ក្រុមម៉ូតូធំ M Sport ចាប់ផ្តើម​​បណ្តុះ​​ឆន្ទៈ​​យុវវ័យ​ពី​ក្មេង​ទំនើង​មក​​ជួយ​​ការ​ងារ​​សង្គម និង​​ការ​ងារ​​មនុស្ស​ធម៌​

ប្រហែលពួក​គេមិនដេក​លក់ទៀត​ទេ ព្រោះពេល​នេះក្រុម​យុវវ័យ​ដែល​និយម​​ជិះម៉ូតូ​ធំ បាន​បង្ហាញ​ខ្លួន ក្នុងនាម​ជា យុវជន ​គំរូ ដែលអាច​សម្លឹង​ឆ្ងាយ​ជាងមុន​ និងមើល​ឃើញពី​ការលំបាក​របស់​ប្រជាជន ហើយបាន​ចាប់ផ្តើម ធ្វើការ​ងារ​ជួយដល់​ សង្គម​​របស់​ពួកគេ។

3ក្រុមម៉ូតូធំ M Sport ដែល​​ជា​​ក្រុម​​​ដែល​​ទើប​​​​បង្កើត​​ថ្មី មាន​​សមាជិក​​ប្រ​មាណ​ជិត​៣០​នាក់​ ភាគច្រើន​ជា​យុវវ័យ និង​យុវជន​បាន និង​កំពុង​​តែ​ទទួល​​ការ​ចាប់​​អារម្ម​ណ៍​​​ពីមជ្ឈ​​ដ្ឋាន​​ទូទៅ​​យ៉ាង​ខ្លាំង ដោយ​សារ​​តែ​ក្រុម​នេះ​បាន​បង្កើត​ឡើង​​ដោយ​ឈរ​​លើ​គោល​​ការណ៍​​មនុស្ស​​ធម៌ ជួយការ​​ងារ​​សង្គម​ដោយមិន​គិតពី​និន្នាការ​នយោ​​បាយ​ ឬ​សាសនា​នោះ​ទេ។ ជាក់ស្តែង​កាលពី​ព្រឹក ថ្ងៃទី​៥  ខែ​មិថុនា ឆ្នាំ​២០១៥ ក្រុម​យុវជន​​ម៉ូតូធំ​ M Sport​ ប្រមាណ​ជិត​២០នាក់ បាន​នាំ​គ្នា​យក​​អំណោយ​​មួយ​​ចំនួន​ជូន​ដល់​លោក ​យាយ យិន សាច់ ដែល​​មាន​វ័យ៩៥​ឆ្នាំ ​កំពុង​ស្ថិតក្នុង​សភាព​​ឈឺធ្ងន់ធ្ងរ​ដោយសារ​តែជំងឺ​​​ចាស់​​ជរា ​មិនអាច​​ក្រោក​បាន​ និង​រស់នៅ​​ក្នុង​ខ្ទម​ដ៏កំសត់​​មួយ​ក្នុង​​ភូមិក្រាំង​​កណ្តាល ​ឃុំ​ប្រាំ​បីមុំ ស្រុក​ទ្រាំង ខេត្តតាកែវ។

​ក្នុងវ័យ​៩៥ឆ្នាំ ​លោក​យាយ យិន សាច់ កំពុង​ស្ថិតក្នុង​សភាព​​ឈឺធ្ងន់​​ធ្ងរ​​ដោយ​បច្ចុប្បន្ន​​គាត់​បាន​​ពិការ​​មួយ​​ចំហៀង​ខ្លួន​ មិន​អាច​​ក្រោក​បាន​នោះទេ គឺគាត់​ត្រូវ​សម្រាន្ត​​ស្ងៀម​​មួយ​​កន្លែង និយាយ​​មិនបាន​។ សព្វ​ថ្ងៃ​នេះ លោក​យាយ​មានកូន​២នាក់​ ស្រី​ម្នាក់ ប្រុសម្នាក់​ដែល​ពួក​គាត់​ទាំង​​២ ក៏​ស្ថិត​ក្នុងភាព​​វ័យ​ចាស់​ជរា​​ដូចគ្នា។ បើតាម​ប្រភព​​ពីកូនស្រី​​របស់​​គាត់​បាន​​ឲ្យ​ដឹង​ថា​ លោក​ យាយ យិន សាច់ សព្វ​ថ្ងៃ​​នេះ មិនអាច​​បរិភោគ​​អា​ហារ​​បាន​ច្រើន​​ឡើយ គឺអាច​​ហូបបាន​ត្រឹមតែ​​បបរ​ឬ​បាយ​​ទន់ៗ​បន្តិច​បន្តួ​ច​​​ប៉ុណ្ណោះ។

​លោក​ខៀវ បញ្ញារិទ្ធ ដែលជា​អ្នក​តំណាង​​ឲ្យ​ក្រុម​ម៉ូតូធំ​ ​M Sport បាន​​ឲ្យ​ដឹងថា ដោយបាន​​​ឃើញរូប​ភាព​ដ៏​លំបាក​​របស់​​លោក​​យាយ តាមរយៈ​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ហ្វេសប៊ុក លោក​ក៏បាន​​ផ្តួច​ផ្តើម​គំនិត​ជាមួយ​​​មិត្តភក្តិ បង្កើត​​ជា​កម្ម​វិធី សប្បុរ​ស ធម៌​មួយ ដើម្បីធ្វើ​ការ​រៃ​អង្គាស​ថវិកា ក៏ដូចជា​​គ្រឿង​​ឧបភោគ បរិភោគ មួយ​​ចំនួន​​មកជូន​​លោក​យាយ​។ លោក​បាន​​បន្ត​ថា ការ​ជួយ​​ការ​ងារ​សង្គម​​គឺជា​ភារកិច្ច​​របស់​​ប្រជា​ពល​រដ្ឋ​​គ្រប់ៗ​រូប ពិសេស​​យុវជ​នដែលជា​​កម្លាំង​​ស្នូល​នៃ​ការ​បំពេ​ញ​​ភារកិច្ច​​ទាំង​​អស់​នេះ​។

​លោកក៏បាន​​បញ្ជាក់​ផង​ដែរ​​ថា នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៥ ខាងមុខ​នេះ លោក​នឹង​​ក្រុម​​ការ​ងារ នឹង​ចុះ​ទៅចែក​អំណោយ​​ដល់​កុមារី​ក្រីក្រ​ម្នាក់ទៀត ដែលរស់​នៅ​ក្នុងភូមិ​កំពង់​ស្វាយ ឃុំ​ស្រាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ ​ដោយ​សព្វ​​ថ្ងៃ​ប្អូន​ស្រី​​កំពុង​​តែ​ជួ​ប​នូវភាព​លំបាក​​​ក្នុងជីវភាព ដោយម្តាយ​​របស់​នាង​បាន​កើតជំងឺ​​មហារីក​ពោះវៀនធំ ហើយ​ក្នុង​ថ្ងៃ​ដដែល​​នោះដែរ​ ក្រុម​ M Sport Family នឹង​​មាន​​ធ្វើ​ពិធីចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន​១០៥​នាក់​ដែល​​កំពុង​​តែរៀន​សូត្រ​នៅ​​ក្នុង​​បឋម​សិក្សា​តាកកោះ​ផង​ដែរ​។

4ជាមួយនឹង​ការទទួល​បានការគាំ​ទ្រពី​បណ្តា​ក្រុមហ៊ុន និង​សប្បុរ​ស​ជន​នានា ប្រធាន​តំណាង​​ក្រុម​ M Sport រូបនេះ​ក៏ បានធ្វើ​ការ​ថ្លែង​​អំណរ​គុណយ៉ាង​​ជ្រាលជៅ ដល់​​បណ្តា​​ក្រុមហ៊ុន និង​សប្បុរស​ជន​​នានា ដែល​តែង​​តែ​មាន​សទ្ធា​​ជ្រះ​ថា្ល​​ចូលរួម​​ឧបត្ថម្ភ​​ជា​ថវិកា សម្ភារៈ​ប្រើ​ប្រាស់​ និង​គ្រឿង​ឧបភោគ បរិភោគ ជូនដល់​​អ្នកដែល​​កំពុង​តែស្ថិត​ក្នុងសភាព​​​ខ្វះ​ខាត​ ហើយ​លោក​ក៏​សូម​អំពាវ​នាវ​ឲ្យ​​សប្បុរស​​ជនទាំង​អស់ បន្ត​គាំ​ទ្រ​ និង​អនុវត្តន៍​​នូវវប្បធម៌​ចែករំលែក​នេះជា​​រៀង​រហូត ដើម្បី​រួមចំណែក​​កាត់​​បន្ថយ​​ភាពក្រីក្រ​នៅក្នុង​សង្គមខ្មែរ​។

លោកក៏បាន​គូស​បញ្ជាក់​ផងដែរ​​ថា “ក្រុម ​M Spor​t គឺបង្កើត​ឡើងដោយ​​ឈរ​លើ​​គោល​​ការណ៍​​មនុស្ស​​ធម៌ ជួយការ​​ងារ​​សង្គម​ បង្កើត​ចំណង​​មិត្តភាព​ ពិសេស​​ក្រុម​របស់​​លោក​មាន​បំណង​​ចង់ផ្ញើ​​សា​រ​ដល់​​ប្រជា​ពលរដ្ឋ​​ទាំង​អស់​​ឲ្យ​ចេះ​​គោរព​​ច្បាប់​​ចរា​ ចរណ៍​ និង​បើកបរ​​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន ពិសេស​​ត្រូវពាក់​​មួក​សុវត្ថិភាព​គ្រប់​​ពេល​បើកបរ ព្រោះ​គ្រោះ​​​ថ្នាក់អាច​​កើតមាន​ បានគ្រប់​​វិនាទី “ស្រឡាញ់​​ជីវិតអ្នក ត្រូវ​ពាក់​​មួក​​សុវត្ថិភាព​​រាល់ពេល​បើកបរ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative