ក្រសួង​ការងារ​ នឹង​ដាក់​គោល​នយោបាយ​​ជាតិ​ ស្តីពី​​មុខរបរ ​និង​​ការងារ​ ជួន​​គណៈ​រដ្ឋ​មន្ត្រី​​អនុម័ត​នៅ​ចុងខែ​នេះ

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈនឹងដាក់​​គោលនយោ​បាយ​​ជាតិ ​ស្តីពី​​មុខរបរ​ និង​​ការងារ ​ជួន​​គណៈរដ្ឋ​មន្ត្រី​​អនុ​ម័ត​​នៅ​ចុង​ ខែ​កក្ត​ដា ​ឆ្នាំ២០១៥ នេះហើយ។

2លោក ​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​បាន​​មាន​ប្រសាសន៍​​បើក​កិច្ច​ប្រជុំ​​គណៈ​កម្មការ​​អន្តរ​ក្រសួង កាលពី​​ព្រឹក​ថ្ងៃ​ទី១៦ ខែ​កក្កដា​ នៅ​​សណ្ឋាគារ​ អ៊ិន​ធឺ​ខន​​ទី​ណុង​តា​ល់ ថាគោល​នយោបាយ​​ជាតិ ស្តីពី​មុខរបរ និង​ការងារ​​នេះ ​ជា​គោល​នយោបាយ​​មួយ​ដ៏​សំខាន់​​ដោយ​ផ្តោត​ទៅលើ​​យុវជន យុវនារី ​របស់​យើង​សំដៅ​​ធានា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​លទ្ធផល​​មានការ​ងារ​​ធ្វើ និង​ការងារ​​សមរម្យ​​ត្រូវបាន​​លើកកម្ពស់​​ក្នុង​ក្រប​ខណ្ឌ​គោល​នយោបាយ​​អភិវឌ្ឍន៍​​ជាតិ​ ​និង​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព។

លោក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​​ទៀតថា តាមរយៈ​​គោ​​នយោបាយ​​នេះ​មាន​​គោល​បំណង​​សំខាន់៣​គឺ​ផ្តល់​ឱកាស​​ការងារ​​សម​រម្យ​ កាន់តែ​ច្រើន​​សម្រាប់​​ប្រជាពលរដ្ឋ ពិសេស​​យុវជន និង​​យុវនារី ។ មួយវិញ​ទៀត បង្កើត​​សមត្ថភាព​​ជំនាញ​​វិជ្ជាជីវៈ​​ដល់​​យុវជន​ យុវនារី​​យើង និង បង្កើន​​ប្រសិទ្ធភាព​​នៃ​ការគ្រប់​គ្រង​ទី​ផ្សា​ការងារ ដើម្បី​ដោះ​ស្រាយ​ការងារ​​ជូន​​ប្រជាពល​រដ្ឋ​ទាំង​​ការរៀបចំ​​មុខរបរ ក៏ដូចជា​​ឱកាស​​ការងារ​កាន់​តែ​ប្រសើរ​ឡើង​​ថែមទៀត។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​ថា នៅពេល​​គោល​នយោបាយ​​នេះ​ចេញ​ទៅ ប្រព័ន្ធ​​នៃ​ការគ្រប់​គ្រង​ទីផ្សារ​ការងារ​​ និង​ព័ត៌​មាន​​ទីផ្សារ​ការ​ងារ​ផ្សេងៗ​នឹង​កាន់​តែ​ល្អ​ប្រសើរ​​ថែម​ម​ទៀត​​ដែល​​យុវជន យុវនារី​​ ងាយស្រួល​​ក្នុងការ​​ស្វែងរក​​ឱកាស​​ការងារ។ លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា ថ្ងៃនេះ​ជា​​ថ្ងៃ​ប្រជុំ​​ក្រុមការងារ​​ពហុភាគី ដែលមាន​​ភាគី សហជីព និយោជក អង្គការ​​អន្តរជាតិ​​ខាង​​ការងារ និង​អន្តរ​ក្រសួង​​ជា​ចុង​ក្រោយ ដើម្បី​​សម្រេច​ទៅលើ​​សេចក្តីព្រា​ង​គោល​នយោបាយ​ជាតិ​​ស្តីពី​​មុខរបរ និង​ការងារ ហើយ​នៅ​​ចុងខែ​នេះ​​នឹងដាក់​​សេចក្តីព្រាង​​គោល​នយោបាយ​​ជាតិ​​ទៅ​កិច្ចប្រជុំ​​អន្តរ​ក្រសួង បន្ទាប់មក​​នឹង​បញ្ជូន​ទៅ​​គណៈរដ្ឋ​មន្ត្រី​ដើម្បី​​សុំ​​សេចក្តី​អនុម័ត​។ លោក​រំពឹងថា​​នៅ​ចុង​ឆ្នាំ​នេះ​គោល​នយោបាយ​​នេះ​នឹង​ដាក់​ឱ្យ​អនុវត្តន៍។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​​សហជីព​​ប្រជា​ធិប​តេយ្យ​​កម្មករ​​កាត់ដេរ​​ក​ម្ពុ​ជា បានបង្ហាញ​​នូវ ការគាំទ្រ​​ចំពោះ​​គោល​នយោ​បាយ​​ជាតិ​នេះ ដោយ​លោក​​លើកឡើង​ថា ជា​គោល​នយោបាយ​ជាតិ​​មួយ​មាន​​សារៈសំខាន់​​ណាស់ ហើយ​​ប្រជាពល​រដ្ឋ កម្មករ និ​យោ​ជិ​ក ចង់​បាន​ជា​យូ​​មកហើយ នឹង​ចង់​ឃើញ​ប្រទេស​មួយ​មាន​​របៀប​របប​​ការអភិវឌ្ឍ​​ជាតិ ប្រកប​ដោយ​​ចីរភាព និង​គុណ​ភាព​។ គោលនយោបាយ​​នេះ​មាន​​លក្ខណៈ​​គ្រប់​ជ្រុង​ជ្រោយ ទាំង​ការ​លើកកម្ពស់​​គុណភាព​​ការងារ ផលិត​ភាព​​ប្រាក់​ឈ្នួល​ លក្ខ​ខណ្ឌ​​ការងារ ការងារ​​សមរម្យ ក៏ដូចជា​​បានដាក់​​បញ្ចូល​​នូវ​វិធាន​ការ​ក្នុង​​ការជំរុញ​ឱ្យ​កម្មករ​​ដែល​ធ្វើ​នៅ​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​​ទៅជា​កម្មករ​​ក្នុង​​ប្រព័ន្ធ​​វិញ សំដៅ​​ធ្វើឱ្យ​ពួក​គាត់​មាន​​កម្រិត​ជីវភាព​​សមរម្យ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative