ប្រលងបាក់ឌុប​នៅឆ្នាំ​នេះ ក្រសួង​អប់រំ​គ្រោង​នឹង​ចំណាយ​ថវិកា​៣​លាន​ដុល្លា

ការប្រលង​សញ្ញាបត្រ​មធ្យសិក្សា​ទុតិយភូមិ ឬបាក់​ឌុបនៅ​ឆ្នាំនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​​គ្រោងនឹង​ចំណាយ​ថវិកា​ប្រមាណ​១២ពាន់​លានរៀល ស្មើនឹង​ចំនួន​៣លាន​ដុល្លា​អាមេរិក មានការ​ថយចុះ​បើធៀប​ទៅនឹង​ការ​ប្រលង​កាលពី​ឆ្នាំមុន។

2ការ​ប្រឡង​សញ្ញាបត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ​ចំណេះ​​ទូទៅ​ និង​​បំពេញ​​វិជ្ជា​​នៅឆ្នាំនេះ​នឹង ប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង​​ថ្ងៃ​ទី​ ២៤ ​ខែ​សីហា​​ឆ្នាំ​ ២០១៥ ដែល​មាន​​ថ្នាក់​វិទ្យា​សាស្រ្ត​​ និង​​ថ្នាក់​វិទ្យា​សាស្រ្ត​​សង្គម​​រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨ ​នាក់ និង​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​ចែក​​ចេញ​ជា ៣៥៧៦ ​បន្ទប់​​នៅ​រាជ​ធានី​​ខេត្ត​​ទាំង​ ២៥ ​។ សម័យ​​​ប្រឡង​​​បាក់ឌុប​​កាលពី​​ឆ្នាំ​ ២០១៤ នៅថ្ងៃទី៤​ និងថ្ងៃ​ទី០៥សីហា ដោយ​មានបេក្ខ​ជន​ដាក់​ពាក្យ​ប្រលង​ចំនួន ៩៣៤៥៦ នាក់ ​មាន១៥៤ មណ្ឌល​នៅទូទាំង​រាជធានី-ខេត្ត ចែកជា​ ៣៧៧៩​ បន្ទប់ ។ ក្នុង​នោះ​មាន​​បេក្ខជន​​ប្រឡង​​ជាប់​តែ ២៣១២៦ នាក់​ប៉ុណ្ណោះ​​ដែល​ស្មើ​​នឹង​ ២៥,៧២ ​​ភាគរយ​នៃ​​បេក្ខជន​​ទូទាំង​​ប្រទេស​។

កាលពីឆ្នាំ​មុនក្រសួង​អប់រំ​ បានចំណាយ​លើការ​ប្រលង​ចំនួន​៤លាន​ដុល្លាអាមេរិក​ដែលនៅឆ្នាំ​២០១៣​​ចំណាយ​ តែ២,៩លាន​ ដុល្លាទេ​។

បើតាមលោក​ ឈុន ចាន់ណារិន អ្នកទទួល​ខុសត្រូវ​ការងារ​ប្រលង​អូឡាំព្យាដ​នៃក្រសួង​អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍​ឲ្យឲ្យដឹង​កាល​ ពីថ្ងៃ​ទី២០​ កក្តដា ​ថា​ សំរាប​ការប្រលង​បាក់ឌុប​នៅឆ្នាំ​នេះក្រសួង​គ្រោងនឹង​ចំណាយ​ថវិកា​ប្រមាណ​១២ពាន់ លានរៀល​ឬប្រហាក់​ប្រហែល​នឹង៣លាន​ដុល្លា​អាមេរិក។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួ​អប់រំ​យុវជន និងកីឡា ធ្លាប់បាន​លើកឡើង​ថាប្រលង​បាក់ឌុប​ឆ្នាំនេះ​មិនមាន​រៀបចំ​ការ​ប្រលង​លើកទី២​ដូចឆ្នាំ​មុនទៀត​ទេ។

ពាក់ព័ន្ធ​នឹងមូលហេតុ​នៃ​ការលុប​ចោលការ​ប្រលង​លើកទី២​នេះលោក​ ហង់ ជួនណារ៉ុន បានពន្យល់​ថាការលុប​ចោល​ប្រលង​បាក់ឌុប​លើកទី២​នេះដោយ​សារតែវា​ធ្វើឲ្យប៉ះ​ពាល់ដល់​ការសិក្សា​​របស់​សិស្ស​​ពោលគឺ​សិស្សខាត​ពេលសិក្សា​ពិសេស​ធ្វើ​ឲ្យ​ការ​បើកបវេសន​កាលឆ្នាំថ្មី​មានការ​យឺត​​យ៉ាវ​ជាដើម។ ម្យ៉ាងទៀតបើ​យើងមិន​ប្រលង​លើកទី២ទេ​វាក៏មិន​ធ្វើឲ្យប៉ះ​ពាល់អ្វី​ដែរ​ហើយ​​វាក៏មិន​មែន​​មក​ពី​បញ្ហា​​ថវិកា​​ទើបនាំ​ឲ្យលុបការ​ប្រលង​លើកទី២​នោះទេ។

លោករដ្ឋមន្ត្រី​ថា «ការ​មិនមាន​ប្រលង​លើកទី២​នេះនឹងជួយ​ជំរុញឲ្យ​សិស្សខិតខំ​រៀនពីដើម​ឆ្នាំ​ទៅ​ហើយ​​បើ​សិស្ស​​ខំរៀន​នោះ​លទ្ធ​ផល​នឹងបានល្អ​ប្រសើរ​ជាងឆ្នាំ​មុ​ន​តែបើលទ្ធផល​មានប្រហាក់​ប្រហែល​​នឹង​ឆ្នាំ​មុនប្រលង​លើកទី១​ក្រសួង​នឹងពិចារណា​ជា​ក្រោយ​តើប្រលង​លើកទី២​ឬអត់»។

គួរបញ្ជាក់ថា ការប្រឡង​​ឆ្នាំនេះ នៅតែមាន​​វិធានការ​​រឹតបន្តឹង​​នឹង​វិន័យ​​ម៉ឺងម៉ាត់​​ដដែល​​ក្នុង​ការ​ប្រឡង និង​បើក​ឱ​កាស​​ឲ្យ​មាន​ការ​​ចូលរួម​​តាមដាន ឃ្លាំមើល​​ពី គ្រប់​​មជ្ឈដ្ឋាន ពិសេស​​មានការ​​អង្កេត​​ការណ៍​ពី​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ និង​បណ្ដា​​អង្គ​ការ​​សង្គម​​ស៊ីវិល​​ពាក់ព័ន្ធ​​បន្ថែម​ទៀត។

កាលពីពេលថ្មី​ៗ​នេះ​ក្រសួង​អប់រំយុវជន និងកីឡាបាន បានធ្វើ​ការអំពាវ​នាវដល់​សាធារណ​ជន មាតា​បិតា ឬអ្នក​អាណា​ព្យា​បាល​​ និងសិស្សា​នុសិស្ស​ទាំងអស់​មេត្តាប្រុង​ប្រយ័ត្ន​កុំឲ្យមាន​ការភាន់​ច្រឡំ ឬ​ចាញ់​បោកការ​ផ្សព្វផ្សាយ របស់​ជនឆ្លៀត​ឱ​កាស​ ដើម្បី​កេងរក​ផល​ចំណេញ​ក្នុងសម័យ​ប្រឡង សញ្ញា​បត្រ​មធ្យម​សិក្សា ទុតិយ​ភូមិ នេះឲ្យ​សោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative