សិស្សានុសិស្ស​ បុគ្គលិក​AIS ជាង​៥០០នាក់ ចូលរួម​ទិវា​បរិស្ថាន​បោស​សំអាត​ទីក្រុង

ក្នុងគោលដៅ​ចូលរួម​សំអាត​បរិស្ថាន និងបង្កើន​ការយល់​ដឹងដល់​ប្រជាពល​រដ្ឋ​សិស្សានុ​សិស្ស និង​បុគ្គលិក​នៃ​វិទ្យាស្ថាន និងសាលា​រៀន​អន្តរទ្វីប​អាមេរិកាំង (AIS)​ជាង៥០០នាក់​បានចូលរួម​ទិវា​បរិស្ថាន និងរើស​សំរាម​ក្នុងទីក្រុង។

1លោក កែវ ទ្បង់ឌី អនុ​ប្រធាន​ជាន់ខ្ពស់​នៃសាលា​រៀន និងវិទ្យា​​ស្ថានអន្តរ​ទ្វីបអា​មេរិកាំង បានថ្លែង​ក្នុងពិធី ដែលប្រារព​ធ្វើនាព្រឹក ថ្ងៃ​ទី១៨ កក្កដា​នេះថា នេះជាលើកទី២​ហើយ ដែលសាលា​រៀន និងវិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង បានប្រារព​ទិវា​នេះ ដោយលើក​ទី១ បានប្រារព​ធ្វើនៅសាលា​របស់ AIS សាខា​ទួល​គោក​។ លោកបន្តថា​​នេះជាលើក​​ទី២ ផងដែរ​សម្រាប់ AIS សាខា ចក្រអង្រែក្រោម ដែល​លើកទី១​គឺការរត់​​ប្រណាំង ដើម្បី​រក​មូលនិធិ​ជួយដល់​មន្ទីរពេទ្យ​គន្ឋបុប្ឆា និងលើកទី២​ជាការ​ប្រារព​​ទិវា​បរិស្ថាន​រើស​សំរាម​នាពេលនេះ។

លោកបន្តថា​ “បរិស្ថាន​ស្អាតធ្វើ​ឲ្យប្រជាពលរដ្ឋ​មានសុខភាព​ល្អ ពេលណា​​ប្រ​ជាពល​រដ្ឋ​មាន​សុខភាព​ល្អ ពួកគេក៏​អាចចូល​រួមចំណែក​អភិវឌ្ឈន៍​ប្រទេស​ពួក​គេ​ឲ្យ​មានភាព​រីកចំរើន ព្រោះបញ្ហា​សំរាមក៏​ធ្វើឲ្យទ្បើង​កំដៅផែនដី និងការ​ផ្លាស់​ប្តូរ​អាកា​សធាតុ​ផងដែរ”។ លោកបន្ត​ថា​“ពេលណា​អាកាស​ធាតុផ្លាស់ប្តូរ ធ្វើឲ្យ​កើន​កំដៅ​ផែន​​ដី​​ ប៉ះពាល់​មុនគេ​ដល់សុខ​ភាព​មនុស្ស ពេលណា​ប៉ះពាល់​ដល់សុខភាព គឺប៉ះពាល់​​ដល់ការ​សិក្សា និងប៉ះពាល់​ដល់អាជីវកម្ម​នានា ដែលឈាន​ធ្វើឲ្យប៉ះ​ពាល់ដល់​​ការ​រីកចំ​រើន​សេដ្ឋកិច្ច”។

លោក កែវ ទ្បង់ឌី បានបន្ត​ថា ការរៀប​ចំទិវានេះ ដើម្បីបំផុស​ការយល់ដឹង​ដល់​ប្រជា​ពលរដ្ឋ ព្រោះ​យើងចង់​ឃើញប្រទេស​យើង​ស្អាត មានបរិស្ថាន​ល្អ និងក្លាយជា​​ប្រទេស​ស្អាត និងស្រស់​បំព្រងពេល​ណាមានការ​ចូលរួមពី​ប្រជាពលរដ្ឋ។ លោក​បាន​លើកយក​សុភាសិត​របស់អង់​គ្លេសមក​បញ្ជាក់ថា  “ការលើក​កំពស់បរិស្ថាន​គួរធ្វើ​តាំ​ង​​​​ពី២០ឆ្នាំ​មុន តែបើយើង​មិនបានធ្វើ​តាំង​ពី២០ឆ្នាំ​មុន យើងអាចចាប់​ផ្តើមនៅ​ថ្ងៃ​នេះ”។

2អភិបាល​រងក្រុង​តាខ្មៅ លោក ជី សុវុត្ថា បានថ្លែង​ថា បរិស្ថាន​រស់នៅ​មានសារៈ​​សំខាន់​ណាស់ សម្រាប់សុខភាព​យើងទាំង​អស់គ្នា ក៏ដូចជា​សុខមាលភាព​សាធារ​ណៈ​។ បរិស្ថាន​ល្អ បង្កភាពងាយ​ស្រួលដល់​ការអភិវឌ្ឈន៍​វិស័យ​ទេសចរណ៍​ សុខា​ភិ​បាល សេដ្ឋកិច្ច និងសង្គម ផ្ទុយទៅ​វិញការបញ្ចេញ​ចោលនូវកាក​សំណល់​គ្រប់ប្រភេ​ទ​ពាសវាល​ពាសកាល ទៅក្នុងបរិស្ថាន​ធម្មជាតិ​ដោយគ្មានការ​ទុកដាក់ឲ្យ​បានសម​​ស្របនាំ​ឲ្យបរិស្ថាន​ធម្មជាតិ បាត់បង់​សោភ័ណភាព ត្រូវបំពុល​បាត់​លក្ខណៈ​ដើម​ និង​ជះ ឥទ្ឋិពល​ជាអវិជ្ជមាន ដល់ការអភិវឌ្ឈន៍​ប្រកបដោយ​ចីរភាពរបស់​សង្គមជាតិ​។

លោកបន្ត​ថា “បញ្ហា​បរិស្ថាន​ទាមទារ​ឲ្យមានការ​ចូលរួមទាំង​អស់គ្នា ដើម្បីជា​​ប្រយោជន៍​សម្រាប់យើង​ទាំងអស់គ្នា ហើយការចូល​រួមរបស់​លោក​អ្នក​ពិតជា​ចាំបា​ច់​បំផុតក្នុងការ​ចូលររួម​ចំណែក​ជារាជរដ្ឋា​ភិបាល​កម្ពុជា”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative