ខេត្ត​កំពង់ស្ពឺ​ ប្រឈម​នឹង​គ្រោះ​រងស្ងួត​ធ្ងន់ធ្ងរ​ធ្វើឱ្យ​​សំណាប សន្ទូង ស្រូវ​ពង្រោះ​ កសិករ​​ជាង ៧០០០​ហិក​តា​ ​ស្វិត​ស្រពោន និង​ជិត ៦០​ហិក​តា​ ​ងាប់

ស្ថានភាព​​គ្រោះ​រាំង​ស្ងួត​ ក្នុង​ខេត្ត​កំពង់ស្ពឺ ​បានធ្វើ​ឱ្យ​សំ​ណាប សន្ទូង ស្រូវ​ពង្រោះ​​របស់​​ប្រជា​កសិករ​​ជាង ៧០០០​​ហិក​តា​ ទទួល​រង​ស្វិត​​ស្រពោន និង​​ជិត ៦០​​ហិក​តា​​បាន​ងាប់​ ។

2មន្ត្រី​មន្ទីរ​​កសិកម្ម ខេត្ត​កំពង់ស្ពឺ ​បាន​ថ្លែង​ថា ស្ថានភាព​​ទឹកភ្លៀង​​ទូទៅ សម្រាប់​​ខេត្ត​កំពង់ស្ពឺ ក្នុង​​ឆ្នាំនេះ ចាប់ពី​ដើម​រដូវ​​វស្សា​រ​ហូតដល់​​ចុងខែ​​កក្កដា ឆ្នាំ​​២០១៥ ទើ​ប​តែ​​ទទួល​​បាន​ទឹក​ភ្លៀង​​ចំនួន ៣០៧​​មី​លី​​ម៉ែត​ ប៉ុណ្ណោះ​ ធ្វើឱ្យ​ការងារ​​បង្ក​បង្កើន​​ផល​ស្រូវ​វស្សា​​មានការ​​យឺតយ៉ាវ​​យ៉ាង​ខ្លាំង​ ។ មន្ត្រីដដែល​បាន បន្តថា គិត​ត្រឹម​​ពេលនេះ ការ​ភ្ជួ​រ​​សរុប​​បាន​​ចំនួន ៣៧,៨៥៧​​ហិច​តា សាប​​សំណាប​​បាន ៤,២៨៤​​ហិច​តា ទាប​ជាង​​ឆ្នាំ​​២០១៤ ចំនួន ២,៣៨៤​​ហិច​តា ស្ទូង ព្រួស​​សរុប​​ចំនួន ១៣,៨២៤​​ហិច​តា ស្មើរ​នឹង ១២,១៧​​ភាគ​រយ​ ​ខ្ពស់​ជាង​​ឆ្នាំ​​២០១៤៤,៨៨៤​​ហិច​តា ។

លោកបាន​ បន្តែមថា មូលហេតុ​​ដែល​នាំ​ឱ្យ​មាន​​កា​រ​កើនឡើង​​ការ​ធ្វើ​​ស្រូវ​ពង្រោះ​ ដោយសារ​តែ​ខ្វះ​​កំលាំង​​ពលកម្ម ព្រោះ​​កំ​លាំង​​ពលកម្ម​​ភាគច្រើន​​ទៅធ្វើ​​ការងារ ជា​កម្មករ​​-​ការិនី​តាម​​រោងចក្រ​ សំណង់ និង​​ចំណាក​ស្រុក​ជា​ដើម​គិត​​ជា​កំរៃ​​កំលាំង​​ពលកម្ម​​ពី​​១៥០០០ ​ទៅ​​២០០០០​​រៀល ក្នុង​មួយ​ថ្ងៃ​សម្រាប់​​ម្នាក់ ។ ​

តាម​ការបញ្ជាក់​​របស់​​មន្ត្រី​​មន្ទីរ ​កសិកម្ម ​ក្នុងឆ្នាំ​នេះ ​ទូទាំង​​ខេត្ត​កំពង់ស្ពឺ ​ទទួល​រង​ផលប៉ះ​ពាល់​សំណាប​​ស្វិត​​ស្រពោន​​១,៨៥០​​ហិច​តា ងាប់​ ៣១​​ហិច​តា សន្ទូង ពង្រោះ​​ស្វិត​ស្រពោន​​៥,២៣០​​ហិត​តា ងាប់​ហួស ២៩​ហិច​តា ។

មន្ត្រីកសិកម្ម​បានបញ្ជាក់ថា ប្រសិន​បើ​ភ្លៀង​​មិន​ធ្លាក់​ក្នុង​​រយៈពេល​​មួយ​​សប្តាហ៍​​នេះ​ទៀត​​ទេ សំណាប ស​ន្ទូង​​នឹង​ទទួល​រង​ការ​​ប៉ះពាល់​​កាន់​តែ​ច្រើន​ពី ៣៥ ទៅ​​៤០​​ភាគរយ ហើយ​ការ​បង្កបង្កើន​​ផល​កាន់​តែ​យឺត ។ ​

ក្នុងការដោះស្រាយ​បញ្ហានេះ​​មន្ទីរ​​កសិកម្ម ខេត្ត​​កំពង់ស្ពឺ មាន​វិធាន​ការ​​ទប់​ស្កាត់​​ដូច​ជា ចុះ​តាម​​ដាន​​​ពិនិត្យ​​​ពី​ស្ថាន​​ភាព​​​គ្រោះ​​រាំង​ស្ងួត ពិនិត្យ​​​កន្លែង​​ដែល​មាន​​​ប្រភពទឹក ដោយ​សហការ​​​ជាមួយ​​​មន្ទីរ​ធន់​​ធាន​​ទឹក​​ដើម្បី​​​បូម​​សង្គ្រោះ​​​ជាមួយ​​​អាជ្ញាធរ​​ មូលដ្ឋាន​​ ជំ​រុញ​​​ដល់​​កសិករ​​​ធ្វើ​ស្រូវ​​ពង្រោះ​ ប្រើ​​បច្ចេក​​ទេស​​ឱ្យ​​បាន​​ត្រឹម​ត្រូវ​​ពី​រ​បៀប​​​ធ្វើ​ដី​ស្រែ ធ្វើ​ស្មៅ លប់​ដី​​​ដើម្បី​​​ធន់​ភាព​​​រាំងស្ងួត​​​បាន​យូ​ និង​​​របៀប​​​ប្រើ​ថ្នាំ​​​កំ​ចាត់​​​ស្មៅ​ផង​ដែរ​ ។​ក្នុងនោះ​​​ក៏​បាន​​ត្រៀម​​លក្ខណៈ​​​ប្រេង​ឥន្ធនៈ​​​សម្រាប់​​​ភ្ជួរ​គោក បូម​​សង្គ្រោះ ​គ្រាប់​ពូជ ថ្នាំ​កសិកម្ម ហើយ​បាន​​អំពាវ​នាវ​​ដល់​​​អាជ្ញាធរ​ ឃុំ ស្រុក ត្រូវ​តែ​​បង្វែរ​​​ថវិកា​​វិនិយោគ​​ឱ្យ​ទៅជា​ការ​វិនិយោគ​​ផ្នែក​ប្រព័ន្ធ​ធារា​ សាស្ត្រ​ស្រោចស្រព​ និង​​ប្រើប្រាស់​​ទឹក​ប្រកប​ដោយ​​ប្រសិទ្ធភាព ។

លោក ​​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​​ក្រសួង​​កសិកម្ម រុក្ខា​​ប្រមាញ់​ និង​​​នេសាទ បាន​ចុះ​​​ជួយ​ភ្ជួរ​​រាស់​​ដីស្រែ​​​ជូន​​ប្រជាពល​​រដ្ឋ ក្នុងភូមិ​​យស​​ជោរ ឃុំ​​ជើង​រាស់ ស្រុក​​​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាន​និយាយ​​ថា ​ដោយសារ​​ស្ថានភាព​​គ្រោះរាំង​ស្ងួត​បាន​អូសបន្លាយ ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ ធ្វើឱ្យមាន​​ផល​ប៉ះ​​ពាក់​ដល់​​ការងារ​​បង្ករ​​បង្កើន​​ផង​ស្រូវវ​ស្សា​​របស់​កសិករ​ នៅ​ឆ្នាំ​​២០១៥​នេះ ។ ដូច្នេះ​​អគ្គនាយក​ដ្ឋាន​​កសិក​ម្ម ​ដែលមាន​​នាយកដ្ឋាន​​គ្រឿង​យន្ត កសិកម្ម​​ជា​សេនា​ធិការ សហការ​​ជាមួយ​​ម​ន្ទីរ​កសិកម្ម​​ខេត្ត​កំពង់ស្ពឺ ចុះ​​ពិនិត្យ​​ដល់​គ្រួសារ​​កសិករ​​ដែល​ងាយ​​រងគ្រោះ ជួប​ការ​​លំបាក​​ដើម្បី​​ជួយ​ភ្ជួរ​រាស់​ដល់​​ពួកគាត់​​ទាន់​ពេល​វេលា ។ ជាក់ស្តែង​​ក្នុងថ្ងៃ​នេះ​ក្រុម​ការងារ ក្រសួង​កសិកម្ម និង​មន្ទីរ​​កសិកម្ម​​ខេត្ត​បាន​​ចុះ​ជួប​​ជាមួយ​​ប្រជាពលរដ្ឋ​​ចំនួន ២៧០​​គ្រួសារ នៅ​ភូមិ​​យស​ជោរ ឃុំ​ជើង​​រាស់ ស្រុក​​ឧដុង្គ​​ដោយ​បាន​នាំ​យក​ត្រាក់ទ័រ​​ជួយ​ភ្ជួ​រ​ដីស្រែ​​ជូន​​ប្រជាពល​រដ្ឋ​ ចំនួន ១៥០​​ហិច​តា​​ផងដែរ ។​

លោក ​ រដ្ឋមន្ត្រី​បន្ថែម​ថា ពេលនេះ​​ការ​បម្រែ​បម្រួល​​អាកាស​ធាតុ​ កើតមាន​​ទូរ​ទាំង​​ពិភពលោក​​មិន​មែន​​​តែ​​កម្ពុជា​​​យើង​ទេ​ ដែល​​បង្ក​ឱ្យ​មាន​ការ​ខ្វះខាត​​ទឹក​ប្រើ​ប្រាស់​​សម្រាប់​​មនុស្ស សត្វ រុក្ខជាតិ និង​ការ​បំរើ​​លើ​វិស័យ​ក​សិកម្ម ។

លោករដ្ឋមន្ត្រីបាន​ជំរុញ​ឲ្យ អាជ្ញាធរ មន្ទីរ​ជំនាញ​ និង​ដៃ​គូរ​​អភិវឌ្ឍន៍​​ដទៃ​​ទៀត តាម​​តំបន់​​ត្រូវ​ជំរុញ​​ការ​បង្ក​បង្កើន​​ផល​​ស្រូវ​​រដូវ​វស្សា​​ឱ្យ​អស់​ពី​ លទ្ធភាព ដូចជា​​ប្រើ​ថ្នាល សំណាប​​រួម ជ្រើសរើស​​ពូជស្រូវ​​ថ្មី​ ប្រើប្រាស់​​បច្ចេក​ទេស​ដាំ​​ដុះ ​សមស្រប​​ទៅតាម​​តំបន់ ដើម្បី​​បន្សាំ​​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​ ជាពិសេស​​គ្រោះរាំង​ស្ងួត​​តែម្តង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative