អគារជំងឺទឹក​នោមផ្អែម​​កម្ពុជា‑​កូរ៉េ កំពស់​៣ជាន់ តំលៃ​៧សែន​ដុល្លា បើក​សម្ពោធ​ជាផ្លូវ​ការ

អគារមជ្ឈ​មណ្ឌល​ពិគ្រោះ និង​ព្យាបាល​ជំងឺ ទឹកនោម​ផ្អែម កម្ពុជា‑​កូរ៉េ មាន​កំពស់​៣ជាន់ ដែលមាន​តំលៃ៧​សែន​ដុល្លា​ អាមេ​​រិក ស្ថិតនៅ​ក្នុង​បរិវេណ​មន្ទីរ ពេទ្យ​ព្រះ​កុសុមៈ បានបើក​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់ ជាផ្លូវការ​ហើយ កាលពី​ថ្ងៃទី​៣០​ ខែ​កក្តដា ឆ្នាំ​២០១៥ ក្រោម​អធិបតី​ភាព លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និងលោក​ គីម វ៉ុនជីន​ (Kim​ Weon Jin) ឯកអគ្គ​រដ្ឋទួត​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា។

3លោកសាស្ត្រាចារ្យរង សេក សុខឃឿន ប្រធាន​មន្ទីរ​ពេទ្យ ព្រះ​កុសុមៈ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា អគារ​នេះ​មាន​កំពស់​ ៣​ជាន់ សំរាប់​ពិគ្រោះ និង​ព្យាបាល ជំងឺ​ទឹកនោម​ផ្អែម ដែល​បានប្រារព្វ​ពិធី បញ្ចុះ​បឋម​សិលា​សាង​សង់ កាលពី​ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ​២០១២ និង​​បាន​បញ្ចប់​​ការ​​សាង​សង់ កាលពី​ចុង ខែ​មិថុនា ឆ្នាំ​២០១៥ កន្លងទៅ​ដែលជា​ជំនួយ​របស់ សមាគម​ជំងឺ​ទឹក​ នោម​ផ្អែម​ប្រទេស​កូរ៉េ អង្គការ​ Jeremiah’s​ hope korea​ ,LG Welrare​ Foundation ដែលបានចំណាយ​ថវិកាប្រមាណ​ ៧សែន​ដុល្លា​អាមេរិក​។

លោកសាស្ត្រាចារ្យរង បានបន្ត​ថាអគារ​ទឹកនោម​ផ្អែម មានផ្ទៃ​ក្រឡា​សរុប​២០៥៦​ម៉ែត្រ​ការ៉េ ដែល​​មាន​​កំពស់​​៣​ជាន់​ ដោយ​ជាន់​ទី​១ ប្រើប្រាស់​សំរាប់​ព្យាបាល និង​បន្ទប់​ប្រធាន​អគារ១​បន្ទប់ បន្ទប់​ធម្មតា ចំនួន​​៣បន្ទប់ ប្រជុំ​សំរាប់​ដាក់​អ្នក​ជំងឺ១​បន្ទប់​ វីអាយភី​៤បន្ទ​ប់​គិលា​នុប្បដ្ឋាក​១ និង​បន្ទប់​ទឹក​២។ ជាន​ទី​២​មានបន្ទប់ បណ្ណា​ល៏យ​១បន្ទប់ ប្រជុំធំ​១មាន​ចំណុះ​ ១០០​នាក់​បន្ទប់​ប្រជុំតូច​២បន្ទប់ សំរាប់​ជំនួយ​ការ​បរទេស១ និង​បន្ទប់​ទឹក១​ផងដែរ។

លោកវេជ្ជបណ្ឌិត សេក សុខឃឿន បានមាន​ប្រសាសន៍​បន្តថា ការដែល​ភាគី​កូរ៉េ ជួយសង់​អគារ​នេះ ឡើង​បន្ទាប់​ពីឆ្នាំ​២០០៥​ មក​រហូត​មកដល់​បច្ចុប្បន្ន​នេះ មន្ទីរ​ពេទ្យ​ព្រះកុសុមៈ បានក្លាយ​ទៅជាមន្ទីរ​ពេទ្យមួយ​សំខាន់​ដោយ​ទទួល​បានការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ទឹកនោម​ផ្អែម ធំជាង​គេនៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មន្ទីរ​ពេទ្យ​នៅ ពុំទាន់​មានអគារ​ដំណើរ​ការ​សកម្មភាព លើ​ ផ្នែក​ជំងឺ​ទឹកនោម​ផ្អែមនេះ នៅឡើយ​គឺមានតែ​ការពិ​គ្រោះ និង​ពិនិត្យ​អ្នកជំងឺ​ទឹកនោម​ផ្អែម និងធ្វើ​ការណាត់​ជួប​រាល់១​ ឬ២​ខែ​តែ​ប៉ុណ្ណោះ។

លោកបាន​បន្ថែម​ថា «ការ​កសាង​អគារ​នេះឡើង​ក្នុងគោល​បំណង​ដើម្បី​លើក​កំពស់​សុខភាព​សាធា​រណៈ ការផ្តល់​សេវា​ និង​បង្កើន​ការយល់​ដឹង ដល់បង​ប្អូន​ប្រជាពល​រដ្ឋ​យើង ឲ្យបាន​កាន់តែ​ច្បាស់ ពី​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម និង​ផល​វិបាក របស់​វា​ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពល​រដ្ឋ»។

លោកបានបញ្ជាក់​ថា «ដូចនេះ​អគារ​ជំងឺទឹក​នោមផ្អែម​នេះ វាមិនត្រឹម​តែឆ្លុះ​បញ្ចាំង​ពីចំណង​មិត្តភាព កិច្ច​សហប្រតិ​បត្តិ​ការ​ រវាង​ប្រទេស​ទាំងពីរ កម្ពូជា‑​កូរ៉េ ប៉ុណ្ណោះ​ទេ វាក៏រួម​ចំណែក​ក្នុងការ​ព្យាបាល​ជំងឺទឹក​នោមផ្អែម នៅក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​កាន់​តែប្រសើរ​ឡើងផង​ដែរ»។

លោកនាយក​មន្ទីរ​ពេទ្យ បាន​បន្ថែម​ថា ការងារផ្តល់​សេវា​ពិនិត្យ​ព្យាបាល និង​ព្យាបាល​បន្តជំងឺទឹក​​នោម​ផ្អែម ក្រោម​កិច្ច​ សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគីរ​វាងមន្ទីរ​ពេទ្យព្រះ​កុសុមៈ និងប្រទេស​កូរ៉េ នាពេល​នេះ មាន​សារៈ​សំខាន់​ណាស់ ដើម្បី​កាត់​បន្ថយ​ នូវ​ផល​វិបាក​ផ្សេងៗ ក៏ដូច​ជាអត្រា​ស្លាប់ និងរួម​ចំណែក កាត់​បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​កម្ពុជា ដែលបង្ក​ឡើង ដោយ​ជំងឺ​ ទឹក​នោម​ផ្អែម​នេះ។

ជំងឺទឹក​នោមផ្អែម គឺជាជំងឺ​មួយមាន​ការប៉ះ​ពាល់ដល់​សុខភាព ជាចំបង​ដល់​ប្រជាពល​រដ្ឋ ជាង​១៧០​លាន​នាក់ នៅទូ​ទាំង​ ពិភព​លោក ហើយ​រំពឹង​ថាជំងឺ​នេះ នឹងមាន​ការកើន​ឡើងយ៉ាង​ខ្លាំងក្នុង បណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី រយៈពេល​២០ឆ្នាំ​ ខាង​មុខ​នេះ។ ក្នុងនោះ​មានការ​ព្យាករណ៍​ថា ចំនូន​អ្នកកើត​ជំងឺទឹក​នោមផ្អែម នឹងកើន​ឡើងទ្វេ​ដងនៅ​ប្រទេស​ឥណ្ឌា និង​ចិន។

លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋ​ទួត​កូរ៉េ ប្រចាំ​កម្ពុជា បានមាន​ប្រសាសន៍ ថាជំងឺ​ទឹកនៀម​ផ្អែម គឺជា​ឃាតករ​លាក់មុខ ដែល​ទាម​ ទារ​ឲ្យមាន​ការយក​ចិត្តទុក​ដាក់ព្យាល និង​វិនិ​យោគ លើវា​ពោលគឺ​ត្រូវធ្វើ​ការផ្សព្វ​ផ្សាយ ដល់​សាធារណៈ​ជន បានយល់​ដឹង​ ពី​ជំងឺ​ទឹកនោម​ផ្អែម និងការ​គ្រប់គ្រង និងការ​ផ្តល់​សេវា​ជំងឺ​ប្រកប​ដោយត្រឹម​ត្រូវ និង​ច្បាស់​លាស់។ លោក​ទួត បាន​បន្តថា​ រដ្ឋា​ភិបាល​កូរ៉េ និងបន្ត​ជួយគាំ​ទ្រ​ចំពោះ​ការខិត​ខំ ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​លើក​កំពស់​វិស័យ​សុខភាព ព្រោះថា​វិស៏យ​នេះ​ គឺ​ជាវិស័យ​អាទិភាព​មួយ ដែល​ប្រទេស​យើងទាំង​ពីរ ធ្វើកិច្ច​សហការ​រួមគ្នា ជាក់ស្តែង​មន្ទីរ​ពេទ្យ​អាងដុងអាយ និង​ការផ្តល់​ មាតុ​ភាព​នៅខេត្ត​សៀមរាប ជា​ឧទាហរណ៍​ស្រាប់។

លោកវេជ្ជ​ប​ណ្ឌិត ម៉ម ប៊ុនហេង រដ្ឋម​ន្ត្រី ក្រសួង​សុខា​ភិបាល បានមាន​ប្រសាសន៍​ថា អគារ​មជ្ឈ​មណ្ឌល​ពិគ្រោះ និង​ព្យាបាល ​ជំងឺ​ទឹកនោម​ផ្អែម ដែល​ដាក់​សម្ពោធ​ប្រើប្រាស់​នាពេល​នេះ គឺជា​សមិទ្ធិ​ផល​ថ្មីមួយ​ទៀតក្នុង​វិស័យ​សុខា​ភិបាល ក្រោម​កិច្ច​ សហ​ការ​រវាង​រាជ​រដ្ឋាភិ​បាល​កម្ពុជា និងកូរ៉េ​។ លោករដ្ឋ​មន្ត្រី បាន​បន្ត​​ថា «អគារមជ្ឈមណ្ឌល​នេះ នឹង​ប្រើ​ប្រាស់​សំរាប់​ជា​ មណ្ឌល​បណ្តុះ​បណ្តាល​ទំនើប និង​​សម​ស្រប​​សំរាប់​​ការអនុវត្ត​គ្លីនីក និង​ការធ្វើ​ស្រាវ​ជ្រាវ របស់​និស្សិតព្រម​ទាំង​ជួយ​ សំរាល​បន្ទុក ដ៏ធ្ងន់ធ្ងរ​ដល់អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែលមាន​ផលវិបាក​ប៉ះពាល់​ដោយសារ​ជំងឺនេះ»។

លោករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សមាគម​ជំងឺទឹក​នោមផ្អែម​ប្រទេស​កូរ៉េ អង្គការ Jeremiah’s​ hope ​korea​,LG Welrare ​Foundation​ ដែលបានជួយ​សាងសង់​អគារដ៏​ល្អ និងមាន​សារ​សំខាន់​ណាស់​ឆ្លើយ​តប ទៅនឹង​តំរូវ​ការចាំ​ បាច់​របស់​ប្រជាជន​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative