ក្រសួងអប់រំ​បង្ហាញ​មុខវិជ្ជា​វិញ្ញាសា​ប្រលង​បាក់ឌុប ថ្ងៃ​ទី​២៤ សីហា

ក្រសួង​អប់រំ​យុវជន និងកីឡា បានបង្ហាញ​តារាង​ប្រព្រឹត្តិ ទៅនៃ​វិញ្ញាសារ​ប្រលង មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់​ឌុប​ ថ្ងៃទី​២៤​ សីហា ឆ្នាំ​២០១៥ ខាងមុខ​នេះ។

3យោងតាម​សេចក្តី​ជួន​ដំណឹង របស់​នា​យក​ដ្ឋាន​​មធ្យម​​សិក្សា ចំណេះ​​ទូទៅ​នៃ​ក្រសួង​​ អប់​រំ​​យុវជន និង​កីឡា ចុះថ្ងៃ​ទី២៨ ខែ​កក្តដា បាន​ឲ្យ​​ដឹង​ថា មុខ​វិជ្ជា​វិញ្ញាសារ​ ដែល​ត្រូវ​​ប្រលង​​នៅ​​ឆ្នាំ​នេះ មាន​ចំនួន​៧មុខ​វិជ្ជា ក្នុង​នោះ​​នៅ​ថ្ងៃ​​ទី២៤ ដែល​ជាថ្ងៃ​ទី​មួយ​ នៃការ​ប្រលង​គឺ​នៅ​ពេលព្រឹក​ចាប់ពី​ម៉ោង​៧​និង​៣០នាទី​​ ដល់​ម៉ោង​​៩ព្រឹក ​ប្រលង​គីមីវិទ្យា ​(៩០នាទី)។ ពីម៉ោង​៩ និង ៣០​នាទី ដល់ម៉ោង​​១១​ព្រឹក​​ប្រលង​វិញ្ញាសារ​ជីវវិទ្យា​(៩០​នាទី)។

នៅពេល​រសៀល​ថ្ងៃ​ទី​២៤ សីហា មានមុខ​វិជ្ជា​ចំនួន​ពីរ ត្រូវ​ប្រលង​រួមមាន​ពីម៉ោង​២​ ដល់​ម៉ោង​៣ ប្រលង​ប្រវត្តិ​វិទ្យា (៦០នាទី) និង​ពីម៉ោង​៣ និង​៣០​នាទី ដល់ម៉ោង​៤ និង៣០​នាទី ប្រលង​ភាសា​បរទេស (៦០​នាទី)។

សេចក្តី​ប្រកាស​ពត៌មាន​ដដែល បានឲ្យ​ដឹងថា​ចំណែក នៅថ្ងៃ​ទី២៥ ជាថ្ងៃ​ប្រលង​ទី២ និងជាថ្ងៃ​ចុង​ក្រោយ​ នៃការ​ប្រលង នៅ​ ពេលព្រឹក​ចាប់ពី​ម៉ោង៧ និង​៣០នាទី ដល់​ម៉ោង៩ ប្រលង​អក្សរ​សាស្ត្រ​ខ្មែរ (៩០នាទី)។ ពីម៉ោង​៩ និង​៣០នាទី ដល់​ម៉ោង​ ១១​ព្រឹក វិញ្ញាសារ​ប្រលង​រូបវិទ្យា​(៩០នាទី)។ នៅពេល​រសៀល ចាប់ពី​ម៉ោង២​ដល់៤ និង​៣០នាទី ប្រលង​គណិត​វិទ្យា​ (១៥០ នាទី​)​។

ការ​ប្រឡង​​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុតិយភូមិ​​ចំណេះ​​ទូទៅ​ និង​បំពេញ​​វិជ្ជា​នៅ​ឆ្នាំនេះ​នឹង ប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង​​ថ្ងៃ​ទី​​ ២៤​ ​ខែ​​សីហា ​​ឆ្នាំ​ ២០១៥ ដែល​មាន​​ថ្នាក់​​វិទ្យា​សាស្រ្ត​ និង​ថ្នាក់​​វិទ្យា​សាស្រ្ត​​សង្គម ​រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨ ​នាក់​ និង​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​​ចែក​ចេញ​​ជា ៣៥៧៦ ​បន្ទប់​​នៅ​រាជ​ធានី​​ខេត្ត​​ទាំង​ ២៥ ​។

រីឯសម័យ​​ប្រឡង​​​បាក់ឌុប​ កាលពី​​ឆ្នាំ​ ២០១៤ បាន​ប្រព្រឹត្តិ​ទៅកាលពី​ថ្ងៃទី៤ និងថ្ងៃ​ទី០៥ សីហា ដោយ​មាន​បេក្ខជន ដាក់​ពាក្យ ប្រលង​ចំនួន ៩៣៤៥៦ នាក់ មាន​១៥៤ មណ្ឌល​នៅទូទាំង​រាជធានី-ខេត្ត ចែក​ជា ៣៧៧៩ បន្ទប់ ។ ក្នុង​នោះ​​មាន​​បេក្ខជន​​ប្រឡង​​ជាប់​​តែ ២៣១២៦ នាក់​​ប៉ុណ្ណោះ​​ដែល​ស្មើ​​នឹង​ ២៥,៧២ ​​ភាគរយ​​នៃ​​បេក្ខជន​​ទូទាំង​​ប្រទេស​។

ការប្រលង​សញ្ញា​បត្រ​មធ្យ​សិក្សា​ទុតិយ​ភូមិ ឬបាក់​ឌុប នៅឆ្នាំ​នេះ ក្រសួង​អប់រំ​យុវជន និងកីឡា គ្រោង​នឹង​ចំណាយ ថវិកា​ ប្រមាណ ១២ពាន់​លានរៀល ស្មើនឹង​ចំនួន​៣លាន​ដុល្លា អាមរិក មាន​ការ​ថយចុះ បើធៀប​ទៅ នឹង​ការ​ប្រលង កាលពី​ឆ្នាំមុន ​ដែល​ចំណាយ​អស់​ប្រមាណ​៤លាន​ដុល្លា​អាមេរិក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative