អង្គការ ​Save the Children និង​ក្រុមហ៊ុន​ GSK ធ្វើ​យុទ្ធនា​ការ​​កាត់​បន្ថយ​មរណភាព​កុមារ

អង្គការ Save the Children សហការ​ជាមួយ​ក្រុមហ៊ុន​ GSK បានប្រកាស​​​បើក​យុទ្ធនា​ការ​​ផ្ដល់​ប្រាក់​រង្វាន់​ប្រចាំឆ្នាំ​លើក​ទី​៣ ចំនួន ​១លាន​​​ដុល្លា​​​សម្រាប់​ «​គម្រោង​​គំនិតច្នៃ​ប្រឌិត​ក្នុង​ការថែទាំ​សុខភាព​​» ដល់អង្គការ​ណាដែល​មាន​គំនិត​ច្នៃប្រឌិត​នៅក្នុងការ​ថែ​ទាំ​សុខភាព​​ក្នុងការ​កាត់​បន្ថយ​មរណ​ភាព​​របស់កុមារ​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។

2ការផ្តល់ប្រាក់​រង្វាន់​ចំនួន​១លាន​ដុល្លា​អាមេរិក គឺជាចំណែក​មួយនៃ​ភាពជា​ដៃគូដ៏​អស្ចារ្យ​បំផុត​​រវាងក្រុម​ហ៊ុន GSK និង​អង្គការ​ Save the Children ​ក្នុងគោល​បំណង​​ជួយ​សង្គ្រោះ​​ជីវិត​កុមារ​​​ក្រីក្របំផុត​ចំនួន​​១លាន​នាក់​ នៅ​លើ​ពិភព​លោក​​ ។

យោងតាម​សេចក្តី​ប្រកាស​ពត៌មាន ចុះថ្ងៃ​ទី១៧ កក្តដា បានឲ្យដឹង​ថាយុទ្ធនា​ការនេះ​បានចាប់​​ពីថ្ងៃទី ១៥ ខែកក្កដា រហូត​ដល់​ថ្ងៃទី​៧ ខែ​កញ្ញាឆ្នាំ២០១៥ នេះត​ទៅដោយ ​​អង្គការទាំង​អស់នៅគ្រប់​បណ្តាប្រទេស​កំពុងអភិវឌ្ឍ​អាចយកជ្រើស​រើស​​យក​​វិធីសាស្ដ្រ​គំរូក្នុងការថែទាំ​សុខភាពប្រកប​ដោយភាពច្នៃ​ប្រឌិតដែលពួក​គេបាន​អនុវ​ត្ត។ វិធីសាស្រ្ត​ទាំងនេះត្រូវតែ​​បង្ហាញ​​​លទ្ធផលជាក់​ស្តែង ​អំពីភាពប្រសើរ​ឡើង​ចំពោះ​អត្រានៃការរស់​រានមានជីវិត​របស់កុមារ​ក្រោមអាយុ​ 5 ឆ្នាំដោយបង្ហាញ​​ថាវិធីសាស្រ្តនេះ​ថាមាននិរន្តរភាព​និងមានសក្តា​នុពលអាច​ពង្រីក ហើយអាច​ចម្លងយកទៅ​អនុវត្ត​ឡើង​វិញបាន។

កាលពីឆ្នាំមុន ប្រភេទជម្ងឺ​​រីករាលដាល​ឈ្មោះ Ebola គឺជា​ឧទាហរណ៍មួយ​នៃ​​តម្រូវការសម្រាប់ស្វែង​រក​វិធីសាស្ដ្រ​​ដោះស្រាយជា​ប្រព័ន្ធ​​នូវ​បញ្ហាប្រឈម​នានា​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ថែទាំសុខភាព​ទាំងមូលធ្លាក់​​ចុះ​អន់ថយ​។

លោក រ៉ាមីល ប៊័រដិន (Ramil Burden) ជាអនុប្រធាន​ប្រចាំ​តំបន់ អាហ្វ្រិក​និងប្រទេស​កំពុងអភិវឌ្ឍ​នៅក្រុមហ៊ុន​GSK បានថ្លែង​ថា «ប្រព័ន្ធ​ថែទាំសុខភាព​ដ៏រឹងមាំគឺជា​ឆ្អឹងខ្នង​នៃដំណើរ​ការសហគមន៍​ដែលកំពុងលូត​លាស់ ប៉ុន្តែមាន​ប្រទេស​ជា​ច្រើន ​នៅ​តែខ្វះបុគ្គលិក​ដែលមានការ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ និង​សេវា​សុខភាព ក៏ដូចជា​​សម្ភារៈ ​ដែលពួកគេត្រូវ​ការដើម្បីគ្រប់​​គ្រង​​បញ្ហា​ប្រឈមនានា​រៀងរាល់ថ្ងៃ​ដែល​ប៉ះពាល់ដល់​​សុខភាព​ ​កុំ​ថាឡើយដល់​ទៅដោះស្រាយ​​គ្រប់គ្រង​​​ ដែលមាន​ផ្ទុះ​​វិបត្តិ​​យ៉ាងឆាប់​រហ័ស​ មានដូច​ជា​ជំងឺ​ Ebola ជាដើម​នោះ​។ តាមរយៈប្រាក់​រង្វាន់នៅឆ្នាំនេះ​យើងសង្ឃឹម​ថានឹងធ្វើការ​កំណត់​ និង​ជួយ​​ផ្គត់​ផ្គង់​​​ដល់​គំនិតច្នៃ​ប្រឌិតដ៏មាន​​ប្រសិទ្ធភាព​បំផុត​​ដែល​​​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខភាព ​ផ្ដល់លទ្ធភាព​​ឲ្យ​អ្នកម្តាយ​ និងកុមារ​​អាច​ទទួល​បាននូវ​សេវាថែទាំ ដែលពួកគេ​ត្រូវការ នៅពេលណា​ដែលពួកគេត្រូវការ​»។

អ្នកស្រី Mavis Owusu-Gyamfi ជានា​​យិកាកម្មវិធី​គោលនយោបាយ​និងគុណភាព​នៅអង្គការ ​Save the ​Children បាន​ថ្លែងថា​: ប្រព័ន្ធសុខភាព​អន់ខ្សោយ ​នាំឲ្យកុមារ​រាប់លាននាក់​​ស្លាប់​ដោយសារ​​ជំងឺ​ដែល​ទប់​​ស្កាត់​បាន​។ វិបត្តិជម្ងឺ​Ebola បានបង្រៀន​យើងថា ការបរាជ័យ​ក្នុងការដោះស្រាយ​បញ្ហានេះ អាច​បង្កឲ្យមាន​វិបត្តិសុខភាព​សាធារណៈ​នៅទូទាំងពិភព​លោកបាន​យ៉ាងងាយ​ស្រួលបំផុត​។ អ្នកស្រីបន្ត​ថា «វាមិនគ្រប់​គ្រាន់នោះទេ បើគ្រាន់​តែផ្តោតទៅ​លើការ​អន្តរាគមន៍តែមួយ​មុខ​មាន​ដូចជា​​​ការជួសជុល​មន្ទីរពេទ្យ និងមន្ទីរសុខ​ភាព​ការផ្តល់​ថ្នាំបង្ការឬថ្នាំ​ព្យាបាល និងការជ្រើស​រើស និងបណ្តុះ​បណ្តាលបុគ្គលិក​ផ្នែកសុខភាព​បន្ថែមទៀតនោះ​​តែយើងត្រូវតែ​ពិនិត្យមើលគ្រប់​ចំណុចទាំងអស់​​នេះ​ដោយរួម​ទាំង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និងការគ្រប់​​គ្រង​​​ដោយ​របៀប​ណា។ ការធ្វើឲ្យមាន​ប្រព័ន្ធសុខភាព​ដែលមានបទដ្ឋាន​ល្អនៅក្នុងប្រទេស​ក្រីក្រគឺជា​កិច្ច​ការ​ចាំបាច់​​ខានមិនបាន​​ ដែល​អាច​ជួយសង្រ្គោះ​​ជីវិតមនុស្សរាប់​លាននាក់​។ គំនិតប្រកប​ដោយ​មហិច្ឆតា​​ទាំងនេះគឺត្រូវ​ការចាំបាច់​​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះហើយ​យើងសង្ឃឹម​ថា​នៅឆ្នាំនេះ ​យើង​នឹងរកឃើញ​នូវ​គំនិត​ជាក់ស្ដែង​​ដែលយើងអាច​​ជួយពង្រីក​​សម្រាប់ការ​អនុវត្ត​​»។

លោក Sir Andrew Witty ជា​សហប្រធាន​និង CEO​ របស់ក្រុម​ហ៊ុន GSK និង​លោក Justin​ Forsyth​​ ជា CEO របស់​​អង្គការ​ Save​ the Children ​ដែលជា​ការគណៈ​វិនិច្ឆ័យ​​ដែល​មាន​សមាជិក​ ជាអ្នកជំនាញ​លើ ​វិស័យ​សុខភាពសាធារណៈ ​វិទ្យាសាស្ត្រ​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ នឹងប្រគល់ប្រាក់​រង្វាន់ទាំងអស់​ឬ​មួយផ្នែក​នៃ​មូលនិធិទៅ​ដល់បុគ្គលម្នាក់ ឬក្រុមអ្នកច្នៃ​ប្រឌិតក្នុង​ការថែទាំ​សុខភាព​ណា​ដែលល្អបំផុត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative