កីឡាលើក​ដុំដែក​ជួយ​សម្រស់​រាងកាយ

កីឡាលើក​ដុំដែក គឺជា​កីឡា​ខាងផ្លូវ​កាយ​មួយ​ប្រភេទ ដែល​មានការ​ចាប់​អារម្មណ៍​ពីសំណាក់​យុវវ័យ និងអ្នក​ដែល​ស្រឡាញ់ ចូលចិត្ដ​សាច់ដុំ​ធំៗ ដើម្បី​បង្ហាញ​អំពី​ភាព​មាំមួន ការ​ទាក់ទាញ និងភាព​ស្រស់​សង្ហា​របស់​សាច់ដុំ។ ពិសេស​បំផុត គឺអ្នក​ដែលចង់​បានរាង កាយ​ដែលមាន​សាច់ដុំ​ធំ​តែម្ដង។ កីឡា​ប្រភេទ​នេះ គេនិយម​ហាត់​បំផុត​នៅ​បរទេស ព្រោះវា​ជា​មោទនភាព​មួយសម្រាប់​អ្នកដែល​មាន សាច់ដុំ​ធំ មិនថា​បុរស ឬក៏ស្ដ្រី​ឡើយ។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជាវិញ ក៏មាន​ការ​​ពេញនិយម​ដែរ តែលទ្ធផល​ដែលចេញ​មក នៅមាន​កម្រិត​នៅឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ហ៊ី ឌីណារិន្ទ ជាប្រធាន​ក្លឹបគីងកុង បាន​បកស្រាយ​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ពី​បច្ចេកទេស​នៃការ​ហាត់​ដើម្បី ឱ្យបាន​ត្រឹមត្រូវ និងដើម្បី​ឱ្យសាច់ដុំ​មានសុខភាព​រឹងមាំល្អ។

តើគួរចាប់​ផ្ដើមហាត់​នៅពេល​ណា?

វាជារឿង​មួយដែល​យើងត្រូវ​យកចិត្ដ​ទុកដាក់​បំផុត ព្រោះថា​បើសិន​ជាយើង​ចាប់ផ្ដើម​ធ្វើការ​ហ្វឹកហាត់​មួយដែល​មិនបាន ត្រឹមត្រូវ វាមិន​ត្រឹមតែ​នាំឱ្យ​ប៉ះពាល់​ដល់ការ​លូតលាស់​របស់​សរីរាង្គកាយ​យើង​ប៉ុណ្ណោះទេ តែវាក៏​អាចកើត​មាននូវ​ផលវិបាក​ជាច្រើន ទៀត ដែលយើង​អាចនឹក​ស្មានមិន​ដល់ផង​ដែរ។ ជាទូទៅ​សម្រាប់​អ្នកដែល​ស្រឡាញ់​សាច់ដុំ គួរតែ​ចាប់ផ្ដើម​ហ្វឹកហាត់​ចាប់ពី​អាយុ១៥ ឆ្នាំឡើង​ទៅ។ ព្រោះថា​ការ​ហ្វឹកហាត់​នៅក្មេង​ពេក ឆ្អឹងរបស់​យើងមាន​លក្ខណៈ​នៅខ្ចី វានៅ​ត្រូវការ​លូតលាស់ បើសិន​យើងចាប់​ផ្ដើម ហាត់ទៅ វាអាច​ប៉ះពាល់​ដល់ការ​លូតលាស់​របស់ឆ្អឹង និងសរីរាង្គកាយ​ផ្សេងទៀត។ សម្រាប់​ពេលវេលា​នៃការ​ហ្វឹកហាត់​វិញ ពេលព្រឹក បន្ទាប់ពី​ភ្ញាក់ពី​គេង គឺជាពេល​មួយដែល​ល្អបំផុត។ ការហាត់​ពេលនេះ អាចជួយ​កាត់បន្ថយ​អាហារ​ពេលល្ងាច​នៅ​សេសសល់ ដែល សម្បូរ​ទៅដោយ​កាឡូរី។ វាពិត​ជាសាកសម​ណាស់ សម្រាប់​អ្នកដែល​ចង់សម្រក​ទម្ងន់ ដើម្បីឱ្យ​មានរាង​ស្វ៊ែល។

តើត្រូវចាប់​ផ្ដើមហាត់​យ៉ាង​ដូចម្ដេច?

កីឡាប្រភេទ​នេះមាន​ឧបករណ៍ ដូចជា​ដុំដែកខ្លី​(ដំាប៊ែល) ដុំដែកវែង​(បាប៊ែល) និងម៉ាស៊ីន​លើកសាច់​ដុំជាដើម ដែលយើង អាចលើក​បានច្រើន​របៀប ទៅតាម​ចលនា​របស់​សាច់ដុំ​ទាំងអស់ ដែលយើង​ចង់បាន​ឱ្យវា​រីកមាឌ​ឆាប់។ តែជា​ដំបូង យើងត្រូវ​យល់ដឹង អំពី​អត្ថប្រយោជន៍​របស់​ឧបករណ៍​នីមួយៗ​ជាមុនសិន នៅរាល់​មុនការលើក។ ការដេក​លើក​ដុំដែក​វែង អាចជួយ​ឱ្យសាច់ដុំ​ដើមទ្រូងរីក មាឌ រីឯការ​លើកដុំដែក​ខ្លី​ឡើងចុះៗ ជួយឱ្យ​សាច់ដុំដៃ​មាំមួន​ជាដើម។

ជំហ៊ានដំបូង អ្នកដែល​ទើបចាប់​ផ្ដើមហាត់ ត្រូវតែ​លើកឱ្យ​បានគ្រប់​ចលនា​សាច់ដុំ​ទាំងអស់ ដើម្បីងាយ​ឱ្យវាស៊ាំ​គ្រប់ចលនា សាច់ដុំសិន។ នៅថ្ងៃ​ដំបូងសាច់ដុំ​រាងចុកស្ពឹក​ស្រពន់​បន្ដិចហើយ។ រយៈពេលមួយ ឬពីរសប្ដាហ៍​ក្រោយមក ពេលសាច់​ដុំរាងស៊ាំ​បន្ដិច ហើយ​(មិនសូវឈឺ) យើងអាច​ចាប់ផ្ដើម​មានការ​រៀបចំ​កម្មវិធី​ហាត់ផ្សេងទៀត​បាន ដោយយើង​ត្រូវកំណត់​ទម្ងន់ដែក​ឱ្យវា​រាងស្រាល បន្ដិច ដើម្បីឱ្យ​យើង​ព្យាយាម​លើកឱ្យ​បាន១៥ដង​ក្នុងមួយមុខ។ បើសិន​ជាយើង​ត្រូវការ​ប៉ូវសាច់ដុំ​ណាមួយខ្លាំង យើងអាច​កំណត់ទម្ងន់ ដែក ឱ្យវា​បានរាង​ធ្ងន់បន្ដិច ហើយ​ព្យាយាម​លើកឱ្យ​បានច្រើនដង​(មិនគិតពី​ចំនួននៃការ​លើកឡើយ) ធ្វើយ៉ាងណា​ឱ្យតែ ឡើងសាច់។

អ្នកហ្វឹកហាត់​ថ្មីគួរ​អនុវត្ដ​ជាមួយ​ឧបករណ៍​ម៉ាស៊ីន​លើក​ដុំដែក ព្រោះវា​អាចស្រួល​លើកជាង​លើកដុំ​ដែកដោយ​ផ្ទាល់ ដែល ងាយ​នឹងរង​ការប៉ះ​ទង្គិចលើ​រាងកាយ បើសិន​ជាមិនបាន​ប្រុងប្រយ័ត្ន។ អាចចាប់​ផ្ដើមពី​សាច់ដុំធំ គឺសាច់ដុំជើង សាច់ដុំស្មា សាច់ដុំដៃ សាច់ដុំទ្រូង សាច់ដុំក្បាលពោះ សាច់ដុំខ្នង​ជាដើម។ ប្រសើរ​បំផុត ត្រូវតែ​ហាត់នៅ​គ្រប់ចលនា​សាច់ដុំ​ទាំងអស់ និងយ៉ាងហោច​ណាស់ ក៏ត្រូវ​ចំណាយ​ពេលហាត់​ត្រឹម​កន្លះម៉ោង ទៅមួយម៉ោង​ដែរទើប​គ្រប់គ្រាន់។ ជាទូទៅ​សម្រាប់អ្នក​ដែលចង់ចាប់​អាជីព ឬចង់បាន​សាច់ ដុំធំ និងថែរក្សា​វាឱ្យ​គង់វង្ស​បានយូរ ត្រូវហ្វឹកហាត់​ឱ្យបានពីរ​ម៉ោងក្នុង​មួយថ្ងៃ។

អ្នកហាត់​ត្រូវយល់ដឹង​រូបមន្ដ​នៃការ​ហាត់ដែល​ស្របទៅតាម​ស្ដង់ដា​ទម្ងន់​របស់ខ្លួន ដោយគណនា​ទៅតាម​រូបមន្ដ​នៃឧបករណ៍​ហាត់នីមួយៗ ដូចជា​សម្រាប់​សាច់ដុំ​ដើមទ្រូង​(ដេកលើក) យើងត្រូវ​អនុវត្ដ​តាមរូបមន្ដ​(៧០% X ទម្ងន់ខ្លួនយើង)។ ឧបមាថា បើ យើងមាន​ទម្ងន់៦០​គីឡូក្រាម យើងត្រូវគុណ​នឹង៧០ វាស្មើ៤២ ដូច្នេះ​មានន័យថា​យើងត្រូវ​លើកដុំដែក​ដែលមាន​ទម្ងន់ចាប់ពី​៤២គីឡូ ក្រាមឡើង​ទៅឱ្យបាន​១៥ដង។ ចំពោះសាច់​ដុំជើង​(លើកជើង​មកក្រោយ) គេយក៣០% X ទម្ងន់ខ្លួនយើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

អត្ថប្រយោជន៍​របស់កីឡា​លើកដុំ​ដែក

គ្រប់កីឡា​ទាំងអស់ សុទ្ធតែ​មានប្រយោជន៍​ចំពោះ​រាងកាយ ដោយឡែក​កីឡាលើក​ដុំដែក​នេះមាន​ប្រយោជន៍​ពិសេស​ចំពោះ សាច់ដុំ​តែម្ដង។ ព្រោះវា​អាចធ្វើឱ្យ​សាច់ដុំយើង​រឹងមាំ តឹងណែនល្អ មិនយារ និងកម្លាំងកាយ​ខ្លាំងក្លា ដែលអាច​មើលឃើញ​ភាពអស្ចារ្យ ទាំងនេះ តាមរយៈ​រូបរាងកាយ​ខាងក្រៅ​របស់អ្នកហាត់​បានដោយ​ផ្ទាល់ភ្នែក។ ហើយវា​ក៏ជួយ​សម្រួល​ចលនា​បេះដូង និងចលនា​សាច់ដុំ ផងដែរ។

បើចង់​ស្រកទម្ងន់ វាអាច​ជួយឱ្យ​យើងស្រក​បានដែរ ព្រោះនៅ​ពេលយើង​បញ្ចេញ​កម្លាំងកាយ ខ្លាញ់ដែល​មាននៅ​ក្នុង​តួខ្លួន យើងទាំង​មូលត្រូវ​បានកាត់​បន្ថយ។ បើយើង​លើកត្រូវ​ក្បួន វានឹងមាន​ការផ្លាស់ប្ដូរ​ច្រើនរយៈ​ពេលត្រឹមតែ​៣ខែប៉ុណ្ណោះ ហើយសម្រាប់ អ្នកដែល​ចង់ចាប់​អាជីព គឺអាចជួយ​ឱ្យគាត់​ឆាប់សម្រេច​បានទៅតាម​គោលដៅ។

ផលវិបាក​របស់កីឡា​លើក​ដុំដែក

បើសិន​ជាការ​ហាត់មិន​បាន​ត្រឹមត្រូវ វាពិត​ជាអាចនាំ​ឱ្យខូច​សុខភាព។ កីឡានេះ​ទាមទារ​ឱ្យមាន​កត្ដាចំណី​អាហារ មករួមផ្សំ ដែរ។ កត្ដានេះ​ច្រើនមាន​បញ្ហាសម្រាប់​អ្នកហ្វឹកហាត់ ព្រោះការ​ផ្គត់ផ្គង​មិនបាន​គ្រប់គ្រាន់​ទៅតាម​កម្រិត​ស្ដង់ដា​កំណត់ វាអាចនាំឱ្យ ងាយបាក់​កម្លាំង។ ការហាត់​មិនបាន​ត្រឹមត្រូវ​តាមក្បួន អាចឱ្យ​សាច់ដុំ​ដែលហាត់​មិនល្អ​តាមកម្រិត​ស្ដង់ដា ដូចជាសាច់ទ្រូង​ឡើងមិនស្មើ គ្នា ម្ខាងធំ​ម្ខាងតូច​ជាដើម។ ពេលទទួល​ទានរួចហើយ ត្រូវមាន​ការសម្រាក​ពី២ ទៅ៣ម៉ោង​ទើបចាប់ហាត់ ដើម្បី​ចៀសវាង​ការហល់ ភើ និងក្រពះ​មានការ​លំបាក​នៅក្នុង​ការរំលាយ​នៅពេលហាត់។ បើមានការ​ខានហាត់​រយៈពេល​យូរ នាំឱ្យសាច់​ដុំជ្រាយ។

បណ្ដាំផ្ញើ​អ្នកជំនាញ

សំណូមពរ​ឱ្យប្រជាពលរដ្ឋ​គិតគូរ​ពីបញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ឱ្យបានច្រើន ព្រោះថា​សុខភាព​មានសារៈ​សំខាន់ណាស់។ អ្នកដែល ចង់ឱ្យ​សាច់ដុំមាំមួន គង់វង្ស និងសាកសម គួរស្វែងយល់​ពីក្បួនហាត់ និងឧបករណ៍​ហាត់មួយ​ចំនួនដែល​មានប្រយោជន៍ ដោយចូលរួម ហ្វឹកហាត់​រាងកាយ​របស់លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative