ក្រសួង​សង្គមកិច្ច រៀ​ចំ​បង្កើត​​សមាគម​​មនុស្ស​​ចាស់ ​​នៅ​ខេត្ត​​ត្បូងឃ្មុំ

មន្ត្រី​នាយកដ្ឋាន​​សុខុមាល​ភាព​ ​មនុស្ស​ចាស់​​នៃ​ក្រសួង​​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា កាលពី ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៥ បាន​ចុះ​​ផ្សព្វផ្សាយ​​គោលការណ៍ និង​រៀបចំ​​ការបង្កើត និង​គ្រប់​គ្រង​​សមាគម​​មនុស្ស​​ចាស់​នៅ​​ឃុំ​ដូនតី​ និង​​ឃុំ​កក់ ស្រុក​​ពញាក្រែក ខេត្ត​​ត្បូងឃ្មុំ ដែល​ពិធី​​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព​​លោក ចេង ដារ៉ាវុធ ប្រធាន​ស្តីទី​នាយក​ដ្ឋាន​សុខុមាល​ភាព​មនុស្ស​​ចាស់។

4លោក អ៊ុន សំ​អង ប្រធាន​​មន្ទីរ​​សង្គម​កិច្ច​អតីត​យុទ្ធជន​ និង​​យុវនីតិ​សម្បទា​ ខេត្ត​​ត្បូងឃ្មុំ​ បាន​មាន​ប្រសាសន៍​ថា កន្លង​មក​មន្ទីរ​​និង​អាជ្ញាធរ​​មូលដ្ឋាន​​ បាន​ចុះ​​ផ្សព្វផ្សាយ​​យក​​គោល​ការណ៍ លក្ខន្តិកៈ តាម​សៀវ​ភៅ​គោល​ការណ៍​​ណែនាំ​​ដើម្បី​រៀប​ចំ​ការ​បង្កើត និង​​គ្រប់គ្រង​​សមាគម​​មនុស្ស​​ចាស់ ។ លោក​បាន​​បន្តថា​​ បន្ទាប់​ពី​​ប្រជាពល​រដ្ឋ​​បាន​យល់​ច្បាស់​​អំពី​​លក្ខន្តិកៈ​​យើង​ក៏បាន​​រៀបចំ​រចនា​សម្ព័ន្ធ​​គ្រប់គ្រង​នៅ​​ថ្នាក់ឃុំ និង​ភូមិ​​និង​រៀបចំ​​បង្កើត​​សមាគម​​មនុស្ស​​ចាស់​ដាក់​​ដំណើរការ​​តែម្តងទៅ ។

លោក ចេង ដារ៉ាវុធ ប្រធាន​​នាយកដ្ឋាន​​ស្តី​មាន​ប្រសាសន៍​ថា រាជរដ្ឋា​ភិបាល​​កម្ពុជា​​អាណ​តិ្ត​​ទី៥ នៃ​រដ្ឋ​សភា​​បានដាក់​​ចេញ​នូវ​​យុទ្ធសាស្ត្រ​​ស្តីពី​ការ​អភិវឌ្ឍ​​ប្រព័ន្ធ​គាំ​ពារ​សង្គម និង​គោល​នយោបាយ​​ជាតិ​​ប្រជាជន​​ប្រកប​ដោយ​​សមភាព​​យែ​ន​ឌឺរ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​​ការយកចិត្តទុក​ដាក់​ក្នុង​ការ​ជួយ​ជនរង​គ្រោះ និង​ងាយ​រង​គ្រោះ​គ្រប់​​ប្រភេទ​​ដូច​ជា កុមារកំព្រា ស្ត្រី​​មេម៉ាយ ជនពិការ និង​មនុស្ស​​ចាស់​គ្មាន​​ទីពឹង​ជួប​​ការលំបាក ។ លោក​បាន​​បន្តថា​​ក្រសួង​​សង្គម​កិច្ច​​ជម្រុញ មន្ទីរ​​សង្គមកិច្ច និង​អាជ្ញា​ធរ​​មូលដ្ឋាន​​ចុះ​ផ្សព្វ​ផ្សាយ​​គោល​ការណ៍ លក្ខន្តិកៈ រៀបចំ​​ការបង្កើត និង​គ្រប់​គ្រង សមាគម​​មនុស្ស​​ចាស់ ដើម្បី​ជួយ​​ដល់​មនុស្ស​​ចាស់ជរា​​គ្មាន​ទីពឹង​​នៅតាម​​សហគមន៍ ។

លោក ចេង ដារ៉ាវុធ មានប្រសាសន៍​​បន្ថែម​ថា សមាគម​​មនុស្ស​​ចាស់​បើក​ទូលាយ​​សម្រាប់​​មនុស្ស​ចាស់​​មាន​អាយុ​ចាប់​ពី ៥៥ ឆ្នាំ​ឡើង ដោយ​មិន​​ប្រកាន់​​ពី​និន្នា​ការ​​នយោបាយ និង​ប្រកាន់​​សាសនា​​អ្វី​ឡើយ​​ព្រោះ​​សមាគម​មាន​​គោល​បំណង សាមគ្គី​​ជួយ​គ្នា​ដោះ​ស្រាយ​​បញ្ហា​​សុខុមាល​ភាព និង​ការរស់​នៅ​របស់​​មនុស្ស​ចាស់​​កាន់តែ​​ប្រសើរ ។ ប៉ុន្តែ​ទាម​ទារ​​ឱ្យ​អាជ្ញាធរ​​មូលដ្ឋាន​​មាន​ឆន្ទៈ ប្រជាពល​រដ្ឋ​យល់​​អំពី​​លក្ខន្តិកៈ ដើម្បីឲ្យ​សមាគម​​មនុស្ស​​ចាស់​នេះមាន​ដំណើរ​ក​រ​ល្អ​ប្រសើរ ព្រោះថា​កន្លងមក​​មន្ទីរ​​សង្គម​​កិច្ច អតីត​យុទ្ធជន និង​យុវ​​នីតិ សម្បទា ចុះ​រៀបចំ​ការ​បង្កើត និង​គ្រប់គ្រង​​សមាគ​ម​នុស្ស​​ចាស់ ប៉ុន្តែរ​អាជ្ញាធរ​​មូលដ្ឋាន​​គ្មាន​ឆន្ទៈ​​ក្នុងការ​​គ្រប់គ្រង សមាគម​​មនុស្ស​​ចាស់ និង​គ្មាន​ការ​ចូលរួម​​ពី​សមាគមន៍​បណ្តាល​ឲ្យសមាគមន៍​​ដួលរលំ​​ទៅវិញ ។

លោក​ ចេង ​ដារ៉ាវុធ​ បាន​បញ្ជាក់​​ថា បន្ទាប់​ពី​ការ​រៀបចំ​​បង្កើត​​សមាគម​​មនុស្ស​ចាស់​​គឺ​គណៈកម្មាធិការ​​សមាគម និង​អាជ្ញាធរ​​មូលដ្ឋាន​​ត្រូវតែ​តស៊ូ​​ការលំបាក​​ក្នុងនោះ​ត្រូវ​​រៀបចំ​គណៈ​កម្មាធិការ​​ស​មា​គម​ដូច​ជា​ប្រធាន​ អនុ​ប្រធាន ហិ​រញ្ញឹក និង​លេខា​ធិការ ព្រមទាំង ប្រធាន​កិត្តិយស និង​ទីប្រឹក្សា​​ដើម្បី​និរន្ដរ​ភាព​យូរអង្វែង ។

លោក ប្រធាន​​នាយដ្ឋាន​​ស្តីទី មានប្រសាសន៍​ថា សមាគម​​មនុស្ស​​ចាស់​មិន​ត្រូវ​ពឹង ផ្អែក​តែ​​សមាជិក​​បង់ប្រាក់​​វិភាគ​ទាន និង​សប្បុរស​ជន ជួយឧបត្ថម្ភ​​តែប៉ុណ្ណោះ​​ទេ ត្រូវបង្កើត​​គណៈកម្មា​ធិការ​​កៀគរ​ឥណទាន​​សម្រាប់​​អភិវឌ្ឍ​​សមាគម​​ព្រោះ​គណៈ​​ក​ម្មា ធិ​ការ​​កៀគរ​​ឥណទាន​​មាន​សា​រះ​​សំខាន់​​ណាស់​សម្រាប់​​ជួយ​ដល់​​មនុស្ស​ចាស់​ជរា​គ្មាន​​ទីពឹង​បាន​​ចូល​ជា​​សមាជិក សមាគម​​មនុស្ស​ចាស​​មាន​ភាពកក់​ក្តៅ​នៃ​ជីវិត​ចុងក្រោយ​​របស់ខ្លួន ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative