កុមារកំព្រានៅអង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ទទួលបានកន្សែង​ពោះគោ​៦០០ពី​ណាហ្គាវើល

ក្រុមស័្មគ្រចិត្ត ណាហ្គាវើល បេះ​ដូង​សប្បុរស កាលពី​ថ្មីៗ​នេះ បានទៅ​សួរសុខ​ទុក្ខ និងបាន​នាំយក​កន្សែង​ពោះគោ ចំនួន​ ៦០០ ចែកជូន​ដល់ កុមារកំព្រា​នៅអង្គការ​មូលនិធិ​កុមារ​​កម្ពុជា ស្ថិតក្នុង​ខណ្ឌ​​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ។

3លោក James Ma នាយក ផ្នែក​ទំនាក់​ទំនង​បុគ្គ​លិក និង​ការងារ​សង្គម ណាហ្គាវើល​ បាន​​មាន​​ប្រសាសន៍​ថា “បុគ្គលិក​ក្រុម​ហ៊ុន ​ណាហ្គាវើល បានទៅ​សួរសុខ​ទុក​ និង​បាន​ឧបត្ថម្ភ​កន្សែង​ពោះគោ​មួយចំនួន ដល់កុមារ​អង្គការ មូលនិធិ​កុមារ​កម្ពុជា ហើយសង្ឃឹម​ថា​ អំ​ណោយ​បន្តិច​បន្តួច​ទាំង​នេះ នឹងធ្វើ​ឲ្យកុមារ​មានភាព​កក់ក្តៅ​ក្នុង​បេះ​​ដូង​របស់​​ពួក​គេ​។ បន្ថែមពី​លើ​នេះ​ ទៀត អស់រយៈ​ពេល២០​ឆ្នាំមក​ហើយ ក្រុមហ៊ុន​ណាហ្គា​វើល បាននឹង​​កំពុង​តែចូល​រួមចំ​ណែក​ ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ក្នុងប្រទេស​កម្ពុជា។ លោកបាន​បន្តថា​ យើង​នឹងបន្ត​ការងារ​សង្គម និង​កិច្ចខិត​ខំ ប្រឹងប្រែង របស់​យើង​ជាមួយ និង អង្គកា​រ​មិនមែន​រដ្ឋាភិបាល​ និង​ដៃ​គូ​ពាក់​ព័ន្ធផ្សេងៗ​ទៀតនាពេល​អនាគត”។

លោកបានបន្ថែម​ទៀតថា “ណាហ្គាវើល បេះដូង​សប្បុ​រស បានរៀប​ចំផែន​ការ​ដើម្បី​ចែកសម្ភារ​សិក្សា ដល់​កុមារ​កំព្រា និង​ កុមារ​ក្រីក្រ នៅចុង​ឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ក្នុងគោល​បំណង​ដើម្បី​គាំទ្រ និង​ លើក​ទឹកចិត្ត សិស្សា​នុសិស្ស ឲ្យខិតខំរៀន​សូត្រសម្រាប់​អនា​គត​​ភ្លឺស្វាង របស់​ពួក​គេ និង​ដើម្បី​អនាគត ប្រទេស​កម្ពុជា​ ផង​ដែរ។ យើងមាន​មោទនភាព​​ណាស់​ដែល​​ឃើញ​កុមារ​កម្ពុជាចេះ​ឲ្យតម្លៃខ្លួន​ឯង និងភាពជោគ​ជ័យរបស់​ខ្លួន”។

លោក ង៉ុយ ហេន ប្រធាន​សាខាទី៥ នៃអង្គការ​មូលនិធិ​កុមារ​កម្ពុជា មានប្រសាសន៍​ថា “យើងរីក​រាយ​ណាស់ ដែល​ឃើញ​ បុគ្គ​លិក ក្រុមហ៊ុន​ណាហ្គាវើល មកទីនេះ​ម្តងទៀត​ដើម្បីជួយគាំ​ទ្រកុមារកំព្រា​​ក្នុង​​អង្គការ​​របស់​យើង។ ពួកគេ​ធ្វើឲ្យកុមារ​ មាន​អារម្មណ៍​កក់ក្តៅ និង​រំភើប​ជាខ្លាំង។ នេះ​ជា​​លើក​ទី​២ ហើយដែល​បុគ្គលិក ក្រុមហ៊ុន​ណា​ហ្គាវើល បានមក​សួរសុខ​ ទុក​កុមារ​របស់យើង​នៅទី​នេះ។ លើក​ទី​មួយ​​នៅ​ខែ​មិនា​​ឆ្នាំ២០១៤​។ ពួកគេបាន​មកសួរសុខ​ទុក និងបាន​នាំយក​សម្ភារ​ សិក្សា​មួយចំនួន​ធំ ដើម្បីឧបត្ថម្ភ​ដល់កុមារ​របស់យើង ហើយថ្ងៃ​នេះពួកគេ​បានមកសួរ​សុខទុក ហើយ​ព្រមទាំង បាន​នាំយក​ កន្សែង​ពោះគោ​ចំនួន​៦០០​ដើម្បី​ចែកជូនដល់​កុមារ​របស់យើង​ផងដែរ”។

លោកបាន​បន្ត​ទៀត​ថា ​“អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​បង្កើត​ឡើង​ក្នុ​ង​ឆ្នាំ​២០០៤ ហើយ​ផ្តល់​នូវកម្ម​វិធី​អប់រំ​ផ្លាស់​ប្តូរ​ជីវិត​ កម្មវិធី​អាហារូប​ត្ថម្ភ និង​ការ​ព្យាបាល​ដល់​កុមារ​ដែលងាយ​រង​គ្រោះ មកពី​​សហ​គមន៍​​ក្រីក្រ​​បំផុត​​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ នាពេល​បច្ចុប្បន្ន​នេះយើង​ថែទាំ​កុមារ​ជាង​២,០០០​នាក់។ កុមារ​ទាំងអស់​នៅក្នុង​អង្គការ នេះគឺ​ជាកុមារ កំព្រា​មកពី​សហ​គមន៍​ មូលដ្ឋាន​និងរាជ​ធានី​ភ្នំពេញ​។ យើងសូម​អរគុណ​ដល់ក្រុម​ហ៊ុន​ណាហ្គាវើល​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែង និង​សណ្តាន​ចិត្ត​ ទាំង​នេះ​ ”។

កុមារីម្នាក់​ដែលបាន​ទទួល​កន្សែង​ពោះគោ បាននិយា​យ​ថា ​“ខ្ញុំសប្បាយ​រីករាយ​ណាស់ ពីព្រោះ​ខ្ញុំមាន​កន្សែង​ពោះ​គោ​ថ្មី​ ដើម្បី​ប្រើ​ប្រាស់​បន្ទាប់​ពី​ងូត​ទឹករួច។ កន្សែង​ពោះគោថ្មី​ទាំងនេះបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើល។ ខ្ញុំសូម​អរគុណ​ ដល់​បុគ្គ​លិក ក្រុមហ៊ុន​ណាហ្គា​វើល ដែល​បានមក​សួរ​សុខទុក និង​បាន​ឧបត្ថម្ភ កន្សែង​ពោះគោ ដល់ពួក​យើង។ ម្យ៉ាងវិញ​ទៀត​ ពួក​គេ​បាន​ជម្រុញ​លើកទឹក​ចិត្ត​ពួក​យើង​ឲ្យខិត​ខំរៀន​សូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ពួក​យើង។ ខ្ញុំ​ស្រឡាញ់​ និង​ត្រូវ​ការ​ពួកគេ​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative