កម្ពុជាមានទារក​ទី២​បាន​ប្រសូត្រ​ក្នុងកែវ

មន្ទីរសម្រាក​ព្យាបាល​កម្ពុជា បានធ្វើការ​បោះ​ជំហ៊ាន​ជាថ្មីទៀត​បន្ទាប់​ពី​សម្រេច​បាននូវ​ការ​បង្ក​កំនើត​ក្នុង​កែវ ហើយ​ទារក​ ទី​២ បាន​ប្រសូត្រ​កាលពី​ដើម​ខែ​​កក្កដា​នេះ។

1ទារកទី២​នេះមាន​ឈ្មោះ ឃួន សាំងពុទ្ធីរាជ មាន​​សុខ​ភាព​​ល្អ​ និង​​មាន​​ទម្ងន់​ ២,៦៧​ គីឡូ​ក្រាម​​នា​ពេល​​សម្រាល​​​​​​គឺជា​​កំណើត​​​ទារក​​ទី២ ​នៅ​កម្ពុជា​​ដែល​បាន​​កាល​ពី​​​ថ្ងៃ​ទី​​១១ ខែ​កក្កដា​ ឆ្នាំ​​២០១៥​ ដោយ​មាន​​ជំនួយ​​ពី​​បច្ចេក​វិទ្យា​​នៃ​ការ​​បង្ក​​​កំណើត​​​​​ក្រៅ​ស្បូន​IVF ​របស់​​មន្ទីរ​​សម្រាក​​​ព្យាបាល​​កម្ពុជា។

​ចំណង​​ស្នេហ៍​​របស់​​ប្តី​ប្រពន្ធ​​មួយ​គូ​​គឺ​អ្នក​ស្រី គី ឆវី វ័យ​​​៣៥​​ឆ្នាំ និង​​ស្វាមី​​លោក ឃួន សាំងពុទ្ធីរិទ្ធិ ជា​​បុគ្គលិក​​បម្រើ​​ការងារ​​នៅ​​ធនាគារ​​កម្ពុជា​​សាធារ​ណៈ​​ ដែល​​រស់​​នៅ​​​ឯ​ភូមិ​​សាលា​​កំរើក សង្កាត់​​សាលា​​កំរើក ក្រុង​សៀម​រាប​​បន្ទាប់​ពី​អស់​​សង្ឃឹម​​នឹង​​បញ្ហា​​មិន​​មាន​​កូន​​សម្រាប់​​​ចំណង​​អាពាហ៍​ពិពាហ៍​​៦ឆ្នាំ។

ស្រ្តីដែល​បាន​ទទួល​ទារក​តាមរយៈ​ការបង្កើត​ក្នុងកែវ​នេះ បាន​សម្តែង​អារម្ម​ណ៍​​រីករាយ​ដោយបាន​ថ្លែងថា អ្នកស្រី​សប្បាយ​​​ចិត្ត​​ណាស់​​​ពេល​ដឹង​​ថា ​​ខ្លួនឯង​​អាច​មាន​​កូន​ និង​​​សម្រាល​​បាន​​កូន​ប្រុស​​ដ៏គួរ​​ឲ្យ​​ស្រ​ឡាញ់​​​​ម្នាក់​បែប​​នេះ​​។ ​ប្តី​​ប្រពន្ធ​​នាង​ខ្ញុំ​​បាន​​រៀប​ការ​​រយៈ​​៦​ឆ្នាំ​​​ហើយ ​តែ​មិន​​អាច​មាន​​កូន​បន្ត​​វង្ស​​ត្រកូល​​តាម​ក្តី​ប្រាថ្នា​ដូច​​គេ​​ឯង។ កាលពី​​ឆ្នាំ​២០១២ យើង​​ក៏​​ធ្លាប់​ទៅ​​ពិគ្រោះ​​បញ្ហា​​សុខភាព​​ជាមួយ​​គ្រូពេទ្យ​​ឯក​ទេស​​នៅ​​ប្រទេស​​ថៃ​ដែរ តែ​យើង​​នៅ​មិន​​ទាន់​​ហ៊ាន​​សម្រេច​​ចិត្ត​​ថា​ត្រូវ​​ទទួល​​យក​នូវ​​វិធី​​បង្ក​​កំណើត​​យ៉ាង​​ណា​​នោះ​ទេ។

លុះ​​ដល់​​បាន​ជួប​​អ្នក​គ្រូ​ពេទ្យ​​ឯកទេស​​នៅ​មន្ទីរ​​សម្រាក​​ព្យាបាល​​កម្ពុជា​ កាល​ឆ្នាំ​​ទៅ​ពួក​យើង​ក៏​ទទួល​​យក​​ប្រឹក្សា​​​យោបល់​​ម្តង​​ទៀត​​បន្ទាប់​មក​យើង​ បាន​​សម្រេច​​ចិត្ត​​​យក​វិធី​​បង្ក​​កំណើត​​ក្រៅ​​ស្បូន​IVF​។

​ទារក​ទី​ពីរ​​កើត​ដោយ​​ជំនួយ​​ពី​បច្ចេក​វិទ្យា​​​បង្ក​​កំណើត​​ក្នុង​កែវ​​នេះ​ បាន​ប្រសូត​​​ក្រោយ​ពី​​ទារក​​ដំបូង ង៉ែត មាសមុន្នីរ័ត្ន ត្រូវ​​បាន​​សម្រាល​​កាលពី​​ដើម​ខែ​​មិថុនា​​មុន​នេះ​​ដែល​ផ្ដល់​​ក្ដី​សង្ឃឹម​​ដល់​ គ្រួសារ​​លោក ញ៉ុក ម៉េត វ័យ ៤៦​ឆ្នាំ ​និង​​​ភរិយា បេង ចាន់រី វ័យ ៣៣ឆ្នាំ រស់នៅ​​ខេត្ត​​ព្រះ​សីហនុ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥

 

Google Analytics Alternative