ILO ស្វាគមន៍ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព

លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ប្រាប់​កាលពី ថ្ងៃ​ទី២៨ ខែ​កក្កដា ថា​អង្គ​ការ​ អន្តរ​ជាតិ ខាង​ការងារ​ (ILO) បាន​សម្តែង​ការ​ស្វាគមន៍ និង​រីក​រាយ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព ដែល​មាន​ លក្ខណ:​ស្រប​ទៅ​តាម​អនុសញ្ញា​អន្តរ​ជាតិ​លេខ​៨៧ និង​៩៨​។​

1ការបង្ហាញ​នូវកិច្ច​ស្វាគមន៍ ក៏ដូច​ជាភាព​រីករាយ​ ចំពោះ​ការរៀប​ចំឲ្យ​មានច្បាប់​ស្តីពី​សហ​ជីព​នៅ​កម្ពុជា ពីសំណាក់​អង្គការ​ ILO គឺបាន​ធ្វើឡើង​​ នៅក្នុង​កិច្ច​ប្រជុំ​ត្រីភាគី​ស្តីពី​ទំនាក់​ទំនង​ វិជ្ជា​ជីវ:​នៅកម្ពុជា​កាលពី ថ្ងៃទី​២៨ ខែ​កក្កដា​នេះ។ នៅកិច្ច​ប្រជុំ នោះ​ក្រសួង​ បាន​បង្ហាញ​ជូនត្រី​ភាគី ឲ្យបាន​ជ្រាបអំពី​ចំណុច​សំខាន់​មួយ​ចំនួន នៃសេចក្តី​ព្រាង​ច្បាប់​ ដែល​កំពុង​ស្ថិត នៅក្នុង​ដៃអន្តរ​ក្រសួង។

តាមរយ:​ការបង្ហាញ​នេះ ភាគី​សហជីព ក៏បាន​ស្វាគមន៍ និងរីក​រាយផង​ដែរ​ តែទោះ​យ៉ាង​ណាភាគី​និយោជក និង​សហជីព​មិន​ទាន់​សប្បាយ​ចិត្តជា​មួយគ្នា​នៅឡើយ​នោះទេ។

បើតាមលោក ហេង សួរ ភាគីសហ​ជីព និង​និយោ​ជក កំពុង​តែខ្វែង​គ្នា ចំពោះ​ការកំ​ណត់ ចំនួន​សមាជិក ក្នុងការ​សហជីព នៅ​ តាម​មូលដ្ឋាន។ ក្នុងនោះ​ភាគី​និយោជក​ចង់ស្នើ​ឲ្យមាន​ការ​ កែ​សម្រួល​ចំនួន​អប្ប​បរមា​ក្នុងការ​បង្កើត​សហជីព​មូល​ដ្ឋាន​មួយ ពី​ តួលេខ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​បច្ចុប្បន្ន​ចំនួន ១០​នាក់ ទៅជា​៣០% នៃចំនួន​កម្មករ​សរុប​ក្នុង​សហគ្រា​ស​គ្រឹះ​ស្ថាន​មួយវិញ​ ខណ:​ដែល​សហជីព​សុំរក្សា​ត្រឹមកំរិត​ដដែល។

លោក ហេង សួរ បានឲ្យ​ដឹងថា សេចក្តី​ព្រាង​ច្បាប់ស្តី​ពីសហជីព​សម្រេច​បានប្រមាណ​ជា ៩០​ភាគរយ​ហើយ។ លោក ហេង សួរ មិនអាច​កំណត់​ពេលវេលា​ថា ច្បាប់នេះ​នឹងបញ្ចប់​នាពេល​ណាទេ តែរំពឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗនេះ។

លោកបញ្ជាក់​យ៉ាងដូច្នេះ​ «ច្បាប់នេះ​មិនងាយ​ត្រូវគ្នា​១០០%​ទេ ពីព្រោះ​ជាទូទៅ​ជំហរ​សហជីព និង​និយោជក​មិន ងាយត្រូវ​ គ្នាទាំង​ស្រុង​នោះទេ។ សំខាន់​អង្គការ​ ILO បាន​ស្វាគមន៍​ និង​បញ្ជាក់​ថាវា​កាន់​តែ​ស្រប​ទៅ​តាម​បទដ្ឋាន អន្តរ​ជាតិ​ទាំងស្រុង​ ហើយ​»។

លោក ហេង សួរ ក៏បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា សេចក្តី​ព្រាងច្បា​ប់ស្តីពី​សហជីព មិន​តម្រូវ​ឲ្យថ្នាក់​ដឹកនាំ​សហជីព និង​អ្នក​ ទទួល​ខុសត្រូវ​របស់​សហជីព ទៅសុំ​លិខិត​ថ្កោល​ទោស​នៅ​ក្រសួង​យុត្តិធម៌​ទេ ហើយ​ក៏មិន​មាន​និយាយ យោង​ដល់​ទោស​ ព្រហ្ម​ទណ្ឌ​នៅក្នុង​ទោស​ប្បញ្ញតិ្ត​ដែរ។ ចំពោះ​សហជីព ដែលទទួល​បានបញ្ជី​ការរួច​ហើយ មុន​សេចក្តី​ព្រាង​ច្បាប់​នេះ ចូល ​ជា​ធរមាន ក៏មិន​តម្រូវ​ឲ្យចុះ​បញ្ជីការ​ឡើងវិញ​ដែរ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ ក៏បាន​សម្តែង​ការរំពឹង​ទុកថា ច្បាប់​ស្តី​ពីសហជីព នឹង​ទទួល​បាន ការ​ស្វាគមន៍ ពី​សាធារណ​ ជន ហើយ​នឹងធ្វើ​ឲ្យភាគី​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំង​ជួយ លើក​កម្ពស់ ផលិត​ ភាព និង​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិកាន់​តែមាន​ប្រសិទ្ធិ​ភាព និង​ស័ក្តិសិទ្ធ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative