ​គ្នា​​ក្នុង​ទីផ្សារ​​ការងារ ​និង​​សង្ឃឹមថា ទទួល​បាន​ការងារ​​ដែ​ល​មាន​​ប្រាក់​ចំណូល​​ប្រសើរ​​ទៅ​ថ្ងៃ​​អនាគត។

2លោក អ៊ិត សំហេង បាន​មាន​​ប្រសា​ស​ន៏​​ថា គោល​នយោបាយ​​ជាតិ​​ស្ដីពី​មុខ​របរ និង​​ការងារ​​នេះ​បាន​ចាប់ផ្តើម​​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ ២០១០ រហូតមក​ដល់​ពេល​នេះ​មាន​​រយៈពេល​៥ឆ្នាំ​​ហើយ ដោយមាន​​កិច្ចសហ​ប្រតិបត្តិ​ការ​ណ៏​​ជាមួយ​​អង្គការ​​អន្តរជាតិ​​ខាង​ការ​ងារ​(ILO) ​ខាង​​និយោជក និង​​សហជីព រួម​​និង ក្រុម​ការងារ​​អន្តរ​ក្រសួង​​ដែល​ពាក់​ព័ន្ធ​ផងដែរ។ លោក​​រដ្ឋ​មន្ត្រី​​មាន​​ប្រសា​ស​ន៏​​បន្តថា គោល​នយោបាយ​​ជាតិ​ស្ដី​ពី​​មុខរបរ និង​​ការងារ​​នេះ ក៏​ជា​​គោល​នយោបាយ​​មួយ​ដ៏​​សំខាន់​​នៅក្នុង​​នីតិកាល​​ថ្មី​របស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា ហើយក៏​​ជា​​គោល​នយោបាយ​​ឆ្លើយតប​​ទៅនឹង​​គោល​នយោបាយ​​ជាតិ​​ស្តីពី​​ឧស្សា​ហ៏​​កម្ម​​ដែល​​រាជ​រដ្ឋាភិបាល​​ទើបនឹង​​អនុម័ត​​នាពេល​ថ្មីៗ​កន្លង​មកនេះ ។

គោលនយោបាយ​​នេះ​ មាន​ចក្ខុ​វិស័យ សំដៅ​​លើកតម្កើង​​ជីវភាព ភាពថ្លៃ​ថ្នូរ​បស់​​ប្រជាជន ភាព​​សុ​ខុ​ដុម​រ​មនា សង្គម​តាម​រយៈ​​ការបង្កើត​​ឱកាស​​ការងារ​​សមរម្យ និង​មាន​ផលិត​ភាព​​ការងារ​​ខ្ពស់ជូន​ប្រជាពល​រដ្ឋ​កម្ពុជា​​គ្រប់រូប​ប្រកប​ដោយ​​សមធម៌។​ គោល​នយោបាយ​​មុខរបរ និង​ការងារ មាន​សសរ​ស្ត​ម​​ចំនួន​៣ គឺ៖១-ការបង្កើន​​ឱកាស​​ការងារ​​សមរម្យ និង​មាន​​ផលិត​ភាព​​ការងារ​​ខ្ពស់ ២-ការ​​ជម្រុញ​​កិច្ច​អភិវឌ្ឍន៍​​ជំនាញ និង​ធន​ធាន​មនុស្ស​ និង៣-ការ​ពង្រឹង​​អភិបាល​កិច្ច​ទី​ផ្សារ​ការងារ។

ដើម្បី​សម្រេចបាន​​សសរស្ដ​ម្ភនី​មួយៗ ក្នុងចំណោម​​សសរស្ដម្ភ​​ទាំង៣ គោល​នយោបាយ​​នេះ​បានកំណត់​​គោលដៅ​​យុទ្ធ​ សាស្ត្រ​ ​រយៈពេល​​ពី​ឆ្នាំ​២០១៥ ដល់​២០២៥ មួយចំនួន ហើយ​គោល​ដៅ​ជា​​យុទ្ធសាស្ត្រ​នីមួយៗ​នោះ ត្រូវបាន​​អម​ទៅ​ដោយ​​វិធាន​ការ​មួយ​ចំនួន ស្របទៅ​តាម​​យុទ្ធ​សាស្ត្រ​​ចតុកោណ ដំណាក់​កាល​ទី៣ និង​​ក្របខណ្ឌ​​គោល​នយោបាយ​​ម៉ាក្រូសេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល។

ទោះបីជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ក្រសួង​ស្នូល​ក្នុង​ការរៀបចំ និង​សម្របសម្រួល​ការអនុវត្ត​គោល នយោបាយ​នេះ តែ​ក៏​នៅមាន​ក្រសួង ស្ថាប័ន​ជាច្រើន​ទៀត ក៏ត្រូវ​បានកំណត់​ជា​ក្រសួង ស្ថាប័ន ចូលរួម​អនុវត្ត​​វិ​ធាន​ការ នី​មួយៗ​ផងដែរ ដើម្បី​​ធានា​បាន​ភាព​ជោគជ័យ។

អង្គ​ប្រជុំបាន​​ពិភាក្សា និង​​ឯកភាព ដោយ​​កំណត់​​យក​សេចក្ដី​ព្រាង​​ចុងក្រោយ​​នៃ​គោល​នយោបាយ​​ជាតិ​​ស្ដីពី​​មុខរបរ និង​​ការ​ងារ​នេះ សម្រាប់​​ដាក់ជូន​​ទីស្ដី​កា​រ​​គណៈរដ្ឋមន្ត្រី​​ពិនិត្យ និង​បន្ត​​ដាក់ជូន​​រាជរដ្ឋា​ភិបាល ពិនិត្យ និង​​អនុម័ត ទទួល​យក​ជា​​គោល​នយោបាយ​​ជាតិ​ដ៏​​មាន​សារៈ​សំខាន់​​មួយ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative