៦ខែដើម​ឆ្នាំ​នេះ​កម្ពុជា ទទួល​បានកំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ​៤,៤%

នៅក្នុង​រយៈ​ពេល៦ខែ​​ដើម ឆ្នាំ​២០១៥ កម្ពុជា​​ទទួល​បាន​កំណើន​​ភ្ញៀវ​ទេសចរ​​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា​​ចំនួន​ ៤.៤​ ភាគរយ​ប៉ុណ្ណោះ។

3កំណើន​នេះបាន​ធ្វើឲ្យ​ក្រសួង​ជំនាញ វាយ​តំលៃ​ថា​កម្ពុជា​ទំនង​ជា​មិន​អាច​​សម្រេច​បាន​​ នូវ​​កំណើន​​ភ្ញៀវ​​ទេសចរ​​អន្តរ​ជាតិ​ បាន​​ចំនួន​៥លាន​​នាក់ នៅ​ឆ្នាំ​២០១៥​នេះ​ទេ។ តួលេខ​​ដែល​​រំពឹង​ទុក អាច​​ទទួល​​បានតែ​​ប្រមាណ​៤លាន​៨សែន​​នាក់​​ប៉ុណ្ណោះ ។

តាមរបាយ​ការណ៍ របស់​ក្រសួង​ទេស​ចរណ៍​បានឲ្យ​ដឹងថា​ ភ្ញៀវ​អន្តរ​ជាតិ​ដែល​មក​ទស្សនា​​កម្ពុជា​ច្រើនជាង​គេ ជាភ្ញៀវ​ទេសចរ​​ចិន ​ស្ថិត​នៅ​​លំដាប់​ទី១ កូរ៉េ​​លេខ២ ថៃ​ជាប់​​ស្ថិត​នៅ​​លំដាប់​​លេខ៣ បន្ទាប់​មក​​មាន​​អាមេរិក វៀតណាម អង់គ្លេស​ ​បារាំង​ ម៉ាឡេស៊ី  និង ​អាល្លឺម៉ង់។

របាយ​ការណ៍​ដដែល​នោះបាន​ឲ្យដឹង​ទៀតថា សម្រាប់​​ខេត្ត​សៀមរាប រមណីយ​ដ្ឋាន​​អង្គរ​ ទទួល​បាន​​ទេសច​រ​​សរុប​​ចំនួន​ ១,០៨៤, ៤២៧​នាក់ ​កើនឡើង ​១.៦១​ភាគរយ ធៀប​នឹង​​ឆ្នាំ២០១៤​កន្លងទៅ។ ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​​ទាំងអស់ មាន​​អ្នក​ទេស​ចរ​បរទេស​ ដែល​ទិញ​​ប័ណ្ណ​​ចូល​​ទស្សនា​​រមណី​​ដ្ឋា​ន​​អង្គរ​ ចំនួន ១១៤, ០៦៦​នាក់ កើន​១៣.១៩​គិត​ជា​ទឹក​ប្រាក់​​ចំនួន​ ៣, ១១២, ៦៦០​ដុល្លារ។

ការប្រែប្រួល​​នេះ​ត្រូវ​បាន​លោក ថោង ខុន រដ្ឋមន្ត្រី​​ក្រសួង​ទេស​ចរណ៍​​ពន្យល់ថា  មកពី​​បញ្ហា​​ដែល​កំពុង​​កើតមាន​​នៅក្នុង​​តំបន់​​និង​​ក្នុង​ពិភព​លោក​​ដូចជា​ សកម្មភាព​​របស់​​ពួក​ ​ISIS ការផ្ទុះ​​ជំងឺ​​MERS នៅ​កូរ៉េ​ខាងជើង វិបត្តិ​​សេដ្ឋកិច្ច​​នៅ​រុស្ស៊ី​​ជាដើម។ ក្នុង ជំ​នួប​​ពិភាក្សា​​អំពី​​វិស័យ​​ទេស​ចរណ៍ ជាមួយ​​វិស័យ​​ឯកជន​​នៅ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ​លោក ថោង ខុន បាន​​ឲ្យ​ដឹង​​ទៀតថា មិនមែន​​តែ​កម្ពុ​ជា​មួយ​ទេ​​ដែលមាន​​ជួបប្រទះ​​នូវ​បញ្ហា​​ធ្លាក់ចុះ​​នៃ​ចំនួន​ ភ្ញៀវ​ទេសចរ​​នេះ ប្រទេស​​វៀត​ណាម ថៃ និង​​កូរ៉េ​ខាងត្បូង ​ជាដើម​​ក៏​ជួប​​វិបត្តិ​​ដូចគ្នា​នេះដែរ​​នៅក្នុង​​ឆមាស​​ទី១ ឆ្នាំ២០១៥ ។ ប្រទេស​​វៀតណាម​ មាន​អត្រា​​ធ្លាក់ចុះ​​នៃ​​ចំនួន​​ភ្ញៀវ​ទេសច​រ​​អន្តរ​ជាតិ​ ចំនួន​៤០​ភាគរយ ប្រទេស​​ថៃ​២០​ភាគរយ ខណៈ​ដែល​​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​​ធ្លាក់​ចុះ​​រហូត​ដល់​​ទៅ​៦០​ភាគរយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative