បើកកម្មវិធី​ប្រកួត​ប្រជែង សរសេរ​អត្តបទ​ភាសា​អង់គ្លេស ដល់​​សិស្ស​​នៅ​ជនបទ

ក្រុមស្ម័គ្រចិត្ត ណាហ្គា​វើល បេះដូង​សប្បុរស ​កាលពី​ពេលថ្មីៗ​នេះ បាន​រៀប​​ចំកម្មវិ​ធី​​ប្រឡង​​សរសេរ​អត្តបទ​ ភាសា​​អង់​គ្លេស ជាលើក​ដំបូង​​​​​សម្រាប់​សិស្ស​វិទ្យា​ល័យ​​ហ៊ុន សែន ព្រែក​​កំពឹស ស្ថិត​ក្នុង​​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​​ដង្កោ ក្រោម​​ប្រធាន​បទ ​“សកម្មភាព​វិជ្ជមាន លើ​បរិស្ថាន​អាចជួយ​សង្គ្រោះ​ផែនដី” ដោយមាន​ការចូល​រួមប្រកួត​ប្រជែង​ពីសិស្សានុ​សិស្ស​ចំនួន​ ៣១៥​នាក់។

លោក​​ប៉ែន​ ចន្ថា​ ជានាយក​រង​នៃ​វិទ្យាល័យ​​សម្ដេច ហ៊ុន សែន ព្រែក​​កំពឹស​ បានឲ្យដឹង​​ថា កម្មវិធីសរសេរ​អត្តបទ​ភាសាអង់​គ្លេស នេះ​ពិតជាមាន​សារសំខាន់​ណាស់សម្រាប់​សិស្សានុ​សិស្ស​ទាំងអស់ និងដើម្បី​ជម្រុញ​លើកទឹកចិត្ត​ឲ្យពួកគេ​ខិតខំរៀន​ភាសា​អង់គ្លេស។ កម្មវិធីនេះ​​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​​ទាំង​អស់​ មើល​ឃើញ​​ពីសារ​សំខាន់​នៃការ​សិក្សា​ភា​សា​អង់​គ្លេស​។ អង់​គ្លេស ​​គឺជាភាសា​អន្តរជាតិ​ដែល​គេ​ប្រើយ៉ាង​ទូលំ​ទូលាយ​សម្រាប់​ទំនាក់​​ទំនង​​ទូ​ទាំង​​ពិភព​លោក​។ ការ​ចូល​រួម​​ចំណែក​​របស់​ក្រុម​ហ៊ុន​​ណាហ្គា​វើល​ សម្រាប់​​សាលារបស់​យើង​ពិត​​ជាមាន​សារ​​សំខាន់​ណាស់ក្នុង​ការអភិវឌ្ឍន៍​ភាសាអង់​គ្លេសក្នុង​ចំណោម​សិស្សានុ​សិស្ស​របស់យើង។

កញ្ញា​ហេង ​តៃ​នោ ​ជាសិស្ស​​ថ្នាក់​ទី​១២“A”​ នៃ​វិទ្យាល័យ​​សម្ដេច​ ហ៊ុន​ សែន​ ព្រែក​​កំពឹស បាន​និយាយ​ថា​កម្មវិធី​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​ដែលបានរៀប​ចំដោយ​ក្រុមហ៊ុន​ណាហ្គាវើល ពិតជា​ផ្តល់នូវការ​សាកល្បង​មួយនៃជំនាញ​សរសេរអ​ត្ថបទ​ភាសា​អង់គ្លេសក្នុង​ចំណោម​​សិស្សានុសិស្ស។ ​​​​ប្រធាន​​បទ «សកម្មភាព​វិជ្ជមាន លើបរិស្ថាន​អាចជួយ​សង្គ្រោះ​ផែនដី​” គឺពិត​ជា​​​មាន​សារ​សំខាន់​ណាស់​​​ ព្រោះវា​ធ្វើឲ្យយើង​​យល់ដឹង​អំពី​ផលប៉ះ​ពាល់ជា​អវិជ្ជមាន​នៃសកម្មភាព​របស់​មនុស្ស​លើបរិស្ថាន​​​។​​​ ចំពោះ​​ខ្ញុំ​ផ្ទាល់​​ ​ខ្ញុំ​តែ​ង​​ចូលរួមក្នុង​ការ​​ដាំ​កូន​ឈើនៅក្នុង​​សាលារៀន​ ក៏ដូចជា​​​​ការអប់រំ​មិត្ត​ភក្ដិរបស់ខ្ញុំ​ផ្សេងៗ​ទៀត​ឱ្យ​ចេះ​​ស្រលាញ់​​បរិស្ថាន»។

កញ្ញាបាន​បន្តថា ​បច្ចុប្បន្ន​នេះភាសាអង់​​គ្លេស​ មានសារ​​សំខាន់​ណាស់​​​ទាំងក្នុងវិស័យ​​​ការងារ និង​វិស័យ​អប់រំ។​ ​ភាសា​​អង់​គ្លេស​គឺ​ជា​យានមួយ​ដ៏មានសារ​សំខាន់សម្រាប់​​យើងដើម្បី​ធ្វើការសិក្សា​​ស្រាវជ្រាវជា​ពិសេស​ប្រ​ទេស​​កម្ពុជា​​នឹង​ចូល​សមាហរណ​កម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​​២០១៥នេះ​។

កញ្ញាបន្ថែមថា​ «ខ្ញុំរំភើប​ណាស់ដែល​បានចូលរួមក្នុង​កម្មវិធីនេះ​។ តាមរយៈកម្ម​វិធីនេះ ខ្ញុំអាចវាយ​តំលៃ​សមត្ថភាព​របស់​ខ្ញុំក្នុង​ការសរ​សេរ​អត្តបទ ហើយខ្ញុំ​នឹងព្យាយាម​អាន និងសរសេរ​បន្ថែមទៀត​ដើម្បី​ពង្រឹង​ជំនាញ​សរសេរ​របស់ខ្ញុំ»។

កញ្ញាបាន​អរគុណ ដល់ណា​ហ្គាវើល សម្រាប់ការ​ផ្តួចផ្តើម​របស់ពួកគេ​ដើម្បីលើកទឹក​ចិត្តពួកយើង​ឲ្យខិតខំរៀន​ភាសា​ អង់​គ្លេស​។ យើងសង្ឃឹម​ថា ណាហ្គា​វើល​នឹងធ្វើកម្ម​វិធីនេះ​ជាទៀងទាត់​សម្រាប់​ពួកយើង​នាពេល​អនាគត។

លោក James Ma នាយកផ្នែក​ទំនាក់​ទំនង​បុគ្គលិក និងការងារ​សង្គម ណាហ្គា​វើល បានមាន​ប្រសាសន៍ថា​ កម្មវិធី​សរសេរ​អត្តបទ​​ភាសា​​អង់គ្លេស​ ដល់សិស្ស​​វិទ្យាល័យ សម្ដេច​ហ៊ុនសែន ព្រែក​កំពឹស ស្ថិត​ក្នុង​​សង្កាត់​ព្រែកកំពឹស ខណ្ឌ​​ដង្កោ​ ជា​​គម្រោ​ង​សាកល្បង​របស់ពួក​យើង។​ ​គោលបំណង​នៃកម្មវិធីនេះ គឺដើម្បីជួយ​ពង្រឹង​ស្តង់​ដា​ភាសា​​អង់គ្លេស និងជំនាញ​សរសេរ​ក្នុងចំណោមសិស្សានុសិស្ស។ ក្នុងកម្មវិធីនេះយើងបានផ្ដល់ប្រធានបទដល់សិស្សានុសិស្សពីរសប្តាហ៍មុនការប្រឡង ពីព្រោះសិស្សានុសិស្ស​មានឱកាស​ដើម្បីធ្វើការ​ស្រាវជ្រាវ​នៅតាមអ៊ិន​ធឺណែត ​និងតាមបណ្ណា​ល័យ​ផ្សេងៗ។ អ្នកឈ្នះ​នឹងទទួល​បានរង្វាន់​ជាសាច់​ប្រាក់សុទ្ឋ។ កម្មវិធីនេះ​គឺមានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីសិស្សានុ​សិស្ស ព្រោះវាថ្មី​សម្រាប់​ពួកគេ។ លោក​បានថ្លែង​ទៀតថា « វាគឺជា​គម្រោង​សាកល្បង​ហើយប្រសិន​បើកម្មវិធី​នេះទទួល​បានជោគជ័យ​យើងនឹង​ពង្រីកទៅ​សាលា​ផ្សេងៗ​ទៀត»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative