ផ្ទៃដីដាំម្រេច បន្តពង្រីក ខណៈ​តំលៃ​ម្រេច​បន្តកើនទ្បើង

ផ្ទៃដីដាំដំណាំម្រេច នៅស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​ត្រូវបាន​ពង្រីក​​ជាបន្ត​បន្ទាប់ ខណៈ​ពេល​តំលៃ​ម្រេច​បាន និង​កំពុង​ បន្ត​ទ្បើងថ្លៃ​នៅឆ្នាំ​នេះ ធៀបរយៈ​​ពេលដូច​គ្នា​កាល​ពីឆ្នាំមុន។

08លោក យិន សូផា ប្រធាន​សហ​គមន៍​​អភិវឌ្ឈន៍​កសិកម្ម ដំណាំ​ម្រេច​ដា មេមត់ ស្ថិត​ក្នុង​ឃុំដា ស្រុក​មេមត់ បានថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅថ្ងៃ​ទី២១ កក្កដា​នេះថា ផ្ទៃដី​ដាំម្រេច ត្រូវបាន​ពង្រីក​ជាបន្ត​បន្ទាប់ ដោយសារ​កសិករ មួយចំនួន​បាន​កាប់​​ដើម​កៅ​ស៊ូ ចោលហើយ​យកផ្ទៃដី​ដាំម្រេច ដោយសារ​តំលៃ​ម្រេចបាន​ទ្បើងថ្លៃជាក់​​ ស្តែង​​​ តំលៃ​​​ម្រេច​ឃុំដា ឆ្នាំនេះ​មានតំលៃ ១០​ដុល្លារ ធៀប​នឹងរដូវ​កាលដូច​គ្នា​​កាល ពី​ឆ្នាំមុ​ន​​ម្រេច មាន​តំលៃ​៨ដុល្លារ​ប៉ុណ្ណោះ ក្នុងមួយ​គីទ្បូក្រាម។ លោកបន្ត​ថា​ បច្ចុប្បន្ន​សហគម​ន៍​មាន​សមាជិក​ចំនួន​៣០៤​គ្រួសារ និងមាន​ផ្ទៃដីដាំ​ម្រេច​សរុប ​ចំនួន​៣៥០​ហិកតា។

លោកបន្តថា បច្ចុប្បន្ន​នេះផ្ទៃ​ដីដាំ​ម្រេចល្អៗ មានតំលៃ​ពី៣​ទៅ​៤ម៉ឺន​ដុល្លារ ក្នុងមួយ​ហិកតា ដោយ​សារ​​ម្រេច​​បាន​​ទ្បើងថ្លៃ​ខ្ពស់​ ហើយលោក​រំពឹងថា​តំលៃ​ម្រេច​ នៅតែមាន​ស្ថេរភាព​រយៈពេល​វែង ដោយ​សារ​​នៅលើ​ពិភព​លោក​មានប្រទេស​តិច​តួច​ប៉ុណ្ណោះ​ ដែលអាច​ដាំម្រេច​បាន និងការផ្គត់​ផ្គង់ម្រេច​មិនឆ្លើយ​តប​តម្រូវ​ការនៅ​ទ្បើយ​ទេ​”។ លោកបន្ត​ថា “​តាម​ការបញ្ជាក់​របស់​មន្ទីរ​ពិ​សោធន៍ បាន​រក​ឃើញថា​​គុណភាព​ម្រេច​ឃុំដា ស្រុក​មេមត់ មានគុណ​ភាព​មិន​ចាញ់​ម្រេច​កំពត នោះទេ​ទាំង ក្លិន គុណភាព​  និង​ទំហំ​គ្រាប់ម្រេច”។

លោក សូផា បាន​បន្តឲ្យ​ដឹងថា ទោះជា​យ៉ាង​ណាការ​ចំណាយ​ដាំម្រេច​​មាន​តំលៃ​ខ្ពស់ណាស់ ដោយ​មួយ​​ហិកតា​បើបូក​ថ្លៃដី ​និង ថ្លៃដាំ​ដុះបូក​រួម​ទាំង​​ជន្លង់ ទុយោទឹក ស្បៃគ្រប ឈ្នួល​កម្មករ និងតំលៃ​ចំណាយ​ផ្សេងៗ​ទៀត គឺអស់​ប្រមាណ​​១០​ម៉ឺន​ដុល្លារទំរាំ​បានទទួល​ផល។ ​ដំណាំ​ម្រេច​ឲ្យ​ផល​​ក្នុង​​រយៈ​​ពេលពីរ​ឆ្នាំ បន្ទាប់​​ពី​ការ​ដាំដុះ។ លោកបន្ត​ថា ជាទូទៅ​ការ​ប្រមូល​ផល​ម្រេ​ច​ចាប់​ផ្តើម​ពីខែ​មិនា ដល់ពាក់​​កណ្តាល​ខែមិថុនា និង​ម្រេច​មួយ​ហិកតា​ឲ្យផល​ពី៦​ទៅ៧តោន​ក្នុងមួយ​ឆ្នាំ។

លោក ងួន ទ្បាយ ប្រធាន​សមាគមម្រេច​កំពត បានថ្លែង​ឲ្យដឹងកាល​ពីពេលថ្មីៗ​​នេះផង​ដែរថា តំលៃ​ម្រេច​​កំពត​ឆ្នាំនេះ ក៏មាន​ការ​កើន​ទ្បើង​ផងដែរ ជាក់ស្តែង​ម្រេច​​ខ្មៅបាន​កើន​តំ​លៃ​​ពី​១១​ទៅ១៥​​ដុល្លារ ម្រេច​ក្រហម​បានកើន​តំលៃ​ពី២០ ទៅ​​២៦​​ដុល្លារ​  និង​ម្រេច​​បាន​កើន​តំលៃ​ពី​១៥ដល់ ២៨ដុល្លារ ក្នុងមួយ​គីទ្បូក្រាម​។ លោ​ក​បន្ត​ថា បច្ចុប្បន្ន សមាគម សមាជិក ដាំម្រេច ​ចំនួន​​២៤៣​គ្រួសារ ស្មើនឹង​ផ្ទៃដី​សរុប ៩០ហិក​តា និង​មាន​អ្នក​ដាក់ពាក្យ​សុំ​ចូល​​សមាគម ចំនួន​៤៣​គ្រួសារ ទៀតស្មើ​នឹង​ផ្ទៃ​ដី​​សរុប​ ៥០​​ហិក​តា ប៉ុន្តែ​រហូត​មក​ទល់​​ពេលនេះ សមាគម មិនទាន់​សម្រេច​ឲ្យ​ចូល​​ជា​​សមាជិក​​សមា​គម​​នៅទ្បើយ​ទេ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative