អ្នកជំនាញ​កម្ពុជា ​និង​អូស្ត្រាលី ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​​គ្នា​ទៅ​វិញទៅ​មក​លើ​​វិស័យ​​អប់រំ

ក្នុង​គោលបំណង​​ចែករំលែក​​នូវ​បទ​ពិសោធន៍​ គ្នា​ទៅវិញទៅមក​​លើ​វិស័យ​​អប់រំ​នៃ​​ប្រទេស​​ទាំងពីរ​ កាលពី​​រាត្រី​ថ្ងៃ​ទី១៤ កក្កដា​​នា​​សណ្ឋាគារ ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ រដ្ឋាភិបាល​​អូស្ត្រាលី​ស្ថាប័ន​ IDP Education  បាន​​សហការ​​ជាមួយ​​សមាគម​​អតីត​​និស្សិត​​កម្ពុជា​​ពី​អូស្ត្រា​លី​ និង Austrade បានរៀប​ចំ​ឲ្យ​មាន​​ជំនួប​លើក​ដំបូង​រវាង​​ថ្នាក់ដឹកនាំ​​វិស័យ​អប់រំ​​អូស្ត្រាលី និង​កម្ពុជា ក្រោម​​អធិបតីភា​ពលោកបណ្ឌិត ហង់ ជួន​ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា លោកស៊ី​ម៉ុ​ន ហ្វេ​ឡូ លេខា​ទីមួយ​​នៃ​ស្ថាន ទូត​ អូស្ត្រាលី​​ប្រចាំ​កម្ពុជា​លោក ម៉ៅ ស្រេង អគ្គនាយក​​IDP Education  ព្រមទាំង​​អ្នកពាក់ព័ន្ធ​​វិស័យ​​អប់រំ ​នៃ​ប្រទេស​​ទាំងពីរ​ជា​ច្រើន​ទៀត។

44ជំនួប​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​​តាំង​ពិព័រណ៍ ​ការសិក្សា​​អូស្ត្រាលី​​ កាលពី​ព្រឹក​ថ្ងៃទី១៤ កក្កដា​ ដែលមាន​ស្ថាប័ន​អប់រំ​អូស្ត្រា​លី៤០ ចូលរួម​ចែករំលែក​ពត៌មាន​អំពី​ការសិក្សា​ដល់​និស្សិត​កម្ពុជា។

លោក ម៉ៅ ស្រេង អគ្គនាយក​ IDP ​Education បាន​មាន​ប្រសាសន៍ថា​​នេះ​ជា​លើក​ទីមួយ​ហើយ​​ក្នុង​ឆ្នាំ​២០១៥ ដែលមាន​ជំនួប​​រវាង​ថ្នាក់​ដឹកនាំ​​សាកល​វិទ្យាល័យ និង​​មហា​វិទ្យាល័យ​​របស់​ប្រទេស​​អូស្ត្រាលី​​ និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ សាកលវិទ្យាល័យ​និង​សាលា​បច្ចេកទេស​របស់​ក​ម្ពុ​ជា ដើម្បី​ជួប​​ប្រាស្រ័យ​​ទាក់ទង​គ្នា​​និង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​​ទៅវិញទៅ​មក​លើ​​វិស័យ​សិក្សា​ធិការ សំដៅ​​លើក​កម្ពស់​​គុណភាព សមត្ថភាព​​អប់រំ​កម្ពុជា។

លោក​​បណ្ឌិត​​ ហង់ ​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង ​អប់រំ​​យុវជន​ និង​កីឡា ​បាន​មាន​ប្រសាសន៍​ថា ​ជំនួប​​រវាង​ថ្នាក់​ដឹកនាំ​​វិស័យ​​អប់រំ​​រវាង​​ប្រទេស​ទាំងពីរ​​មាន​សារៈ​សំខាន់​​ដោយ​កម្ពុជា​​នឹង​ទទួល​បាន​បទ​​ពិសោធន៍​​​ពី​ប្រទេស​​​អូស្ត្រាលី ដែល​មិន​​​ត្រឹមតែ​ជា​​​ប្រទេស​​​មាន​ប្រព័ន្ធ​​​អប់រំ​ខ្លាំង​​ល្អ​ប៉ុណ្ណោះ​​​ទេ តែ​ថែម​ទាំង​​ជា​ប្រទេស​​​អភិវឌ្ឍន៍​​​ដែលមាន​​​មេដឹក​នាំ​​ទទួល​ស្គាល់​​ពី​​ពិភព​លោក​​​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង គំនិត​ច្នៃប្រឌិត​ថ្មី។ លោក​រដ្ឋមន្ត្រី​ចាត់ទុកថា​វិស័យ​អប់រំ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូស្ត្រាលី។

លោក​រដ្ឋមន្ត្រី​​បាន​រំលឹក​ថា​​កម្ពុជា​ និង​​អូស្ត្រាលី​​បាន​បង្កើត​​ទំនាក់​ទំនង​​ការទូត​​នៅ​ថ្ងៃ១៥​ មករា ១៩៥២ ដែល​មាន​​រយៈពេល​​ជាង​៦០ឆ្នាំ​មក​ហើយ ក្នុងនោះ​វិស័យ​​អប់​រំ​ជា​អាទិភាព​​មួយ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​​ទាំងពីរ។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​​ផែន​ការ​​កូឡុំបូ​​ (Colombo Plan) ក្នុង​ទសវត្សរ៍​១៩៥០ ពលរដ្ឋ​​កម្ពុជា​​បានចាប់​ផ្តើម​ទៅ​​សិក្សា​​នៅ​ប្រទេស​​អូស្ត្រាលី​​ជា​លើក​ដំបូង​។

លោក​បាន​​បន្តថា​ និស្សិត​​ប្រមាណ​៣០០នាក់ បានជ្រើស​រើស​ទៅ​​បន្ត​ការ​សិក្សា​នៅ​​ប្រទេស​​អូស្ត្រាលី​​ក្នុងមួយ​ឆ្នាំៗ និង​៦០​ នាក់​ ​បានទទួល​​អាហា​រូបករណ៍​​អូស្ត្រាលី។ និស្សិត​​ជាច្រើន​​បានទទួល​​ផល​ប្រយោជន៍​​ពី​ការផ្តល់​​ប្រឹក្សា​​យោបល់​ ​និង​ជំនួយ​​ក្នុងការ​ចុះ​ឈ្មោះ​​ដោយ​​ឥតគិត​ថ្លៃ​ពី​​ស្ថាប័ន​ IDP Education។

លោក​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា លោក ស៊ី​ម៉ុ​ន ហ្វេ​ឡូ លេខា​ទី​មួយ​​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​​កម្ពុជា បានឱ្យដឹង​ថា​ចាប់​តាំងពី​​ឆ្នាំ​១៩៩០​មក អូស្ត្រាលី​ផ្តល់​​អាហារូប​ករណ៍​​ដល់​និស្សិត​​កម្ពុ​ជា​ជាង​៥០០នាក់​​ហើយ​ធនធាន​មនុស្ស​​ទាំងនេះ​​បាន​ជួយ​​អភិវឌ្ឍ​​ និង​លើក​កម្ពស់​​វិស័យ​​អប់រំ​​ប្រទេស​​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​​មានប្រសាសន៍​ថា ​លោក​រីករាយ​​ណាស់​ដែល​​បានឃើញ​​និស្សិត​ទាំងអស់​​វិល​មក​ចូល​រួមចំណែក​​អភិវឌ្ឍ​​ធន​​ធា​ន​មនុស្ស​​របស់​​ក​ម្ពូ​ជា។ ការកសាង​ ​និង​​ជួយ​​អភិវឌ្ឍ​​ធនធាន​មនុស្ស​​តាមរយៈ​​ការអប់រំ ការ​បណ្តុះ​បណ្តាល ការ​បង្កើត​​ការ​ងារ​​នៅតែ​ជា​​អាទិភាព​​ដ៏​សំខាន់​​មួយ​នៃ​​អាណត្តិ​​ទី៥​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative