កម្ពុ​ជាមាន​ជនពិការ​ ជាង​បី​​សែន​នាក់​​ស្មើនឹង​២,០៦​ភាគរយ ​នៃ​ប្រជាពល​រដ្ឋ​​ជាង​១៤​លាន​​នាក់

លោក ឯម​ ច័ន្ទ​មករា អគ្គ​លេខាធិការ​​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​​ជន​ពិការ​​កម្ពុជា​ បាន​ថ្លែង​​នៅក្នុង​ពិធី​​ផ្សព្វ​ផ្សាយ​​ស្តីអំពី​​តួនាទី​​ភារ​កិច្ច​ និង​គោល​នយោបាយ​ ពាក់​ព័ន្ធ​​ពិការ​ ដល់​​ក្រុមការ​ងារ​សកម្មភាព​​ពិការ​ នៃ​​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ កាលពី​​ព្រឹក​ថ្ងៃ​ទី១៥ ខែ​កក្កដា ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​​ប្រទេស​​កម្ពុជា មាន​ជន​ពិការ​​សរុប​​ចំនួ​ន៣០១៦២៩នាក់​​ឬ​ស្មើនឹង​ ២,០៦ភាគរយ​​នៃ​ចំនួន​ប្រជាពលរដ្ឋ​​ជាង ១៤លាន​នាក់ ហើយ​ក្នុង​ចំណោម​​នេះ​ពួកគេ​​កំពុង​​ត្រូវបាន​យក​ចិត្ត​ដាក់​ក្នុង​ការ​លើ​កក​ម្ពស់​ទាំង​សិទ្ធ​រស់​រានមានជីវិត​​សិទ្ធ​បាន​ទទួល​ការងារ​​ និង​ពិសេស​​ពួកគេ​​នៅ​ត្រូវបាន​​គេ​បញ្ចូល​​ក្នុង​កិច្ច​អភិវឌ្ឍន៍​​សង្គមជាតិ​​ក៏ដូចជា​​ពិភព​លោក​ផង​ដែរ។

22លោក​អគ្គលេខាធិការ​​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​​ជនពិការ​​កម្ពុជា​ បានឱ្យដឹង​ថា​ ​នា​កន្លង​មក​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​ បានដាក់​​ចេញ​នូវ​​ផែន​ការ​​យុទ្ធសាស្ត្រ​​ស្តីពី ពិការ​ភាព​២០១៤​-​២០១៨ មាន​ទិស​ដៅ​ជា​​យុទ្ធ​សាស្ត្រ សំខាន់​​ចំនួន​១០​ ដោយបាន​​ផ្តោត​ទៅ លើ​ការ​កាត់​បន្ថយ​ភាពក្រីក្រ​​របស់​ជនពិការ ការផ្តល់​សេវា​​សុខភាព​​ប្រកប​ដោយ​គុណ​ភាព​ និង​​សមភាព ព្រមទាំង​​ការស្តារ​​លទ្ធភាព​​ពលកម្ម​​សប្ប​ទា និង​​សតិប​ញ្ញា ការផ្តល់​សេវា​​យុត្តិធម៌ ការពារ​​ពី​ភាព​​រើស​អើង ការ​ប្រមាថ​​រំលោភ​បំពាន​ ​និង​​ការកេង​ប្រវ័ញ្ច​​លើ​ជន​ពិការ​​ជា​ដើម។ ក្រៅពីនេះ​​ជនពិការ​​ក៏​ទទួល​បាន​នូវ​​ពត៌មាន ការចូល​រួម​ពី​​ជីវភាព នយោបាយ ការ​អភិវឌ្ឍន៍ ការធានា​​សមភាព​​យេនឌ័រ​​ និង​មានការ​​លើកកម្ពស់​​សម​ត្ថ​ភាព​​ស្ត្រី​​និង​​កុមារ​​ពិការ ដល់​ការ​ពង្រីក​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​ជាមួយ​​ថ្នាក់​​អន្តរជាតិ។

យោងតាម​​របាយការណ៍​​ជំរឿន​នៅ​ឆ្នាំ​២០១៣ របស់​ក្រសួង​ផែនការ ​បានបង្ហាញថា​​ជនពិការ​ក​ម្ពុ​ជា​មាន​សរុប​​ចំនួន​ ៣០១៦២៦​នាក់ ​ស្មើនឹង ២,០៦​ភាគរយ ​នៃ​ចំនួន​​ប្រជាជន​សរុប ១៤៦៧៦៥៩១​នាក់​​ក្នុង​​ឆ្នាំ២០១។ ក្នុងនោះ​បុរស​​ពិការ​មាន​​ចំនួន​១៥៧០០៨​នាក់ ស្មើនឹង​ ៥២,២ភាគរយ​ ​និង​ស្ត្រី​ពិការ​​មាន​ចំនួន ១៤៤៦២២​នាក់ ស្មើនឹង៤៧,៩៤​ភាគរយ។ កុមារ​​ពិការ​​អាយុ​០ដល់​១៤ឆ្នាំ​មាន​​ចំនួន ៣២០៥៦​នាក់​ស្មើ​នឹង ១០,៦៣​ភាគរយ​ នៃ​ជនពិការ​​ស​រុប​ដែល​​យើង​អាច​​ធ្វើជា​មូល​ដ្ឋាន​​ក្នុងការ​​កំណត់​​សកម្មភាព​​ជាក់ស្តែង ​និង​ការធ្វើ​​វិនិយោគ​​ប្រកប​ដោយ​ជោគជ័យ​​សម្រាប់​ជន​ពិការ​គ្រប់រូប។

លោក​បាន​បញ្ជាក់​ថា  “ផែនការ​​យុទ្ធសាស្ត្រ​​ស្តីពី​ពិការ​ភាព​២០១៤-​២០១៨​គឺជា​ការបន្ត​ការ​អនុវត្ត​លើ​ផែន​ការសកម្មភាព​​ជាតិ​ស្តីពី​ជន​ពិការ រួមបញ្ចូល​ជន​រងគ្រោះ​ដោយ​សារ​គ្រប់​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​​សង្គ្រាម​ឆ្នាំ២០០៩​ដល់២០១១ និង​​ដែល​បន្ត​​រហូតដល់​ឆ្នាំ​២០១៨។ ផែនការ​យុ​ទ្ឌ​​សាស្ត្រ​ស្តីពី​​ពិការភាព ២០១៤-​២០១៨គឺជា​មូលដ្ឋាន​គ្រឹះ​ និងជា​ឆ្អឺ​ង​​ខ្នង​ដ៏​សំខាន់​​ដែល​មិនអាច​​ខ្វះ​បាន​ក្នុងការ​​ជំរុញ​ស្តីពី​កិច្ច​ការពារ​​ និង​លើកកម្ពស់​​ដល់​ជនពិការ។

លោក ឯម ​ច័ន្ទ​មករា អះអាង​ផង​​ថា ជនពិការ​​កម្ពុ​ជាមួយ​​ចំនួន​បាន​​កំពុង​បំពេញ​ការងារ​សំខាន់ៗ ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ហើយ​​ខ្លះ​ក៏​មាន​តួនាទី​​សំខាន់​ក្នុង​​បណ្តា​ក្រុម​ហ៊ុន​​ឯកជន​​ផងដែរ។ ទាំងអស់នេះ​​ដោយសារ​​ការយកចិត្ត​ទុកដាក់​​ពី​រាជ​រដ្ឋា​​ភិបាល​​កម្ពុជា​ ក្នុងការ​លើក​ស្ទួយ​ដល់​ជន​ពិការ​​និង​ក្រុមគ្រួសារ​​របស់គេ។

លោក ហ៊ុយ ​ហាង​សុង​ រដ្ឋលេខាធិការ​​ក្រសួង​​ការងារ ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍ ​នៅក្នុង​ពិធី​​នោះ​ឱ្យដឹងថា​ បច្ចុប្បន្ន​​ជនពិការ​​កម្ពុជា​មិន​ត្រឹមតែ​​បានទទួល​ការ​ការពារ​សិទ្ធ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ពួកគេ​​ក៏ត្រូវ​វ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​​ជំនាញ​ដើម្បី​​អភិវឌ្ឍន៍​សង្គម​ និង​បំ​ណិ​ន​​ជីវិត ​ដើម្បី​បាន​​ចូលរួម​ដោយ​​ស្មើភាព​ក្នុង​ការ​អប់រំ​​ និង​ជា​សមាជិក​​ក្នុង​សហគមន៍។ លើកកម្ពស់​​ការអប់រំ​​សម្រាប់​ជន​ពិការ ជាពិសេស​​កុមារ​ដែល​​ពិការភ្នែក គ ថ្លង់​ត្រូវ​បាន​ធ្វើឡើង​​ក្នុង​តម្រង់​​និង​ភាសា មធ្យោ​បាយ​ដើម្បី​ឱ្យគេ​ក្លាយជា​មនុស្ស​មាន​សមត្ថ​ភាព​​ក្នុងការ​បំពេញ​ការងារ​នៅ​ក្នុង​ថ្ងៃ​អនាគត។

លោក​រដ្ឋលេខាធិការ​​ឱ្យ​ដឹង​​បន្ថែម​ថា  “មនុស្ស​យើង​ម្នាក់ៗមើល​​ពី​អនាគត​​មិនឃើញ​ទេ​ដូចជា​​នៅថ្ងៃនេះ​​យើង​មាន​រាង​​កាយ​សម្បទា​​​ល្អ​ប៉ុន្តែ​នៅ​ថ្ងៃ​​ខាងមុខ​មិនអាច​​ដឹង​ឡើយ។ ហេតុនេះ​សុំ​កុំ​​មើលងាយ​ជន​ពិការ​ពីព្រោះ​ថា​មនុស្សម្នាក់ៗ​គេ​មិន​ចង់ទេ​​តែបើ​វា​កើត​ឡើង​មកហើយ​​ត្រូវតែ​លើក​ស្ទួយ​គ្នា​ជួយ​​ដល់​គ្នា​ទើប​​សង្គមជាតិ​​យើង​រីកចម្រើន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative