​មន្ទីរពេទ្យ​​កាល់​ម៉ែត្រ បើក​យុទ្ធនា​ការ​​ពិនិត្យ​​សុខភាព ​មាត់​ស្បូន ​និង​​សុដន់​ ដល់​​ស្ត្រី​​ដោយ​​ឥត​​គិត​ថ្លៃ​

មន្ទីរពេទ្យ​​កាល់ម៉ែត បាន​បើក​​យុទ្ធនា​ការ​ ​ពិនិត្យ​​សុខភាព ​មាត់​​ស្បូន ​និង​​សុដន់ ដល់​ស្ត្រី​​ដោយ​​ឥត​​គិត​ថ្លៃ​​រយៈ​ពេល​មួយ​​ខែ​គឺ​​ចាប់ នៅ​ថ្ងៃ​ទី២២ កក្កដា ដល់​ថ្ងៃ​​ទី​២២ សីហាឆ្នាំ​២០១៥​​នេះ​​​ ក្នុង​គោល​បំណង​​ចូល​រួម​​ប្រយុទ្ធ​​ប្រឆាំង និង​ជំងឺ​​មហារីក​ បង្កើន​​ចំណេះ​ដឹង​ពី​​ការពារ​​ជំងឺ​​មហា​រីក​​មាត់ស្បូន និង​​សុដន់។

3លោកស្រី​​វេជ្ជ​បណ្ឌិត ហាវ មនីរត្ន ប្រធាន​​ផ្នែក​​វិភាគ​​ជំងឺ​​មហារីក​ ប្រចាំ​​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត​ បាន​ឱ្យ​​ដឹង​នៅ​​ថ្ងៃ​ទី​២១ កក្កដា​ ថា​នេះ​ជា​​លើក​ទី៧ ហើយ​ដែល​​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត រៀប​ចំ​យុទ្ធ​នាការ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ជំងឺ​​មហារីក។ លោកស្រី​​បន្ត​ថា ក្នុង​​ចំណោម​​មហា​រីក​​ទាំងអស់​​ដែល​កើត​​ឡើង​​លើ​ស្ត្រី​​កម្ពុជា មហារីក​​មាត់​ស្បូន​​ឈរ​នៅ​​លំដាប់​​លេខ១ និង​មហា​រីក​​សុដន់​​លេខ២ ហើយ​​អត្រា​​អ្នក​​កើត និង​អ្នក​​ស្លាប់​​លើ​ស្ត្រី​កម្ពុជា ដោយ​សារ​​ជំងឺ​​ទាំងពីរ​​នេះ មាន​ការ​​កើន​ឡើង​​ពី​មួយ​​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ។

ប្រធាន​ផ្នែក​​​វិភាគ​​ជំងឺ​​មហារីក ​ប្រចាំ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត រូប​នេះ​ឲ្យ​ដឹង​ទៀត​​ថា ស្ថិតិ​​របស់​​អង្គការ​​សុខភាព​​ពិភព​លោក បង្ហាញ​​ថា កម្ពុជា​​គឺ​ជា​​ប្រទេស​​ដែល​មាន​​អត្រា​កើត និង​ស្លាប់​​ដោយសារ​​ជំងឺ​​មហារីក​​មាត់​ស្បូន​​ច្រើន​ជា​ង​​គេ​បំផុត នៅ​ក្នុង​​តំបន់​​អាស៊ី​អាគ្នេយ៍។ ហើយ​ក្នុង​​នោះ ចំនួន​​អ្នក​​កើត​​ជំងឺ​​មហារីក​​មាត់​ស្បូន មាន​​ប្រមាណ​​ជាង១៥០០ នាក់​ក្នុង​​មួយ​ឆ្នាំ ហើយ​​ស្ត្រី​​ប្រមាណ​៦០​​ភាគរយ បាន​បាត់​​ប​ង់​ជីវិត​​ជា​រៀង​​រាល់​ឆ្នាំ​​ដោយ​​សារ​ជំងឺ​​នេះ។ អ្នកស្រី​​សង្ឃឹម​​ថា​​យុទ្ធនាការ​​នេះ នឹង​ជា​​ចំណែក​​ផ្សព្វ​ផ្សាយ​ ចូល​រួម​ប្រឆាំង​​ការ​រីក​​រាលដាល​​នៃ​ជំងឺ​​ទាំងពីរ​នេះ។

យុទ្ធនាការ​​ពិនិត្យ​​សុខភាព​​មាត់​ស្បូន និង​សុដន់​ ដល់​ស្ត្រី​​នៅ​កម្ពុជា​​មាន​រយៈ​​ពេល​១​​ខែ​នេះ នឹង​ផ្ដល់​​នូវ​សេវា​​ពិនិត្យ​​សុខភាព​​មាត់​​ស្បូន ជូន​ដល់​​ស្ត្រី​ក្រីក្រ​​ចំនួន​​៣០០​នាក់ និង​ពិនិត្យ​​សុដន់​​​ចំនួន​​២០០​នាក់ ​ដោយ​ឥត​​គិត​ថ្លៃ។ លក្ខខ័ណ្ឌ​​នៃ​ការ​​ចូល​រួម​​ពិនិត្យ​​សុខភាព សម្រាប់​​ការ​ពិនិត្យ​​សុខ​ភាព​​មាត់​ស្បូន គឺ​សម្រាប់​​ស្ត្រី​​ដែល​​រៀបការ​​រួច​មាន​​អាយុ​​ចន្លោះ​​ពី​៣០ ដល់ ​៥០​ឆ្នាំ​​។ ​ចំពោះ​​ការ​​ពិនិត្យ​​សុដន់​​វិញ​ គឺ​ស្ត្រី​​គ្រប់​វ័យ​​អាច​ចូល​​រួម​ពិនិត្យ​​បាន ពិសេស​​អ្នក​មាន​​រោគ​​សញ្ញា​​នៅ​នឹង​​សុដន់ ឬ​មាន​​ប្រវត្តិ​​គ្រួសារ​​ធ្លាប់​កើត​​ជំងឺ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative