ក្រសួងរ៉ែសំរេចផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​​ចំនួន​​៤ ​ ធ្វើ​​អាជីវកម្ម​​ខ្សាច់ ក្នុង​តំបន់​​ប្រឡាយ​​ស្តៅ​​-​តា​ឯក

យោងតាម​របាយ​ការណ៍ ​​របស់​​ក្រសួង​​រ៉ែ និង​ថាម​ពល បាន​បង្ហាញ​ថា ​ក្រសួង​​បានផ្តល់​​អាជ្ញា​ប័ណ្ណ​​ឲ្យ​ទៅ​​ក្រុមហ៊ុន​​ចំនួន​​៤​ ធ្វើ​​អាជីវកម្ម​​ខ្សាច់ នៅតំបន់​​ឡូត៍​​​ប្រឡាយ​​ស្តៅ​-​​តា​ឯក​ ដើម្បី​​បម្រើ​​ឲ្យ​ដល់​​វិស័យ​​សំណង់ ។

2ក្នុង​ពិធី​​ប្រគល់​​អាជ្ញាប័ណ្ណ ជូន​ដល់​​តំណាង​​ម្ចាស់​​អាជីវកម្ម​​ខ្សាច់ កាលពី​​ថ្ងៃទី ២៣ ខែ កក្ត​ដា ឆ្នាំ​​២០១៥ លោក ​ឌិ​ត ទីណា​ រដ្ឋ​លេខា​ធិការ ក្រសួង​រ៉ែ និង​​ថាមពល និង​ជា​​អនុប្រធាន​​គណៈ​កម្មា​ធិ​ការ កំណត់​​បុ​រេ​​លក្ខណៈ​សម្បត្តិ​​វាយ​តំលៃ ​និង​ប្រគល់​​កិច្ច​សន្យា បាន​ថ្លែង​​ឲ្យ​ដឹង​​ថា ក្រុមការងារ​​វាយតម្លៃ ការដេញ​ថ្លៃ​អាជីវកម្ម​​ខ្សាច់ បាន​ត្រួត​ពិនិត្យ​​និង​វាយ​តម្លៃ ក្រុមហ៊ុន​​ដែល​បាន​​ដេញថ្លៃ​​ធ្វើ​អាជីវកម្ម​​ខ្សាច់ តំបន់​​ប្រឡាយ​​ស្តៅ​-​តា​​ឯក ​បាន​​អនុវត្ត​តាម​លក្ខណៈ​វិនិច្ឆ័យ វាយតម្លៃ​​សមត្ថភាព​​បច្ចេក​ទេស​ ហិរញ្ញវត្ថុ និង ប្រាក់​អត្ថ​ប្រយោជន៍​​យ៉ាង​ល្អិត​ល្អន់ ទើប​​ប្រកាស​​ផ្តល់​ជូន​អាជ្ញា​ប័ណ្ណ ឲ្យ​ធ្វើ​អា​ជីវកម្ម​​សម្រាប់​​បម្រើ ដល់​​វិស័យ​​សំណង់ ។

ក្រុមហ៊ុន​ដែល​​បាន​ផ្តល់​​អាជ្ញាប័ណ្ណ ឲ្យ​ធ្វើ​អា​ជីវកម្ម​​ខ្សាច់ តំបន់​​ប្រឡាយ​​ស្តៅ​-​តា​ឯក​មាន​ ក្រុមហ៊ុន​ជី​ង​​លីង ខន​ស្ក្រា​​កសិន ខេ​ម​​បូ​ឌា ផ្តល់​​អាជ្ញាប័ណ្ណ​​ធ្វើ​អាជីវកម្ម​​ខ្សាច់ សំណង់​​និង​ដី​ល្បាយ ខ្សាច់ ក្នុង​ឡូ​តិ៍​ទី​​១ តំបន់​ប្រឡាយ​​ស្តៅ​-​តា​ឯក ស្ថិត​ក្នុង​ស្រុក​មុខ​កំពូល និង​ស្រុក​​ខ្សាច់​​កណ្តាល  ក្រុមហ៊ុន តាន់ ​គីម​អេង ឡូ​តិ៍​ទី​២ តំបន់​​ប្រឡាយ​​ស្តៅ​-​តា​ឯក ស្ថិត​​ក្នុង​ស្រុក​​មុខ​កំពូល និង​ស្រុក​​ខ្សាច់ កណ្តាល​  ក្រុមហ៊ុន ខ្មែរ​​អនុស្សា ឡូ​តិ៍​ទី​៣ តំបន់​​ប្រឡាយ​​ស្តៅ​-​តា​ឯក ស្ថិត​ក្នុង​ស្រុក​ខ្សាច់​​កណ្តាល និង  ក្រុមហ៊ុន ​តាន់ គីម​អេង ឡូ​តិ៍​ទី​៤ តំបន់​​ប្រឡាយ​​ស្តៅ​-​តា​ឯក ស្ថិតក្នុង​​ស្រុក​កង​មាស ខេត្ត​​កំពង់ចាម ​និង​ស្រុក​​មុខកំពូល និង​ស្រុក​​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ។

បើ​យោង​​តាម​ការ​ប្រកាស​​អាជ្ញា​​ប័ណ្ណ គឺ​ផ្តល់​​ឲ្យ​ក្រុមហ៊ុន​​នី​មួយៗ ធ្វើ​​អាជីវកម្ម​​មាន​រយៈ​ពេល​២​ឆ្នាំ គឺ​ចាប់​​អនុវត្តន៍ ពីថ្ងៃ​​ទី ២២ ខែ​​កក្កដា ឆ្នាំ​​២០១៥ រហូត​ដល់​ថ្ងៃទី ២២ ខែ​​កក្កដា ឆ្នាំ​​២០១៧ លើ​ការ​​គ្រប់​គ្រង់ តាម​ឡូ​តិ៍​​រៀងៗ​ខ្លួន ដើម្បី​​បម្រើ​​ដល់​​វិស័យ​​សំណង់​​នេះ ។​

នៅក្នុង​ការផ្តល់​​អាជ្ញាប័ណ្ណ​​នេះដែរ​ លោក ឌិ​ត ទីណា បាន​ព្រ​មាន​ខ្លាំងៗ​​ថា ចាប់ពី​​ទទួល​បាន អាជ្ញា​ប័ណ្ណ​​នេះ​ទៅ ក្រុមហ៊ុន​​នី​មួយៗ​​ត្រូវ​​អនុវត្តន៍ ទៅតាម​ទី​តាំង​លើ​​អាជ្ញាប័ណ្ណ​​ដែល​បាន​​ផ្តល់ជូន ហាម ក្រឡុក​​តំលៃ​នៅ​​តាម​ទីផ្សារ និង​ត្រូវ​លក់​​មិន​លើស​​តំលៃ ៣,៥​​ដុល្លារ ក្នុង​១​ម៉ែត្រ​​គីម ក្នុងការ​ផ្តល់​​អត្ថ​ប្រយោជន៍​​ខ្សាច់ ដើម្បី​បម្រើ​​ឲ្យ​វិស័យ​​សំណង់ ហើយ​ត្រូវ​​អនុវត្តន៍ ការបោះ​​ពោង​​សំគាល់​​ទីតាំង​​របស់​ខ្លួន ឲ្យ​បាន​​ត្រឹមត្រូវ ទៅតាម​ឡូ​តិ៍​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative