ការផលិតស្ករត្នោត​​កំពង់​ស្ពឺ នៅរដូវ​កាល ២០១៥​-២០១៦ នឹងកើន​​ដល់​៣០០​តោន

សមាគមផលិត​ស្ករ​ត្នោត​​កំពង់​ស្ពឺ គ្រោង​នឹងបង្កើន​ការ​ផលិត​ស្ករ​ត្នោត ​ឲ្យ​បាន​​ដល់​៣០​០​​​តោ​ន​ ក្នុង​រដូវ​​កាល​​​ថ្មី​ឆ្នាំ​ ២០១៥​ – ២០១៦​ ដើម្បី​ឆ្លើយ​តប​​ទៅនឹង​​កំណើ​ន​នៃការ​បញ្ជា​ទិញ​​ពីក្រុម​ហ៊ុ​ន​​ជា​ដៃ​គូ​​។

1លោកសំ សា​រឿន ប្រធាន​​សមាគម ​ផលិត​ស្ករ​​ត្នោត​​កំពង់​ស្ពឺ បានឲ្យ​ដឹង​តាម​ទូរស័ព្ទ​​ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​ នេះថា​សម្រាប់​​រដូ​វ​​កាល ​ផលិត​​​ស្ករ​ត្នោត ​ឆ្នាំ​២០១៤​-២០១៥​ សមាគម ផលិត​​ស្ក​រ​ត្នោត​ បានត្រឹម​​តែជាង​១៥០​តោន​​ប៉ុណ្ណោះ។​ ប៉ុន្ដែ​ក្នុង​កិច្ច​ប្រជុំ​ ជា​មួយ​ក្រុមហ៊ុន​ចំនួន​៧ ដែល​ជា​​ដៃគូ​របស់​សមាគម​កាលពី​ពេលថ្មីៗ​កន្លង​ទៅ​ ក្រុម​ហ៊ុន​​​​ទាំង​នោះ​ ​​បាន​បង្កើ​ន​​​ការបញ្ជា​ទិញ​ស្ករ​​ត្នោត ​ពី​សមាគម​សរុប​រហូត​ដល់ទៅ​៣០០​​តោន​។ លោក​ថា សមាគម​​ និង​ជួប​​ប្រជុំ ជាមួយ​​ក្រុម​ហ៊ុន​ដៃគូ​ម្ដងទៀត នៅ​ក្នុង ខែសីហា ខាង​មុខ ដើម្បី​សម្រេច​ចុងក្រោយ​ពី​បរិមាណ​​សរុប​​នៃ​ការ​​បញ្ជា​​ទិញ​ស្ករ​ត្នោត​នេះ។

​លោកបន្តថា​ “ការកើនឡើង​​នៃ​ទំហំ​​ផលិត​​ស្ករ​ត្នោត សម្រាប់​នាំចេញ​ នារដូវ​កាល ឆ្នាំ​​២០១៥​-២០១៦​គឺ​​ជាក្ដី​​សប្បាយ​​រីក​រាយ​​មួយ ​សម្រា​​ប់​​​សមាជិក​សមាគម ផលិត​ស្ករត្នោត​​កំពង់​ស្ពឺ ក៏ប៉ុន្ដែ​លោក​មាន​កា​​រ​​ព្រួយ​​បារម្ភ​អំពី​បញ្ហា​​​ប្រឈម​ ដែលអាច​​ប៉ះ​ ពាល់​​ដល់​​ដំណើរ​​ការ​ផលិ​ត​​នេះផង​ដែរ នោះគឺ​​ការរាំង​ស្ងួត​ក្នុង​​តំប​ន់”​​​។ លោក​ថា​ “​ភាព​រាំង​​ស្ងួតនៅ​ក្នុងតំបន់​​នឹងធ្វើ​ឲ្យ​ត្នោត​​ស្កកមិន​មានផ្កា និង​មិន​អាចអោយ​សមាជិក​​ប្រមូល​ផល​​បាន”​។

​លោកហឹម ពិសិដ្ឋ អគ្គនាយក​រង​ក្រុមហ៊ុន​ នាំចេញ​ស្ករត្នោត​ខន់ហ្វីរ៉ែល បានឲ្យ​ដឹងថា នៅរដូវ​​កាល​ ២០១៤​-២០១៥ ក្រុមហ៊ុន​ បានបញ្ជា​ទិញ​ស្ករ​ត្នោត​ពី​សមាគម ផលិត​ស្ករត្នោត​​កំពង់​​ស្ពឺ ត្រឹមតែ​ជាង៨០​តោន​​ប៉ុណ្ណោះ។ ដោយឡែក​សម្រាប់ រដូវ​កាលថ្មី​ ២០១៥-​២០១៦នេះ ក្រុមហ៊ុ​ន​​បាន​​បង្កើន​​ការ​ទិញ​​ស្ករត្នោត​​ពី​សមាគម​​រហូត​​ដល់១៥០​តោន។ លោកថា​ក្នុងរយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវការ​​ស្ករត្នោត​​​កំពង់​​ស្ពឺ​ កាន់​តែមាន​ការកើន​ឡើងនៅ​បរទេស ដូចជា​ប្រទេស​​ជប៉ុន តៃវ៉ាន់ និង​ហុងកុង។ ការ​ កើន​ឡើង​នៃ​​តម្រូវ​​ការ​នេះ គឺដោយ​សារតែ​ស្ករត្នោត​កំពង់ស្ពឺ​មាន​គុណភាព​ល្អមិន​ប៉ះពាល់​សុខភាព​អ្នកប្រើ​ប្រាស់​ និង​ចំ​ណូល​​​ចិត្ត​​របស់​​អតិថិជ​ន។

2លោកហឹម ពិសិដ្ឋបាន​បញ្ជាក់​ថា “សូម្បីតែ​​មន្ទីរ​ពិសោធន៍​​របស់​​ប្រទេស​​ជប៉ុន​ ក៏​ទទួល​​ស្គាល់​​ថា​​ស្ករ​ត្នោត​​កំពង់​ស្ពឺ មាន​គុណ​ភាពល្អ​ និង​មាន​គុណ​តម្លៃ​ខ្ពស់​ ដល់​​សុខភាព ជាពិ​សេស​​សម្រាប់​ប្រឆាំ​ង​ភាព​ជ្រៀវ​​ជ្រួញ និង​សម្រាប់​អ្នកមាន​ជម្ងឺ​ទឹក​នោម​​​ផ្អែម​​​ប្រើប្រាស់​ផងដែរ​”។

​ស្កត្នោត​កំពង់ស្ពឺ គឺជាផលិត​ផល​សម្គាល់​ភូមិ​សាស្រ្ត​​មួយ ដែល​​មាន​ការ​​ទទួល​ស្គាល់​ពី​​ថ្នាក់​ជាតិ​ និង​​អន្តរ​​​ជាតិ។ បច្ចុប្បន្ន សមាគម​​ផលិត​​ស្ករ​​ត្នោត​​កំពង់​ស្ពឺ​ មាន​​​សមាជិក​ ​​​ជា​​​កសិ​ករ​​ ផលិ​ត​​​ចំនួន​​១១ភូមិ ស្ថិតក្នុង​​ស្រុក​​​សំ​រោង​​ទង និង​ស្រុក​ឧត្តុង ហើយ​ សមាគម​បាន​ដើរតួ​នាទី​ជាអ្នក​​សម្រ​ប​​សម្រួល​រវាង​កសិករ និង​ក្រុមហ៊ុន​​បញ្ជា​​ទិញ។​ ចំពោះ​រដូវ​កាល​នៃការ​ផលិត​ស្ករ​ត្នោត​​កំពង់​ស្ពឺវិញ គឺមាន​រយៈ​ពេល​​៦ខែ ដោយចាប់​ផ្ដើមពី​ខែធ្នូ រហូត​ដល់ចុង​ខែឧសភា។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative