កុមារ និងស្ត្រីកម្ពុជា ជាង៨​លាន​នាក់ ប្រឈម​មុខនឹង​ជំងឺព្រូន

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឍ​មណ្ឌល​ជាតិ ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្រ្ត និង​បាណក​ សាស្រ្ត​ បានថ្លែង​ឲ្យដឹង​ថា នៅប្រទេស​កម្ពុជា ក្នុង​ចំណោម​ប្រជា​ជន​ជាង​១៤​លាន​នាក់ មានអ្នក​ប្រឈម​នឹងការ​ឆ្លងជំងឺ​ព្រូន​ប្រមាណ ៨លាន ៥សែន​នាក់ ដែលភាគ​ច្រើន​ជាកុមារ ក្នុងវ័យ​សិក្សា និងស្រ្តី​ក្នុងវ័យ​បន្តពូជ ។

4លោកបានលើក​ឡើងបែប​នេះ កាលពីចុង​សប្តាហ៍​នេះ នៅក្នុងកិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ស្តីពីការ​ប្រយុទ្ធ​នឹងជំងឺ​ដង្កូវ​ព្រូននៅ​កម្ពុជា ។  កិច្ចប្រជុំ​នេះធ្វើ​ឡើង ដើម្បី​ចែករំលែក​សមិទ្ធផល និងសកម្មភាព​ការងារ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​ដង្កូវ​ព្រូន ក្នុងការ​ប្រយុទ្ធ​នឹងជំងឺ ដង្កូវ​ព្រូន ក្នុងប្រទេស​កម្ពុជា ។ ពិ​គ្រោះយោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ក្នុងការ​លុបបំបាត់​ជំងឺព្រូន​អំបោះ​ពីកម្ពុជា​ នាឆ្នាំ​២០១៦ ។ ពិគ្រោះ​យោបល់​ជាមួយដៃ​គូ​ពាក់​ព័ន្ធ ក្នុងការ​​កម្ចាត់​​ជំងឺធំ​ពោះ ឬ ស៊ីស្តូ ចេញ​ពីបញ្ហា​សុខភាព​សាធារណៈ​នៅកម្ពុជា នាឆ្នាំ​២០២០។ ពិនិត្យ និង​​តាមដា​ន​ការផ្តល់​ថ្នាំ​ទម្លាក់​ព្រូន ដល់ក្រុម​គោលដៅ​ទូទាំង​ប្រទេស និង ពង្រឹង និង​ពង្រីក​កិច្ច​សហការ​ជាមួយដៃ​គូពាក់ព័ន្ធ ក្នុងការ​ប្រយុទ្ធ​នឹងជំងឺ​ដង្កូវព្រូន ។

លោកបាន​ពន្យល់ថា មូលហេតុ​ចម្បងមួយ នៃមូល​ហេតុ​ផ្សេងទៀត ដែលធ្វើ​ឲ្យកុមារ​មានភាព​ស្លេក​ស្លាំង ដោយខ្វះ​ជាតិដែក​ដែល បណ្តាលមក​ពីមានដង្កូវ​ព្រូន ក្នុងពោះ​វៀន ហើយភាព​ស្លេក​ស្លាំងនេះ បណ្តាល​ឲ្យកុមារ​មានការ​លូតលាស់​យឺតយ៉ាវ​ ទាំង កាយ ប្រាជ្ញា និងស្មារតី ។ លោកវេជ្ជប​ណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែង​បន្តថា ដោយសារ​មើលឃើញ​ពីបញ្ហា​នេះហើយ​ទើបចាប់តាំង​ពីឆ្នាំ២០០២​មក ក្រសួង​សុខាភិបាល បានសហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និងកីឡា បង្កើត​កម្មវិធី​ផ្តល់ថ្នាំ​ទម្លាក់​ព្រូន ដល់​កុមារ​ជាសិស្ស​ឲ្យបានយ៉ាង​តិច ៧៥% និងចាប់​តាំងពីឆ្នាំ​២០១០ មកដល់​បច្ចុប្បន្ន​នេះ បានលើស​ពី ៧៥% គឺ ៩០% ។

លោកស្រី ឱ វណ្ណឌីន អគ្គនាយក​បច្ចេកទេស នៃក្រសួង​សុខាភិាបាល បានថ្លែង​ឲ្យដឹងផង​ដែរថា ជំងឺដង្កូវ​ព្រូន គឺជាជំងឺ​មួយ​ ដែល​គេមិនសូវយក​ចិត្តទុក​ដាក់ បើទោះបី​ជាគេដឹង​ថា ជំងឺដង្កូវ​ព្រូននេះ អាចបង្ក​ផលវិបាក​​យ៉ាងច្រើន ដល់ក្រុម​ងាយរង​គ្រោះ ដូចជា​កុមារ និងស្រ្តីជាដើម ។ ដូចនេះ​ក្នុងន័យលើក​កម្ពស់ សុខមាល​ភាព និងចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពល​រដ្ឋ ក្រសួង​សុខាភិបាល ជាពិសេស​រាជរដ្ឋា​ភិបាល​កម្ពុជា បានបង្កើត​កម្មវិធី​ជាតិប្រយុទ្ធ​នឹងជំងឺ​ដង្កូវព្រូន តាំងពី​ឆ្នាំ១៩៩៧​មកម្ល៉េះ​ ។ ដោយកម្ម​វិធីនេះ មានគោល​ដៅចម្បង ក្នុងការ​ទប់ស្កាត់ កាត់​បន្ថយ និងលុប​បំបាត់ ការចម្លង អត្រាឈឺ និង​មរណៈ​លើក្រុម​ប្រជាជន​គោលដៅ​ទាំងអស់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative