និស្សិត​ពេទ្យជាង​៣០០​នាក់ស្ម័គ្រ​ចិត្តចូល​រួម​បរិច្ចាគ​ឈាម

សាកលវិទ្យាល័យ វិទ្យា​សាស្ត្រ​សុខា​ភិបាល សហការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ ផ្តល់​ឈាម កាលពី​ព្រឹក​ថ្ងៃ ទី២៨ ខែ​កក្តដា​ ឆ្នាំ​២០១៥ បានរៀប​ចំពិធី​បរិច្ចាគ​ឈាម ក្រោម​ប្រធាន​បទ «សូម​ថ្លែងអំណរ​គុណ ដែលបាន​ជួយ​ជីវិត​ខ្ញុំតាម​រយៈ​តាម​ រយៈ​ការផ្តល់​ឈាម»។

2កម្មវិធីផ្តល់​ឈាមនេះ បានប្រព្រឹត្តិ​ទៅក្រោម អធិបតី​ភាព​លោក សាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ សុខា​ភិបាល តំណាង​ឲ្យរដ្ឋ​មន្ត្រី​ ក្រសួង​សុខាភិបាល ដោយមាន​ការចូល​រួម​បរិច្ចាគ​ឈាម ពីនិស្សិត​ ប្រមាណ​ជាង​៣០០​នាក់ និងមាន​ការជួយ​ឧបត្ថម្ភ ពីក្រុម​ហ៊ុន ទឹកបរិសុទ្ធ​វីតាល់ និង​ក្រុមហ៊ុន ភេស្ជជៈ​ កូកា​កូឡា។

លោកវេជ្ជ​បណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម​បាន​ មាន​ប្រ​សាសន៍​​ ថាការរៀបចំ​ពិធី​បរិច្ចាគ​ឈាម​នោះ​ឡើង​ ក្នុងគោល​បំណង​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ជនរង​គ្រោះ​ដែលកំពុង​សំរាក​ព្យាបាល​ជំងឺ នៅតាម​មន្ទីរ​ពេទ្យ ហើយ​អ្នកជំងឺ​ដែលត្រូវ​ការឈាម​ មាន​ដូចជា​អ្នកជំងឺ​បាត់​បង់ឈាម ខ្លាំងដោយ​សារមាន​ជំងឺប្រដាប់​រំលាយ​អាហារ។ ការហូរ​ឈាម​មុន និងក្រោយ​ពេលសំរាល​កូន​ ករណី​ជំងឺ​ឈាម​ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ​ករណី​ជំងឺ​មហារីក និង​ការ​ព្យាបាល ករណី​ជំងឺ​ខ្សោយ​តំរង់​នោម​រ៉ាំរ៉ៃ និង​ការលាង​ឈាម និង​ករណី​គ្រោះ​ថ្នាក់​ ចរា​ចរណ៍ និងការវះ​កាត់​ផ្សេងៗ។

លោកវេជ្ជ​បណ្ឌិត បានបន្តថា​ ដោយសារ​តែ​មូល​ហេតុ​នេះ ហើយដែល​ធ្វើឲ្យមជ្ឈ​មណ្ឌល​ជាតិ ផ្តល់​ឈាម​កាន់តែមាន​ការ​ ទទួល​ខុសត្រូវ​ដ៏ធំធេង និងអំពាវនាវ​ឲ្យមាន​កិច្ច​សហការ ពីគ្រប់​អង្គភាព ស្ថាប័ន​សាធារណៈ និង​ឯកជន​សាកល​វិទ្យាល័យ​ វិទ្យាស្ថាន សហភាព​សព័ន្ធ យុវជន​កម្ពុជា និង​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប ទៅនឹង​សេចក្តី​ត្រូវ ការចាំបាច់​ក្នុងការ​ព្យាបាល​ និងថែ​ទាំអ្នក​ជំងឺ និងស្រប​តាមយុទ្ធ​សាស្ត្រ សុខាភិ​បាល ក្នុងការលើក​កំពស់​ដល់សុខមាល​ភាព​របស់​ប្រជាជន។

លោក​សាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ បានមាន​ប្រសាសន៍​ថា ការរិច្ចាគ​ឈាម​ដោយ​ស្ម្រ័គ​ចិត្ត និង​មិនគិត​កំរ៉ៃ​នេះ គឺមាន​អត្ថន័យ​ បំផុត​ក្នុងគោល​បំណង​៣យ៉ាង គឺទី១ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត អ្នក​ជំងឺ​កម្ពុជា​ជាពិ​សេស អ្នកជំងឺ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ ប្រើ​ប្រាស់​ឈាម​រហូត​ដល់៦០​ភាគរយ នៃតំរូវ​ការ​ឈាម​ទូទាំង​ប្រទេស។ ទី២ដើម្បី​ផ្តល់​ឈាម​ប្រកប ដោយ​សុវត្តិភាព ទាំង​ សប្បុ​រស​ជន​បរិច្ចាគ​ឈាម និងទាំង​អ្នកជំងឺ​ទទួល​ឈាមផង​ដែរ និងទី៣​ដើម្បី​កាត់បន្ថយ​អំពើ អសកម្ម​នានា ក្នុង​ចរាចរ​ឈាម​ ក្នុង​ករណី​​មាន​​ឈាម​គ្រប់​​គ្រាន់​​ចំនួន ឆ្លើយតប​១០០​ភាគរយ តំរូវការ​ឈាមនៅ​ទូទាំង​ប្រទេស តាម​រយៈការ​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃ។

លោក​សាស្ត្រា​ចារ្យ បានបន្ត​ថា «ការ​បណ្តុះ​គំនិត​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រ​ចិត្ត និងមិន​គិតកំ​រ៉ៃ​នេះ គឺជា​ការងារ​បណ្តុះ​វធ្បម៌​ ចែក​រំលែក ដែល​ប្រជាជន​កម្ពុជា​យើង មានតាំង​ពីយូរ​លង់ណាស់​មកហើយ និង​ស្របទៅ​តាម​អនុ​សាសន៍ ដ៏ខ្ពង់​ខ្ពស់ របស់​ សម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​សាលា​បច្ចេក​ទេស ថែទាំ​វេជ្ជ​សាស្ត្រ​ ដែលជំរុញ​ឲ្យចលនា​បរិច្ចាគ​ឈាម ឲ្យកាន់​តែសកម្ម​ក្លាយជា​វប្បធម៌ ចែករំលែក​នៃការជួយ​សង្គ្រោះ ជីវិត​ជនរង​គ្រោះ​កម្ពុជា​ ជាទូទៅ​ប្រកប​ដោយ​សមធម៌​ និង​មិនរើស​មុខ»។

លោកបាន​លើកឡើង​របាយ​ការណ៍​មកបញ្ជាក់​ថា តាម​តួលេខ​របស់​អង្គការ សុខភាព​ពិភព​លោក នៅឆ្នាំ​២០១៤ បាន​បង្ហាញ​ ថា​ អត្រា​នៃការ​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រ​ចិត្ត និងមិន​គិត​កំរ៉ៃ នៅ​កម្ពុជា ក្នុង​រង្វង់​តែ៣៣​ភាគរយ នៃតំរូវ​ការ​ឈាម តែ​ប៉ុណ្ណោះ​ ។ ហេតុនេះ ការចូល​រួមរបស់​យើង​ទាំអអស់​គ្នា ជាពិសេស​ការចូល​រួមរបស់​យុវជន​កម្ពុជា យើងពិត​ជានឹង​ចូលរួម​ចំណែក​ ដើម្បី​ ឲ្យយើង​ទទួល​បានការ​កើនឡើង អ្នក​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃ​១០០​ភាគរយ នៅឆ្នាំ​២០២០​ខាង​ មុខ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative