ក្រសួងអប់រំ នឹងរៀប​ចំ​ប្រលង​ឌីប្លូម នៅ​ថ្ងៃទី១០ សីហា និង​ចំណាយ​ថវិកា ប្រមាណ​៥ពាន់លានរៀល

ការប្រលងសញ្ញាបត្រ មធ្យ​ម​សិក្សា​បឋម​ភូមិ ឬឌីប្លូម នៅឆ្នាំ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា គ្រោង​​នឹង​​រៀបចំ​ប្រលង​នៅថ្ងៃ ទី១០ ខែ​សីហា ឆ្នាំ២០១៥ ខាងមុខ​នេះដោយ​ចំណាយ​ថវិកា​ប្រមាណ​៥ពាន់​លានរៀល ស្មើ​នឹងជាង​ ១​លាន ដុល្លា​អាមេរិក។

2លោក ឈុន ចាន់ណារិន អ្នក​ទទួល​ខុស​ត្រូវការងារ​ប្រលង​អូឡាំព្យាដ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានមាន​ប្រសាសន៍​ឲ្យឲ្យដឹង​ កាល​ពីថ្ងៃ​ទី២១ កក្តដា ថា​ចំនួន​បេក្ខជន​ចូលរួម​ប្រលង​ឌីប្លូម​នៅឆ្នាំ​នេះមាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅដែរ។

ការប្រលងមធ្យម​សិក្សា​បឋម​ភូមិ កាលពី​ឆ្នាំ​ទៅ​ក្រសួង បាន​រៀបចំ​ប្រលង​រយៈ​ពេល​២ថ្ងៃគឺ​នៅ ថ្ងៃទី១៤ និង​១៥ ខែកក្តដា​ ឆ្នាំ២០១៤ ដោយ​មានបេក្ខជន​ចូលរួម​ប្រលង ចំនួន​ប្រមាណ​១៤ម៉ឺន​នាក់ នៅតាម​សាលា​ចំនួន​១៥៧៦​សាលា នៅទូទាំង​ប្រទេស ហើយ​ក្រសួង​បានចំ​ណាយ​ថវិកា​ប្រមាណ​៥ពាន់​លានរៀល។ ចំពោះ​សាលា​ឯកជន​ដែលមាន​សិស្ស ត្រូវ​ប្រលង​ឌីប្លូម ដែរនោះ​ក្រសួង បាន​អនុញ្ញាតិ​ឲ្យសាលា​បញ្ជួន​សិស្ស ចូលរួម​ប្រលង​នៅតាម​សា​លា​ណា​​ដែលនៅ​ជិតសាលា​របស់​ខ្លួនតែម្តង។

លោក ឈុន ចាន់ណារិន បានបន្តថា​ចំពោះ​ការចំណាយ​នៅឆ្នាំក៏​មិនខុស​ពីឆ្នាំមុន​នោះទេគឺ​ក្រសួង​គ្រោង​ចំណាយ​ប្រមាណ​ ៥​ពាន់លាន​រៀលស្មើ​នឹង​ជាង​១លាន​ដុល្លា​អាមេរិក។

ចាប់តាំងពីមាន​ការកែ​ទំរង់ ឲ្យសាលា​នីមួយៗ​រៀបចំការ​ប្រលង​ឌីប្លូម ដោយខ្លួន​ឯង​រួចមក​បានធ្វើ​ឲ្យការ​ចំណាយ​លើការ​ប្រលង ឌីប្លូម​មានការ​ថយចុះ​គួរឲ្យគត់​សំគាល់។

លោកបានបន្ថែម​ថា ការថយ​ចុះនូវការ​ចំណា​យនេះ គឺដោយ​សារតែ​ក្រសួងបាន​ផ្លាស់ប្តូរការ​ប្រលង ពីការឲ្យ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា រាជធានី​​ខេត្ត រៀបចំ​ជំនួស​ឲ្យសាលា​នីមួយៗ ជាអ្នក​រៀបចំ​វិញ។ ការដែល​ឲ្យសាលា រៀបចំ​ការប្រលង​ដោយខ្លួន​ឯង​នេះ បានកាត់​បន្ថយការ​ចំណាយ​បានយ៉ាង​ច្រើន គឺប្រមាណ​១០ពាន់​លានរៀល​ដោយជា​រៀងរាល់​ឆ្នាំ ក្រសួង​ត្រូវ​ចំណាយ​លើ​ការ​រៀបចំ​ប្រលង​ឌីប្លូម​ប្រមាណ​ជា១៥​ពាន់​លានរៀល។

ប្រលងឌីប្លូមនៅ​ឆ្នាំនេះ ក្រសួង​អប់រំ​យុវជន និងកីឡា បានចេញ​សេចក្តី​ជួនដំណឹង​រួចហើយ​ដោយ​ឲ្យ​សាលា​នីមួយៗ​ជាអ្នក​រៀប​ចំការ​ប្រលង​ចំណែក​ក្រសួង​ជាអ្នក​ត្រួតពិនិត្យ​ពីលើ​តែប៉ុណ្ណោះ។

ចំណែកការប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់ឌុប​នៅឆ្នាំ​នេះ ការ​ប្រឡង​​សញ្ញាបត្រ ​មធ្យម​​សិក្សា​​ទុតិយ​ភូមិ​​ចំណេះ​​ទូទៅ​ និង​​បំពេញ​​វិជ្ជា​​នៅឆ្នាំ​នេះ នឹងប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង​​ថ្ងៃ​ទី​ ២៤ ​ខែ​សីហា ​​​ឆ្នាំ​២០១៥ ដែល​មាន​​ថ្នាក់​​វិទ្យា​សាស្រ្ត​ និង​ថ្នាក់​​វិទ្យាសាស្រ្ត​​សង្គម​ រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨ ​នាក់ និង​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​​ចែក​ចេញ​​ជា ៣៥៧៦ ​បន្ទប់​នៅ​​រាជធានី​​ខេត្ត​ទាំង​ ២៥​រាជ​ធានី​ខេត្ត ​ដោយគ្រោង​នឹងចំណាយ​ថវិកា​ប្រមាណ ១២ពាន់​លាន​រៀល ​ស្មើនឹង​ចំនួន​៣លាន ដុល្លា​អាមរិក មានការថយ​ចុះមួយ​លានដុល្លា​បើធៀប​ទៅនឹងការ​ប្រលង​កាលពីឆ្នាំមុន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative