គំរោងសង់ស្ពាន​ទៅ​កាន់​តំបន​​អរិយក្សត្រ​​ស្ថិត​ក្នុង​ភាព​​មិនច្បាស់​លាស់​នៅទ្បើយ

ប្រជាជនតំបន់ស្វាយជ្រុំ និង​តំបន់​អរិយក្សត្រ ទំនង​​ជាមិន​សប្បាយ​ចិត្ត​នឹង​ដំណឹង​នេះទេ ព្រោះគំរោង​សាងសង់ស្ពាន​ឆ្លងកាត់​ទន្លេរ​ទៅកាន់​តំបន់​នេះ​ ស្ថិត​ក្នុ​ង​ភាព​មិនទាន់​​ច្បាស់​លាស់​នៅទ្បើយ​មក​ទល់​ពេលនេះ​។

1លោក ​នូ វឌ្ឈនៈ អ្នកនាំ​ពាក្យក្រសួង​សាធារណៈ​ការ និងដឹក​ជញ្ជូន បាន​ថ្លែង​​ឲ្យ​ដឹងតាម​ទូរស័ព្ទ​នៅ​ពេលថ្មីៗ​នេះថា គំរោង​សាងសង់​ស្ពាន​​ទៅ​កាន់​តំបន់​​ទាំង​ពីរ​ខាង​លើជា​ការលើក​គោល​ការណ៍ ពីក្រុមហ៊ុន​របស់ចិន​​ជូន​រដ្ឋា​ភិបាល ហើ​យ​រដ្ឋា​ភិ​បាល​​​​ក៏បានឯកភាព​ផង​ដែរ ប៉ុន្តែ​រហូតមក​ទល់ពេល​នេះ​មិន​ទាន់​មាន​​ការចុះ​សិក្សា​ដើម្បី​សាងសង់​ស្ពានទាំងពីរ​នៅ​ទ្បើយ​ទេ។ លោកបន្ត​ថា តាម​គំរោង​ស្ពាន​ចំនួន​ពីរ​នឹងសាង​សង់​ ទី១​ ចេញពីតំបន់​ជ្រោយចង្វារ​ទៅ​កាន់​​​ទឹក​​ដី​ស្វាយ​​ជ្រុំ ក្នុងខេត្ត​​កណ្តាល​ និង​​ស្ពាន​ទី២ ចេញពីផ្លូវ​ជាតិលេខ១​ម្តុំ​ក្តី​តា​កុយ​​ទៅ​កាន់​តំបន់​​អរិយ​ក្សត្រ ស្ថិតក្នុង​ស្រុក​ល្វា​ឯម ខេត្តកណ្តាល។

លោកបន្តថា​ “ប្រសិន​ជាមានស្ពាន​នេះជាការ​ល្អ ព្រោះរថយន្ត​ធំៗមិនចាំ​បាច់​ឆ្លងកាត់​ទីក្រុង ដោយ​ពួកគេ​អាចវាងទៅ​តាម​ស្ពាន​​នេះ ប៉ុន្តែយ៉ាងណា​ក៏ដោយរហូត​​មកទល់ពេល​នេះ គំរោងសាង​​សង់​ស្ពាន​នេះ​​ស្ថិត​ក្នុងភាព​មិនច្បាស់​លាស់នោះ​ទេ”។​លោក​បន្តថា​ “រហូតមក​ទល់ពេលនេះ​មិន​ទាន់​មាន​​ការ​សម្រេច​​ពីរដ្ឋាភិបាល​នៅទ្បើ​យទេ ហើយ​ក៏មិនទាន់​មានការចុះ​សិក្សា ដើម្បីចាប់​ផ្តើម​សាង​សង់​ស្ពាន​នេះ​ផង​ដែរ”។

កាល​ពីដើម​ឆ្នាំនេះ​ សា​លា​រាជ​ធានី​ភ្នំពេញ និង​ក្រសួង​​រៀបចំ​ដែន​ដី នគរូប​​នី​យ​​កម្ម និង​សំណង់​​បាន​សម្រេច​​ដាក់​បញ្ចូល​​តំបន់​​អរិយក្សត្រ ចូល​ក្នុង​​ប្លង់​​គោល​រាជ​ធានី​​​ភ្នំពេញ​នៅឆ្នាំ​២០២០​ខាង​មុខ។​ សាលា​រាជ​ធានី​ភ្នំ​ពេញ​គ្រោងរៀបចំ​តំបន់​​អរិយ​ក្សត្រ ជាតំបន់​សម្រាប់​​អភិវឌ្ឍ​​ជា​តំបន់​​លំនៅ​​ឋាន តំបន់​​វប្បធម៌​​ប្រវត្តិ​សាស្ត្រ តំបន់​​ពាណិជ្ជ​កម្ម ផ្សារ​ទំនើប​ និង​ជា​តំបន់​​ទេសចរណ៍​​ផង​ដែរ។

​លោកឌុច ចាន់ មេឃុំ​អរិយ​ក្ស​ត្រ​ធ្លាប់ បាន​និយាយ​​ថា ជា​មួយ​ដំណឹង​​នៃ​ការ​សាង​​សង់​ស្ពាន​​តភ្ជាប់​ពី​រាជធានី​​ភ្នំពេញ មក​តំបន់​អ​រិយ​ក្សត្រ បាន​ធ្វើ​ឲ្យ​​ចលនា​នៃ​​ការ​ទិញ លក់ ដី​នៅ​​តំបន់​នេះ​​ហក់​ឡើង​​យ៉ាង​ខ្លាំង ខណៈ​​តម្លៃ​​ដី​នា​ពេល​​នេះ​បាន​ហក់​​ឡើង​ខ្ពស់​​ជាង​មុន​ពេល​​មាន​វិបត្តិ​​សេដ្ឋកិច្ច និង​​ហិរញ្ញ​​វត្ថុ​សកល​កាល​ពីឆ្នាំ​២០០៨​ ទៅ​​ទៀត។ តែ​ទោះ​​បី​ជា​យ៉ាង​​ណា​លោក​​ប្រាប់​ថា ចលនា​​​នេះ​បាន​​ស្ងប់​ស្ងាត់​​ទៅ​វិញ​រយៈ​​ពេល​ជិត​មួយ​​ខែ​មក​​ហើយ។ ម្ចាស់​ដី​​នៅ​ទីនេះ​​ភាគ​ច្រើន​​ជា​អ្នក​រស់​​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។

លោក​បន្តថា​ “មិន​ត្រឹម​តែ​​ប្រជាជន​​ក្នុងឃុំ​អរិយក្សត្រ​ទេ គឺ​ប្រជាជន​​នៅ​ប៉ែក​ខាង​​កើត​ទន្លេ​​ក៏​សប្បាយ​​ចិត្ត​ផង​​ដែរ នៅ​ពេល​​ដឹង​ថា រដ្ឋាភិបាល​​គ្រោង​​ធ្វើ​ស្ពាន​​មក​កាន់​តំបន់​​នេះ”។ លោកបន្តថា​ “បើ​គិត​ពី​ភ្នំពេញ​​មក​កាន់ឃុំ​​អរិយក្សត្រ មាន​ចម្ងាយ​​ប្រហែល​២គីឡូម៉ែត្រ​​ប៉ុណ្ណោះ ប៉ុន្តែ​​ការ​អភិវឌ្ឍ​​នៅ​​តំបន់​​នេះ​​នា​ពេល​​កន្លង​​មក​ហាក់​មាន​​សភាព​​យឺត​យ៉ាវ​​ណាស់ ដោយ​សារ​តែ​​មាន​ទឹក​​ទន្លេ​​ជា​ឧបសគ្គ​​ក្នុង​ការ​ធ្វើ​​ដំណើរ និង​ដឹក​​ជញ្ជូន​​ទំនិញ​​ផ្សេងៗ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative