ដាក់ចេញ​នូវផែន​ការ​សកម្ម​ភាព​បី ដើម្បី​សម្រេច​គោលដៅ​ស្រាវ​ជ្រាវ និង​ព្យបាល​ជំងឺ​​របេង​

មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ឋ​នឹងជំងឺ​របេង​បាន និង​កំពុងដាក់ចេញ​សកម្ម​ភាព​​ចំនួន​​​បី ដើម្បី​សម្រេច​ស្រាវ​ជ្រាវ​ និង​ ព្យា​បាល​ជំងឺ​របេង ឲ្យបាន​តាមទិស​ដៅ​​របស់​​ខ្លួន។

1លោកវេជ្ជ​បណ្ឌិត​ម៉ៅ តាន់អ៊ាង នាយក​មជ្ឈ​មណ្ឌល​ជាតិ ប្រយុទ្ឋ​ជំងឺ​របេង និង​ហង់់សិន​ បាន​ថ្លែង​ឲ្យដឹង ​កាលពី​សប្តាហ៍​មុនថា នៅឆ្នាំ​២០១៥​នេះ កម្មវិធី​ជាតិ​ប្រយុទ្ឋ​​ជំងឺ​របេង បាន​ និង​កំពុង​ដាក់​ចេញសកម្មភាព​ចំនួនបី ដើម្បី​សម្រេច​លើ​ការ​ស្រាវ​ជ្រាវ ​និង​ព្យាបាល​ជំងឺ​ឲ្យបាន​តាម​ទិស​ដៅ ព្រោះ​កម្ម​វិធី​ជាតិ​មាន​គំរោង​ស្រាវ​ជ្រាវ​រក​ជំងឺ​​របេង ឲ្យបាន​ជាង ៤០.០០០​ករណី នៅ​ដំ​ណាច់​ឆ្នាំ​នេះ។ លោក​បន្តថា កម្មវិធី​ជាតិ បាន​​ជំរុញ​ការ​ស្រាវ​ជ្រាវជំងឺ​របេង​សុំាថ្នាំ​ ឲ្យ​បាន​ច្រើន​នា​ឆ្នាំ​នេះ តាមរយៈ​ការ​ដាក់​ម៉ាស៊ីន​ Gen​ Expert ចំនួន​៣០​គ្រឿង​ ក្នុង​នោះ​៣​គ្រឿង​ដាក់​នៅ​មន្ទីរ​ពេទ្យ​ជាតិ គឺមន្ទីរ​ពេទ្យ​​កាល់​ម៉ែត មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។​ ចំណែក​ម៉ាស៊ីន ដែល​នៅ​សល់នឹង​ដាក់នៅ​តាម​មន្ទីរ​​ពេទ្យ​​បង្អែក​តាម​ខេត្ត និង​ស្រុក​​មួយចំនួន។

លោកបន្ត​ថា កម្មវិធី​ជាតិ​ក៏នឹង​ដាក់ចេញ​នូវការស្រាវ​ជ្រាវជំងឺ​របេង​តាមបែប​​សកម្ម​នៅ​ការិយា​ល័យ សុខា​ភិបាល​ស្រុក​ ប្រតិ​បត្តិ ចំនួន​ជាង១០​កន្លែង ដោយផ្តោត​​លើ​មនុស្ស​ចាស់ អ្នកជំងឺ​ទឹក​នោម​ផ្អែម និងអ្នក​ជំងឺ​លើស​ឈាម​ផងដែរ។ លើស​ពី​​នេះ​កម្ម​វិធីជាតិ​នឹងធ្វើ​ការស្រាវ​ជ្រាវ​ជំងឺ​របេង តាម​ពន្ឋនាគារ​ចំនួន​១៤​ពន្ឋ​នា​គារ​​នៅទូទាំង​ប្រទេស​ផងដែរ ព្រោះ​នៅតាម​​ពន្ឋ​នា​គារ​មាន​ហានិភ័យ​នៃការ​ឆ្លង​ជំងឺ​​របេង ព្រោះជា​កន្លែង​មាន​មនុស្ស​រស់នៅ​ជុំគ្នា ដែលធ្វើ​ឲ្យមាន​ការឆ្លង​ជំងឺ​របេង​​យ៉ាង​​ឆាប់​រហ័ស​។

យោងតាម​របាយ​ការណ៍ របស់​មជ្ឈ​មណ្ឌល​ជាតិ ប្រយុទ្ឋ​ជំងឺ​របេង បានឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ត្រី​មាស​​ទី១​​ឆ្នាំ​នេះ កម្ម​វិធី​ ជាតិ​ប្រយុទ្ឋ​ជំងឺ​របេង បាន​ស្រាវ​ជ្រាវ​​រកឃើញ​ជំងឺ​របេង​គ្រប់​ករណី​ចំនួន​ជាង​៩៥០០​នាក់ ដែល​ចំនួន​នេះមាន​ប្រហាក់​ប្រ​ហែល នឹង​បណ្តា​ឆ្នាំកន្លង​មក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative