តំលៃកៅ​ស៊ូ​បន្តរបស់​ប្រជាពលរដ្ឋ​ធ្លាក់ចុះ​ធៀបនឹង​ដើមឆ្នាំនេះ

តំលៃជ័រកៅស៊ូនៅ​កម្ពុជា បានបន្ត​ធ្លាក់ចុះ​ជាថ្មី​ពាក់​កណ្តាល​ឆ្នាំ២​០១​៥​​នេះ បន្ទា​ប់ពី​​តំលៃរបស់​វាបានរើប​ទ្បើងកាល​ពីដើមឆ្នាំ​នេះ។

1លោក ជា សាយិន ប្រធាន​សមាគម​​អភិវឌ្ឈន៍​កៅស៊ូ គ្រួសារ​មេមត់ ស្ថិត​ក្នុង​ស្រុក មេ​មត់ ខេត្ត​ត្បូងឃ្មុំ បានថ្លែងឲ្យ​ដឹងនៅ​គេហដ្ឋាន​របស់​​លោក កាលពី​ថ្ងៃទី​១៦ កក្កដា​ កន្លង​មកថា តំលៃ​កៅ​ស៊ូ បានបន្ត​ធ្លាក់ចុះ​ជាថ្មី ជាក់ស្តែង​តំលៃជ័រ​កៅស៊ូទឹក​​បានធ្លាក់​​ចុះពីតំលៃ​៤៨០០ ទៅ​​៥០០០​រៀល​ កាលពី​ដើមឆ្នាំ មកនៅ​ត្រឹម​៤៤០០ ទៅ៤៦០០​​រៀល​ ក្នុង​មួយ​គីទ្បូ​ក្រាម​​នាពេល​នេះ។ ចំណែក​កៅស៊ូ​បង្កក​ចាន​ បានធ្លាក់​ចុះ​ពី​២៦០០​​រៀ​ល កាលពី​ឆ្នាំ​មកនៅ​​ត្រឹម​២០០០​រៀល​ នា​សប្តាហ៍​នេះ។ រីឯ​ជ័រស្ងួត​បានធ្លាក់​ចុះពី​​១៤៥០​ដុល្លារ មកនៅ​​ត្រឹម​​១៣០០​​ដុល្លារ​ក្នុង​មួយ​តោន។ ចំណែក​ជ័រ​កកដុំ​បានធ្លាក់​​ចុះពី​២០០០រៀល​ ​កាល​ពី​​ដើមឆ្នាំ​មកនៅ​ត្រឹម​១៦០០​រៀលនៅ​សប្តាហ៍នេះ។

លោកបន្ត​ថា ជាមូលហេតុ​ដែលជ័រកៅ​ស៊ូធ្លាក់ចុះ ដោយ​សារ​សមាគម​​គ្មាន​ច្បាប់​​សំរាប់់​នាំចេញ និងផលិត​ផលដែល​យើងផលិត​បានមានចំនួន​នៅមាន​កម្រិត និងការ​ធ្លាក់ចុះ​តំលៃកៅ​ស៊ូនៅ​លើទីផ្សារ​អន្តរជាតិ”​។ លោកបន្ត​ថា ​“សូមរដ្ឋាភិ​បាល​​មេត្តា​​ជួយរកទី​ផ្សារកៅ​ស៊ូ​ជួយ​កសិករ ដើម្បីលើក​ស្ទួយជីវភាព​ប្រជាពល​រដ្ឋ ក៏ដូច​ជា​ចូល​រួម​ចំណែកកាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន”។

លោក ហ៊ាង សុធន អ្នកគ្រប់គ្រង​សិប្បកម្ម​ផលិត​កៅស៊ូ​ស្ងួត ​នៃសមាគម​អភិ​វឌ្ឈន៍​ដំណាំ​កៅស៊ូ​គ្រួសារ​មេមត់ បាន​ថ្លែងថា​ តំលៃកៅ​ស៊ូពិតជា​បានធ្លាក់ចុះ ប៉ុន្តែ​មាន​បញ្ហាកាន់តែ​ធ្ងន់ធ្ងរមួយ​ទៀតកំពុង​កើតទ្បើង គឺមានការ​នាំចេញជ័រ​កៅស៊ូបង្កក​​ចានទៅកាន់​ប្រទេស​វៀតណាម​ដោយខុស​ច្បាប់ ដែលធ្វើឲ្យ​សិប្បកម្ម​របស់លោក  មិ​ន​​មានជ័រ​រាវសម្រាប់​ផលិតនោះ​ទេ។ លោកបន្ត​ថា ការនាំ​ចេញជ័របង្កក​បង្កបាន​ធ្វើ​ទ្បើងផ្ទុយ​នឹងអនុក្រិត​របស់រាជ​រដ្ឋាភិបាល ដែលហាម​នាំចេញជ័រ​កៅស៊ូ​បង្កកចាន​​ទៅក្រៅ​ប្រទេស ព្រោះវា​ធ្វើឲ្យបាត់​បង់ចំណូល​របស់រដ្ឋ។

លោក លី ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​​ ធ្លាប់បាន​ថ្លែងថា តំលៃជ័រ​កៅស៊ូបាន​ធ្លាក់ចុះ​នៅ​លើទីផ្សារ​អន្តរជាតិ ដែលធ្វើឲ្យ​ប្រ​ទេស​ផលិតកៅស៊ូ​ធំៗនៅតំបន់​អាស៊ី បានជួប​ប្រជុំគ្នា​កាលពីខែ​ឧសភា ដើម្បី​រកវិធី​​សាស្រ្ត​ជួយ​តំលៃ​កៅស៊ូ​ទ្បើងវិញ។ លោកបន្ត​ថា កិច្ចប្រជុំនា​ពេលនោះ​បានដាក់ចេញ​​នូវផែនការ​យុទ្ឋសាស្រ្ត​ជាច្រើន ក្នុងនោះ​យុទ្ឋ​សាស្រ្ត​មួយក្នុង​ចំណោម​យុទ្ឋសាស្រ្ត​​ទាំងនោះគឺ​ជំរុញការ​ប្រើប្រាស់​ក្នុងស្រុក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative